ជាតិ
សិល្បះ
មហោស្រព​ «បាត់ដំបងក្នុងក្តីស្រមៃ» តាំងបង្ហាញ​ស្នាដៃ​៥ ដែលផ្សារភ្ជាប់សិល្បៈ និងការអភិវឌ្ឍ
23, Oct 2023 , 5:30 pm        
រូបភាព
ដោយ: រួបរួម
មហោស្រព​សិល្បៈមួយ​ត្រូវបាន​រៀបចំឡើងនៅកណ្តាល​ក្រុង​បាត់ដំបង​កាលពីថ្ងៃទី២១ ខែតុលា ក្នុងគោលដៅលើកស្ទួយការសន្ទនាជាមួយប្រជាពលរដ្ឋ ស្តីពីមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត តាមរយៈសិល្បៈ។ មហោស្រពនេះ មាន​ការ​តាំងបង្ហាញស្នាដៃសិល្បៈចំនួន​៥ អមដោយទស្សនីយភាពសៀក ដោយមានអ្នកចូល​រួមជាង​១០០០នាក់ ហើយ​ការ​តាំងបង្ហាញ​នឹង​បន្ត​រហូត​ដល់ថ្ងៃទី​២៨ ខែតុលា នៅ​សួនសម្តេច ក្រឡាហោម ស ខេង ក្រុង​បាត់ដំបង។

 
 
មហោស្រព «បាត់ដំបងក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត» គឺជាព្រឹត្តិការណ៍មិនធ្លាប់មាន ដោយ​កើតឡើង​ក្រោម​គម្រោងផ្តួចផ្តើមគំនិតរបស់​អង្គការហ្វារពន្លឺសិល្បៈ សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងទទួលបានការគាំទ្រពីមូលនិធិ Métis ដែលជាគំនិតផ្តួចផ្តើមតែមួយគត់ដែលផ្សារភ្ជាប់សិល្បៈ និងការអភិវឌ្ឍ។



តាម​សេចក្តី​ប្រកាសព័ត៌មាន​រួមមួយ ការ​ជ្រើស​រើស​ក្រុង​បាត់ដំបង ដោយ​សារតែក្រុងមួយនេះ  ត្រូវបានទទួលស្គាល់តាមរយៈការចូលរួមចំណែកផ្នែកសិល្បៈ និងស្ថាបត្យកម្ម ហើយ​មហោស្រពសិល្បៈនេះ បង្ហាញអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ខេត្ត ដោយមានទំនាក់ទំនងជាមួយវិស័យអន្តរាគមន៍របស់ AFD នៅក្នុងតំបន់ រាប់បញ្ចូលការគ្រប់គ្រងធនធានទឹក អប់រំ និងលទ្ធភាពទទួលបានអគ្គិសនី។
 


គម្រោង​លេចចេញជារូបរាង ក្រោយឆ្លងកាត់ពី​រដំណាក់កាលសំខាន់ៗ។ ដំណាក់កាលទី១ ជា​ដំណើរការច្នៃប្រឌិតមិនធ្លាប់មាន ដោយ​ចាប់ផ្តើមពីសិក្ខាសាលាមួយដែលមានឈ្មោះថា Phare Design Lab ខេត្តបាត់ដំបង កាលពីខែមករា ក្រោម​កិច្ច​សហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងសាលាជំនាញសិល្បៈ ទស្សនីយភាព។ 
 


ក្នុងអំឡុងមួយសប្តាហ៍ និស្សិតប្រមាណ២០នាក់បានជួបជុំគ្នាដើម្បីរៀបចំការដាក់បង្ហាញ​ស្នាដៃសិល្បៈមួយនៃកម្ពុជា ដែលសមស្របសម្រាប់អនាគត។ ក្រោយរយៈពេលមួយសប្តាហ៍នៃការងារដ៏មមាញឹកនេះ ដោយរាប់បញ្ចូលទាំងការស្រាវជ្រាវនៅនឹងកន្លែង ការប្រមូលផ្តុំគំនិត និងការផលិតចេញនូវស្នាដៃ ស្នាដៃសិល្បៈទស្សនីយភាពរស់រវើកចំនួន៧ ត្រូវបានបង្ហាញជូនសាធារណជន។ ស្នាដៃសិល្បៈទាំងនេះត្រូវបានដាក់តាំងនៅក្នុងឧទ្យានស្ថានទូតបារាំងកាលពីខែកុម្ភៈ នាអំឡុងនៃការប្រារព្ធខួប៣០ឆ្នាំរបស់ AFD នៅកម្ពុជា។ 



ឈាន​ដល់​ដំណាក់កាលទី២ ជាការដឹកនាំសិល្បៈតាមរយៈគម្រោង Métis ដើម្បីផលិតសាជាថ្មីនូវស្នាដៃសិល្បៈក្នុងទ្រង់ទ្រាយធំ។ សិល្បករអាជីពបីរូបបានកៀរគរគ្នាដើម្បីជួយជ្រោមជ្រែងនិស្សិតក្នុងការបង្កើត កសាង និងដាក់តាំងស្នាដៃទាំងនេះ។ ទីបំផុតទៅ ស្នាដៃសិល្បៈចំនួន៥ប៉ុណ្ណោះត្រូវបានរក្សាទុក ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ផ្នែកសិល្បៈ បច្ចេកទេស និងថវិកានៃគម្រោង។
 
ស្នាដៃសិល្បៈទាំងនេះមានចំ​នួន៥ រួមមាន «បាក់ព្រា» «មានអគ្គិសនី មានការកែច្នៃ» «ជំនាន់ថ្មី សករាជថ្មី» និង «តំណក់ជីវិត» ដែល​បង្ហាញអំពីទិសដៅនៃការអភិវឌ្ឍខេត្តបាត់ដំបងនៅក្នុងវិស័យសំខាន់ៗនៃការគ្រប់គ្រងការនេសាទ លទ្ធភាពទទួលបានអគ្គិសនី ការអប់រំ និងការគ្រប់គ្រងធនធានទឹក។ ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារធម្មជាតិ និង/ឬវត្ថុចាស់ៗ។  


 
រីឯស្នាដៃសិល្បៈទី៥ «ដីមាស» មានការចូលរួមយ៉ាងខ្លាំងពីពលរដ្ឋ។ អ្នកចូលរួមមហោស្រពត្រូវបានអញ្ជើញឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងស្នាដៃនេះ។ ពួក​គាត់​បានទស្សនាព្រៃមួយធ្វើឡើងពីវល្លិ៍ និងមែកឈើ ដោយមានពិលបំភ្លឺមួយ។  
 
ជាមួយគ្នានេះដែរ អង្គការ​ហ្វារពន្លឺសិល្បៈ បាន​រៀបចំទស្សនីយភាពសៀក ដែល​បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពធំធេងផ្នែកសិល្បៈនៃស្នាដៃទាំង៥នេះ។ 
 


​លោកស្រី Eng Rith Daneth សិល្បការិនីអាជីព ដែល​អ្នកផ្តល់ការណែនាំនៅក្នុងគម្រោងខាងលើ បាន​វាយតម្លៃពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងការត្រិះរិះពិចារណារបស់សិស្សស្តីពីបញ្ហាសង្គម និងសហគមន៍ ដែលបានធ្វើឱ្យវិធីសាស្រ្តសិល្បៈរបស់ពួកគេមានភាពសម្បូរបែបយ៉ាងខ្លាំង។
 
លោកស្រី​បានបញ្ជាក់ថា៖ «កិច្ចពិភាក្សារបស់ពួកយើងបានផ្តោតលើសារសំខាន់ក្នុងការទទួលស្គាល់សិល្បៈនៅក្នុងបរិស្ថាន ដែលអនុញ្ញាតឱ្យមានការបង្កើតស្នាដៃសិល្បៈ ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងបរិបទសង្គម» ៕  
 

Tag:
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com