ជាតិ
បុណ្យអុំទូក
សង្គមជាតិ
កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង បាត់ដំបង សៀមរាប នឹងរៀបចំការប្រណាំងទូក ដើម្បីសាទរពិធីបុណ្យអុំទូក
23, Oct 2023 , 9:19 am        
រូបភាព
 រូបតំណាងពីរដ្ឋបាលខេត្តសៀមរាប
រូបតំណាងពីរដ្ឋបាលខេត្តសៀមរាប
រដ្ឋបាលខេត្តចំនួន៦ នឹងរៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀត តាមខេត្តរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូកនាពេលខាងមុខ។ ក្នុងនោះមានខេត្តកណ្ដាល,ព្រៃវែង និងបាត់ដំបង នឹងរៀបចំឡើងនៅខែតុលា។ ចំណែកឯ កំពង់ស្ពឺ,ស្វាយរៀង និងសៀមរាប នឹងរៀបចំឡើងនៅខែវិច្ឆិកា។

 
រដ្ឋបាលខេត្តនីមួយៗ កំពុងរៀបចំពិធីប្រណាំងទូក តាមទីតាំងរៀងៗខ្លួន។ ក្នុងនោះ មានខេត្តកណ្ដាល នឹងប្រារព្ធពិធីនេះ​ នៅថ្ងៃទី២៩តុលា  នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ចំណែកឯ ពិធីអុំទូកនៅខេត្ត ព្រៃវែង ត្រូវធ្វើឡើងនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ជាមួយនឹង រដ្ឋបាលខេត្តបាត់ដំបង ធ្វើពិធីនេះ ស្ទឹងសង្កែពីចំណុចស្ពានថ្មចាស់ ដល់ស្ពានថ្មថ្មី ក្នុងក្រុងបាត់ដំបង ពីថ្ងៃទី២៨-២៩ ខែតុលា។ 
 
ដោយឡែក កំពង់ស្ពឺ ស្វាយរៀង រៀបចំការប្រណាំងទូក នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា។ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូក នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ហើយនិងខេត្តស្វាយរៀង ធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ចំពោះខេត្តសៀមរាប នឹងរៀបចំការប្រណាំងទូក នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ដែលចំនឹងថ្ងៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ នៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពី ចំណុចស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌។
 
ក្រៅពីការប្រណាំងទូកង ខេត្តនីមួយៗ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាបណ្ដែតប្រទីប បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផលជាច្រើន និងការប្រគុំតន្រ្តី ផងដែរ។ រដ្ឋបាលខេត្តទាំង៦ អំពាវនាវដល់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងបរទេស ឱ្យចូលរួមលេងកម្សាន្ត និងទស្សនាការប្រណាំងទូកឱ្យបានច្រើនកុះករ។ 
 
សូមជម្រាបថា ​ព្រះពិធី​បុណ្យ​ចូល​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ ប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី២៦-២៨ វិច្ឆិកា៕ 
 

Tag:
 ពិធីបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com