ជាតិ
អាជ្ញាធរសូទ្រនិគមនៅតែជួយសម្រួលពលរដ្ឋទៅមើលព្រលានថ្មី តែសុំការយោគយល់មួយចំនួន
23, Oct 2023 , 6:26 pm        
រូបភាព
អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានបញ្ជាក់ពីការខិតខំរបស់ខ្លួនក្នុងការជួយសម្រួលដល់ពលរដ្ឋ ដែលនាំគ្នាទៅទស្សនាសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងទឹកដីភូមិប្រវ៉ាល ឃុំតាយ៉ែក។



តាមទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម លោកអធិការស្រុក ឃីម ផល្លា ដឹកនាំបញ្ជាដោយផ្ទាល់លើកងកម្លាំងផ្នែកអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលតាមឃុំ និងកម្លាំងប្រជាការពារ ដើម្បីពិនិត្យ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ដល់ពលរដ្ឋដែលមានចំនួនកាន់តែច្រើន នាំគ្នាទៅទស្សនាព្រលានថ្មី។



«ក្រុមការងារយើងខ្ញុំស៊ូស្រក់ញើស គ្មានត្អូញត្អែរ គ្មានការនឿយហត់ តែក៏សូមសំណូមពរដល់បងប្អូនទាំងអស់ដែលអញ្ជើញមកទស្សនាមេត្តាជួយសហការ និងយោគយល់»។ ការយោគយល់ដែលអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម លើកឡើងនោះ មានដូចជា ការមិនអនុញ្ញាតឲ្យលក់ដូរ និងចតយានយន្ត កង់ លើដងផ្លូវកៅស៊ូ (ផ្លូវហាយវេ) រួមទាំងសំណូមពរកុំឱ្យបោះចោលសំរាមពាសវាលពាលកាល។

«ជួយសហការជាមួយក្រុមការងារយើងខ្ញុំ ដើម្បីរៀបចំទុកដាក់ចំណតយានយន្ត និងកង់អោយមានរបៀបរៀបរយ ជៀសវាងការកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់មិនល្អលើផ្លូវអាកាសយានដ្ឋានសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឆ្លងកាត់»។ នេះជាការស្នើរបស់អធិការដ្ឋានស្រុកសូទ្រនិគម។


អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ក៏បានកត់សម្គាល់ផងដែរថា គ្មានអ្វីដែលត្រូវហាមប្រាមពលរដ្ឋទៅមើលព្រលានយន្តហោះជាប្រវត្តិសាស្ត្រនៅក្នុងខេត្តនោះឡើយ ហើយម្យ៉ាងទៀតពលរដ្ឋទាំងនោះ ក៏មិនបង្កបញ្ហា ឬបង្កើតជាចលាចលនោះដែរ។

«ខាងគណៈគ្រប់គ្រងព្រលាននិងរដ្ឋបាលស្រុកបានរៀបចំ សណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ មន្ទីរពាក់ពន្ធ័ក៏បានរៀបចំដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសពុកម៉ែបងប្អូនដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្ត៕




© រក្សាសិទ្ធិដោយ thmeythmey.com