អន្តរជាតិ
វិបត្តិ​​នៅ​តំបន់​មជ្ឈិមបូព៌ា​​អាច​បង្អាក់​​ការផ្គត់ផ្គង់​ប្រេង​ និង​បង្កើន​តម្លៃ​ប្រេង​ឥន្ធនៈ
22, Oct 2023 , 9:59 pm        
រូបភាព
ដោយ: VOA
៥០​ឆ្នាំ​ក្រោយ​ការរាំង​ខ្ទប់​ប្រេង​ដោយពួក​ប្រទេស​អារ៉ាប់​កាលពី​ឆ្នាំ១៩៧៣ វិបត្តិ​បច្ចុប្បន្ននៅ​មជ្ឈឹម​បូព៌ា​ អាច​បង្អាក់ការ​ផ្គត់ផ្គង់​ប្រេង​សាកលនិងជំរុញ​ប្រេង​ឥន្ធនៈ​ឱ្យថ្លៃជាងមុន។ប្រធានទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាននិយាយ​ថាសង្គ្រាមរវាងអ៊ីស្រាអែល​និង​ពួក​ហាម៉ាស់​«មិនមែនជាព័ត៌មានល្អ​ទេ​»សម្រាប់​ផ្សារប្រេង​ឥន្ធនៈដែលមានផល​ប៉ះពាល់​ស្រេច​ហើយដោយការកាត់​បន្ថយ​ការផលិត​ប្រេង​ពីប្រទេស​អារ៉ាប៊ី​សាអ៊ូឌីតនិង​ប្រ ទេសរុស្ស៊ី​និង​សេចក្តី​ត្រូវ​ការ​ច្រើន​ជាងមុន​ពី​ប្រទេស​ចិន។



លោក Fatih Birol នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ IEAមាន​មូលដ្ឋាននៅក្រុង​ប៉ារីស៍បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា​ផ្សារប្រេងនឹងនៅតែមិននឹងន​ ហើយជម្លោះនេះ​អាចជំរុញតម្លៃ​ប្រេងឱ្យ​ខ្ពស់ជាងមុន​«ដែលជាព័ត៌មានអាក្រក់សម្រាប់​អតិផរណា»។
 
លោក​បានថ្លែងថា​ពួក​ប្រទេស​កំពុងអភិវឌ្ឍដែល​ដឹកជញ្ជូន​ប្រេងនិងប្រេង​ឥន្ធនៈ​ឯ ទៀតៗ​ចូល​ក្នុងប្រទេស​នឹងមានផល​ប៉ះពាល់​ច្រើន​បំផុតដោយសារកំណើន​តម្លៃ។​
 
ប្រេង​ឆៅ​ប្រភេទ Brent មានតម្លៃ​លើស៩១ដុល្លារ​ក្នុងមួយ​បារ៉ែល​កាល​ពីថ្ងៃព្រហស្បតិ៍​ទី១៩តុលា ដោយ​ឡើង​ថ្លៃពី៨៥ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃទី​៦​តុលា​គឺ​មួយ​ថ្ងៃមុន​ពួក​ហាម៉ាស់​វាយ​ប្រហារអ៊ីស្រាអែល​ បណ្តាល​ឱ្យជន​ស៊ីវីលរាប់​រយ​នាក់ស្លាប់។
 
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាម​អាកាស​ជា​បន្ទាន់លើ​តំបន់​ Gaza ដោយ​បាន បំផ្លាញ​សង្កាត់​ទាំងមូល​និងសម្លាប់​ជនស៊ីវីល​ប៉ាឡេស្ទីន​រាប់រយ​នាក់​នៅ​ថ្ងៃបន្ទាប់ៗ មក​ទៀត។
 
ការឡើង​ចុះ​តម្លៃ​ចាប់​តាំងពី​ការវាយប្រហារនោះ​មកបាន​ជំរុញតម្លៃប្រេងឱ្យឡើង​ខ្ពស់​ដល់៩៦​ដុល្លារ​ក្នុង​មួយ​ធុង។
 
តម្លៃ​ប្រេង​អាស្រ័យ​លើ​មានការប្រើ​ប្រេងច្រើន​ប៉ុណ្ណា​និង​មាន​ប្រេងប៉ុន្មាន។
 
ការមាន​ប្រេង​ប៉ុណ្ណា​កំពុងរង​ការគំរាម​កំហែង​ដោយសារ​សង្គ្រាមរវាងពួក​ហាម៉ាស់និង​អ៊ីស្រាអែល ទោះជាតំបន់ Gaza គ្មាន​ផលិតកម្មប្រេងឆៅ​ច្រើន​ក៏ដោយ។
 
មាន​ការ​បារម្ភ​មួយ​ថា​ការប្រយុទ្ធ​គ្នា​អាចនាំ​ឱ្យមា​ន​ភាព​សាំញ៉ាំជា​មួយ​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​កន្លែងមួយ​ក្នុង​ចំណោមកន្លែងនានាដែល​មាន​ប្រេង​ច្រើន​ក្នុងពិភពលោក។
 
ការផលិត​ប្រេងឆៅ​ដោយ​ប្រទេស​អ៊ីរ៉ង់​មានការរឹតត្បិត​ដោយការដាក់ទណ្ឌកម្ម​អន្តរ ជាតិ​កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ តែនៅ​តែមាន​ការដឹក​ជញ្ជូន​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ទៅ​ប្រទេស​ចិន​និងប្រទេស​ឯទៀតៗដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com