ជាតិ
ប្រធានសមាគមតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បកស្រាយពីករណីដណ្ដើមភ្ញៀវគ្នា!
23, Oct 2023 , 3:28 pm        
រូបភាព
 លោក គីម ផល្លី ប្រធានសមាគមដឹកភ្ញៀវ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងរូបកាត់បញ្ជូលពីករណីចោទប្រកាន់ ចេញផ្សាយដោយហ្វេសប៊ុកផេក Cambo Times។
លោក គីម ផល្លី ប្រធានសមាគមដឹកភ្ញៀវ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងរូបកាត់បញ្ជូលពីករណីចោទប្រកាន់ ចេញផ្សាយដោយហ្វេសប៊ុកផេក Cambo Times។
សៀមរាប៖ កាលពីប៉ុន្មានថ្ងៃនេះ មានវីដេអូមួយ បង្ហោះពីសកម្មភាពដណ្ដើមភ្ញៀវ ដែលធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិសៀមរាបអង្គរ។ តាមរយៈវីដេអូនោះ គេឃើញមានអ្នករត់ Pass app បានដឹកភ្ញៀវបរទេសចេញពីព្រលានយន្តហោះនោះ ក្រោយភ្ញៀវបានកក់ (Booking app) តាមរយៈបច្ចេកវិទ្យាទូរសព្ទដៃ ។ សកម្មភាពនេះ បានធ្វើឱ្យលោក គីម ផល្លី ប្រធានសមាគមតាក់ស៊ី ដែលបង់ថ្លៃសេវាឱ្យទៅក្រុមហ៊ុនអាកាសយានដ្ឋានថ្មីនេះ មិនពេញចិត្តហើយតាមថតសកម្មភាពអ្នករត់Pass App ដែលមកដណ្តើមភ្ញៀវពីខាងសមាគមខ្លួន។

 
ក្រោយមានការចែកចាយពីវីដេអូនោះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមបានរិះគន់ទៅលើលោក គីម ផល្លី ដែលហាមអ្នករត់Pass app ពីខាងក្រៅ មកដណ្ដើមភ្ញៀវក្នុងព្រលានយន្តហោះនេះ។ ជុំវិញបញ្ហានេះលោក ផល្លី បានបកស្រាយថា មូលហេតុដែលលោកថតរូប និងហាមអ្នករត់ម៉ូតូPass app ពីខាងក្រៅចូលមកដណ្ដើមភ្ញៀវពីព្រលានយន្តហោះនេះ ដោយសារតែពួកគេមិនបានបង់ថ្លៃសេវាឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ត្រឹមត្រូវឡើយ ខណៈខាងសមាគមលោក បង់ថ្លៃសេវា៣ម៉ឺនដុល្លារក្នុងមួយខែ។


 
 
ដូច្នេះទើបលោក បារម្ភថា បើបណ្ដោយឱ្យក្រុមអ្នករត់Pass app ពីខាងក្រៅមកដណ្ដើមភ្ញៀវបែបនេះ វានឹងប៉ះពាល់ដល់របររកស៊ីរបស់សមាគមតាក់ស៊ីលោកដែរ។ លោកអធិប្បាយដូច្នេះ៖ «នៅទីនេះស្រាប់តែគាត់ចូលមកដណ្ដើមចាប់ភ្ញៀវ ដល់អ៊ីចឹងទៅខ្ញុំក៏ប្ដឹងទៅក្រុមហ៊ុនថាខ្ញុំបង់ពេញថ្លៃ៣ម៉ឺនជាង ហើយខាងគេគ្មានបង់លុយសូម្បីមួយសេន ហេតុអ្វីឱ្យគេមកចាប់ភ្ញៀវ? (ក្រុមហ៊ុន)ឱ្យថតសិនមក អ៊ីចឹងខ្ញុំថត ហើយខ្ញុំថតនេះគឺថតឱ្យក្រុមហ៊ុន។ ខ្ញុំគ្រាន់តែថតហើយ ខ្ញុំមកវិញមិនបានទៅកាក់ភ្ញៀវ ឬរារាំងទេ»។ 
 
តែយ៉ាងណាប្រធានសមាគមតាក់ស៊ីរូបនេះ បានបញ្ជាក់ថា ដ្បិតលោកថតរូបអ្នករត់ Pass App ពីខាងក្រៅមកដណ្ដើមភ្ញៀវក្នុងព្រលានយន្តហោះមែន តែលោកគ្រាន់តែថតធ្វើជាភស្តុតាងផ្ញើទៅក្រុមហ៊ុនអាកាសចរណ៍ឱ្យបានដឹងប៉ុណ្ណោះ ហើយក៏គ្មានបំណងថតភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិនោះឡើយ ។
 
ប៉ុន្តែវីដេអូ ដែលបានបែកធ្លាយលើបណ្ដាញសង្គមនោះ លោក ផល្លី អះអាងថា ជាវីដេអូ ថតដោយក្រុមអ្នករត់Pass App ពីខាងក្រៅ ដែលមកដណ្ដើមភ្ញៀវក្នុងព្រលានយន្តហោះ ដើម្បីវាយប្រហារមកលើខាងសមាគមលោក។
 
បច្ចុប្បន្ន ភាគីក្រុមហ៊ុនអាកាសយានដ្ឋាន បានដោះស្រាយបញ្ហានេះហើយ ក្រោយផ្ទុះការតវ៉ាពីសមាគមលោក ទៅកាន់ក្រុមហ៊ុន។ ក្រុមហ៊ុន មិនគិតប្រាក់បង់ថ្លៃសេវា ពីខាងសមាគមតាក់ស៊ីរបស់លោក ផល្លី រយៈពេលមួយខែ។ ដោយឡែកភាគីខាងមន្ទីរទេសចរណ៍ ក៏កំពុងទាក់ទងទៅកាន់ម្ចាស់គណនី ដែលបង្ហោះវីដេអូនោះ ឱ្យចូលខ្លួនមកដោះស្រាយបញ្ហា និងលុបចោលវីដេអូចោទប្រកាន់ទាំងនោះវិញ។ នេះបើតាមលោក ផល្លី។ 
 
លោក ផល្លី បន្ថែមថា សមាគមខ្លួន នឹងជជែកជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិម្ដងទៀត ដើម្បីពិចារណាទៅលើតម្លៃតាក់ស៊ី ដែលខាងក្រុមហ៊ុនបានកំណត់ ហើយត្រូវបានមហាជនស្នើឱ្យពិចារណាលើតម្លៃដឹកជញ្ជូននេះឡើងវិញ។ 
 
គួរជម្រាបផងដែរថា បន្ទាប់ពីបើកដំណើរការជាផ្លូវការ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ដល់សិទ្ធិដឹកជញ្ជូនភ្ញៀវពីព្រលានយន្តហោះ ចូលក្រុងសៀមរាប ទៅឱ្យសមាគមដឹក ជញ្ជូនទេសចរ។ តម្លៃសេវាតាក់ស៊ីរថយន្តធុនតូច ក្រោម៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូច ពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។  ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិផ្ទាល់៕
 
 
 
 

Tag:
 ThmeyThmey
  សមាគមដឹកអ្នកដំណើរ
 ​ ព្រលានថ្មី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com