ជាតិ
សប្ដាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាន
23, Oct 2023 , 11:33 am        
រូបភាព
ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីសប្ដាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ តុលា ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាន ដែលកំពុងប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion)។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននិយាយថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងគាំទ្រដល់សកម្មភាព កាត់បន្ថយ និងគ្មានសំណល់ប្លាស្ទិក និងការរស់នៅប្រកបដោយនិរន្តរភាព នាពេលអនាគត។
 
រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រដល់គំនិតផ្តួចផ្តើមនេះ ក្នុងការកាត់បន្ថយសំណល់បាស្ទិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ « តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា យើងនឹងអាចការពារទន្លេមេគង្គ និងធានា បានថាទន្លេមេគង្គនៅតែបន្តហូរ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ»។ នេះបើតាមលោក អ៊ាង សុផល្លែត។
 
នៅក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ក៏មានពិធីដាំដើមឈើ នៅក្នុងសាលាបឋមសិក្សាជ្រោយចង្វារផងដែរ។
 
តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧,០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ បើតាមក្រសួងបរិស្ថាន សំណល់ប្លាស្ទិកទាំងនោះនឹងបំលែងជាមីក្រូប្លាស្ទិកតូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានឆ្លងដែនដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕

Tag:
 អ៊ាង សុផល្លែត
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com