ជាតិ
រដ្ឋបាលខេត្តក្រចេះ ប្រាប់ឱ្យរុះរើបណ្ដាញអគ្គិសនី និងផ្ទាំងប៉ាណូ ដែលប៉ះពាល់ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ
23, Oct 2023 , 7:39 pm        
រូបភាព
រដ្ឋបាលខេត្តក្រចេះ ប្រាប់ឱ្យរុះរើអង្គភាពអគ្គិសនី អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិក និងក្រុមហ៊ុនបំពាក់ និងដំឡើងផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទ រុះរើ ឬរំកិលបណ្ដាញ និងផ្ទាំងប៉ាណូចេញ ពីតាមបណ្ដោយផ្លូវមួយចំនួន ដែលប៉ះពាល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

បើតាមរដ្ឋបាលខេត្តក្រចេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វខេត្តក្រចេះ មានប្រវែង១៧៦១ម៉ែត្រ និងបណ្ដោយផ្លូវប្រវែងសរុប ៣១, ៦៩គីឡូម៉ែត្រ កំពុងស្ថិតនៅក្នុងដំណាក់កាលអនុវត្តដោះស្រាយផលប៉ះពាល់ និងការពន្លឿនការសាងសង់តាមដងផ្លូវ។ គម្រោងសាងសង់ស្ពាននេះ ជាជំនួយសម្បទានពីរដ្ឋាភិបាលចិន។
 
សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលខេត្តក្រចេះ នៅថ្ងៃទី២៣ តុលា បានបញ្ជាក់ថា ផ្លូវដែលស្ថិតនៅក្នុងគម្រោងសាងសង់ មាន មហាវិថីសម្ដេចតេជោហ៊ុនសែន ចាប់ពីរង្វង់មូលខ្លាស្ទុះ ដល់រង្វង់មូលព្រាបស ។ ផ្លូវលេខ២ (ផ្លូវវត្តប៉ាឆា) , ផ្លូវលេខ៧៣ និងផ្លូវព្រះសុរាម្រឹត ។
 
រដ្ឋបាលខេត្តក្រចេះ ស្នើឱ្យអង្គភាព និងក្រុមហ៊ុនខាងលើ ចុះរុះរើ ឬរំកិលបណ្ដាញអគ្គិសនី ទឹក និងខ្សែអុបទិក និងផ្ទាំងប៉ាណូ ឱ្យបានត្រឹមថ្ងៃទី១៥ វិច្ឆិកា ។ បើមិនដូច្នេះទេ អាជ្ញាធរខេត្ត នឹងចុះអនុវត្តការងារ ដោយមិនទទួលខុសត្រូវលើបណ្ដាញរបស់ក្រុមហ៊ុនទាំងនោះឡើយ។
 
គម្រោងសាងសង់ផ្លូវតភ្ជាប់ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ គឺជាជំនួយឥណទានសម្បទាន ​ពីរាជរដ្ឋាភិបាលចិន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ បច្ចុប្បន្ននេះ ស្ពានឆ្លងក្នុងខេត្តក្រចេះ បានសម្រេចការសាងសង់ ជិត២០ភាគរយហើយ។ ស្ពាននេះមានគម្រោងសាងសង់ រយៈពេល៤២ខែ ដោយចំណាយទឹក១១៥លានដុល្លារ ។ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ជាអ្នកទទួលភារកិច្ចសាងសង់ និងត្រួតពិនិត្យដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
 

Tag:
 ស្ពាន
  មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com