ជាតិ
មន្ត្រីជាន់ខ្ពស់កសិកម្ម ជំរុញឱ្យពង្រឹងការទប់ស្កាត់ ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់
23, Oct 2023 , 10:00 pm        
រូបភាព
លោក គង់_ ច័ន្ទវាសនា_ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សា_ស្តីពី_ ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម_ និងជីកសិកម្ម_ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ តុលា ២០២៣។
លោក គង់_ ច័ន្ទវាសនា_ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សា_ស្តីពី_ ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម_ និងជីកសិកម្ម_ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ តុលា ២០២៣។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ពង្រឹងការទប់ស្កាត់ ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់ មកកម្ពុជា។ លោក គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ស្តីពី​ ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម​ និងជីកសិកម្ម​ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ តុលានេះ។


លោក គង់ ច័ន្ទវាសនា បានណែនាំឱ្យមន្ត្រី បើកវគ្គបណ្តុះបណ្តាលដល់អ្នកលក់ធាតុចូលកសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករ លើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។
 
ជាមួយគ្នានេះ លោក ជំរុញឱ្យមន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំធាតុចូលកសិកម្មខុសច្បាប់ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ មិនតែប៉ុណ្ណោះ ការលក់ផលិតផលតាមអនឡាញ( Online) មិនមានចុះបញ្ជីការ, ការក្លែងបន្លំគុណភាព ដែលនាំឱ្យមានការប៉ះពាល់សុខភាព បរិស្ថាន និងបញ្ហាផ្សេងៗ ក៏ត្រូវត្រួតពិនិត្យ និងទប់ស្កាត់ផងដែរ។ រដ្ឋលេខាធិការកសិកម្មរូបនេះ ក៏បានណែនាំឱ្យពិនិត្យលទ្ធភាពលើសុពលភាពបញ្ជីការ ឱ្យលើសពី ៣ឆ្នាំទៀតផង។
 
«ជាយន្តការអគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាល្អទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដានការត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់និងធាតុចូលកសិកម្ម ដល់អាជីវករនិងកសិករអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យបានល្អបំផុត»។ នេះបើតាមលោក វាសនា។
 
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ ក៏ជំរុញឱ្យមន្រ្តី ផ្ដោតការយកចិត្តទុកដាក់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ។ ជាពិសេសការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ៕

Tag:
 (កសិកម្ម
  ព្រំដែន)
© រក្សាសិទ្ធិដោយ thmeythmey.com