សេដ្ឋកិច្ច
អន្តរជាតិ
ពាណិជ្ជកម្មរុស្ស៊ី-ចិន ស្ទើរតែលែងប្រើប្រាក់ដុល្លារទៀតហើយ
23, Oct 2023 , 10:00 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក (de-dollarization) ក្នុងពាណិជ្ជកម្មរុស្ស៊ី-ចិនស្ទើរតែគ្មានទៀតឡើយ ដោយការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសទាំងពីរបច្ចុប្បន្នមានរហូតដល់ ៩៥ភាគរយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Maksim Reshetnikov ។

ព័ត៌មាននេះត្រូវបានផ្តល់ឱ្យដោយលោក Maksim Reshetnikov នៅក្រៅវេទិកាធុរកិច្ចរុស្ស៊ី-ចិននាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ៦៨ភាគរយនៃតម្លៃប្រតិបត្តិការពាណិជ្ជកម្មសរុបរវាងរុស្ស៊ីជាមួយបរទេសត្រូវបានអនុវត្តជារូប្លិ៍ និងប្រាក់យ័ន។ ជាពិសេសនៅក្នុងពាណិជ្ជកម្មជាមួយចិន ការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសទាំងពីរមានរហូតដល់ ៩៥ភាគរយ។ 
 
យោងតាមទិន្នន័យពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ប្រាក់យ័នបានកើនលើសប្រាក់ដុល្លារអាម៉េរិកក្នុងការទូទាត់ការនាំចូលរបស់ប្រទេសជាមួយចិនចាប់តាំងពីឆ្នាំ ២០២២។ នៅឆមាសទី១ ឆ្នាំនេះ បរិមាណជួញដូរប្រចាំថ្ងៃជាមធ្យមនៃរូបិយបណ្ណរូប្លិ៍ជាមួយប្រាក់យ័ននៅលើទីផ្សារប្តូរប្រាក់ម៉ូស្គូបានឈានដល់ជិត ២០០ពាន់លានរូប្លិ៍ (២ពាន់លានដុល្លារ) កើនឡើង ១០០ដងបើធៀបនឹងដើមឆ្នាំ២០២២ ។
 
លើសពីនេះ ប្រជាប្រិយភាពរូបិយប័ណ្ណចិននៅក្នុងពាណិជ្ជកម្មបរទេសរបស់រុស្ស៊ី កើនឡើងគួរឲ្យកត់សម្គាល់ ។ នៅដើមខែតុលា ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (EBRD) បានចេញផ្សាយការសិក្សាមួយ ដោយផ្អែកលើកំណត់ត្រានាំចូលចំនួន ១២លានប្រតិបត្តិការពីរុស្ស៊ី។
 
បន្ថែមពីលើការប្រើប្រាស់ប្រាក់ដុល្លារក្នុងការទូទាត់ទ្វេភាគី ប្រាក់យ័នត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ក្នុងពាណិជ្ជកម្មជាមួយម៉ុងហ្គោលី តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី អេមីរ៉ាតអារ៉ាប់រួម ថៃ ជប៉ុន តាជីគីស្ថាន និងសិង្ហបុរី។ 
 
ក្រៅពីនេះ ប្រាក់យ័នថែមទាំងលេចឡើងជាមធ្យោបាយនៃការទូទាត់ ក្នុងការនាំចូលម្តងម្កាលរបស់រុស្ស៊ីជាមួយអាម៉េរិក សហភាពអឺរ៉ុប និងអង់គ្លេស ដែលមានចំនួនប្រហែល ១ភាគរយទៅ ២ភាគរយនៃប្រតិបត្តិការ។
 
ប្រជាប្រិយភាពរបស់ប្រាក់យ័ន ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការលុបបំបាត់រូបិយប័ណ្ណនៃបណ្តាប្រទេស ដែលបានដាក់ទណ្ឌកម្មលើខ្លួន។ ទីក្រុងមូស្គូបានតែងអះអាងថា ប្រាក់ដុល្លារ និងអឺរ៉ូ ត្រូវបានខូចខាតដោយសារតែការរឹតបន្តឹងពាណិជ្ជកម្មជាមួយរុស្ស៊ី​ ហើយថាខ្លួនលែងជឿទុកចិត្តលើរូបិយប័ណ្ណទាំងនេះទៀតហើយ។ 
 
ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិននៅឆ្នាំនេះ ត្រូវបានព្យាករថា ចំណូលអាចលើសពីគោលដៅដែលបានកំណត់ ២០០ពាន់លានដុល្លារដែលអាចឈានដល់ប្រហែល ២២០ពាន់លានដុល្លារ៕
 

Tag:
 ចិន
  រុស្ស៊ី
  ប្រាក់រូប្លិ៍
  ប្រាក់យ័ន
© រក្សាសិទ្ធិដោយ thmeythmey.com