ជាតិ
ពីនេះ ពីនោះ
ឡេបឡេម, ឡេមឡឺម, ឡេះឡោះ, ឡេះឡះ, ឡិកឡក់, ឡិមឡុំ, ឡឺនឡក់..
25, Oct 2023 , 7:29 am        
រូបភាព
សារព័ត៌មានឌីជីថលថ្មីៗ ដោយ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា សូម​លើកយកពាក្យ​ដែលភ្ជាប់ដោយអក្សរ «ឡ» ផ្ទួនគ្នា មក​ពន្យល់​ដូចខាងក្រោម៖

 
-ឡេមឡាម (គុ.) ដែលក្រឡេកក្រឡៅដោយអាការៈភ័យរឡេមរឡាម :  ភ្នែកឡេមឡាម។  តែគេនិយម​ប្រើ​ពាក្យ «រឡេមរឡាម» ជាង។
 
-ឡេមឡឺម (គុ.កិ., គុ.) ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ :  ឈរឡេមឡឺម; មនុស្សឡេមឡឺម។  ប្រាជ្ញពុំស្មើប្របបាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម ជាពាក្យទំនឹមទំនៀមបុរាណ ដែលមានន័យថា អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអម អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ)។  
 
-ឡេវឡៃ (គុ.) ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ :  សម្ដីឡេវឡៃ, មនុស្សឡេវឡៃ។  គេ​ក៏អា​ច​ប្រើជា «ហ្លេវហ្លៃ» ក៏មានន័យ​ដូចគ្នា​ផងដែរ។
 
-ឡេះឡោះ (គុ., គុ.កិ.) ដែលលាយដោយការលេង យកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ :  សម្ដីឡេះឡោះ, និយាយឡេះឡោះ។  
 
-ឡេះឡះ (គុ.កិ., គុ.) ឡះៗក្រៃពេក; ឡះចុះឡះឡើង ឬឡះៗទៅមកៗ :  បង្រះឡេះឡះ, ឈឺឡេះឡះ, ដំណើរឡេះឡះ។  
 
-ឡិបឡុប (គុ.កិ., គុ.) ឡុបៗញ័រមាត់ញ័រ កមិនសូវច្បាស់លាស់ :  និយាយឡិបឡុប; សម្ដីឡិបឡុប; និយាយឡិបឡុបៗពិបាកស្ដាប់ណាស់!  
 
-ឡប់ឡែ (គុ.កិ., គុ.) មិនច្បាស់លាស់ ច្របូកច្របល់ ត្រឡប់ត្រឡិន :  និយាយឡប់ឡែ, ឆ្កួតឡប់ឡែ, សម្ដីឡប់ឡែ។  អ្វីៗដែលគេប្រើសម្រាប់លាក់បាំង បង្វែងដាន ដោះសាជាដើម; ដែលត្រឡប់ត្រឡិន សាចុះសាឡើង:  យកបញ្ហានេះមកធ្វើជាឡប់ឡែ។   ន័យមួយទៀត គឺ របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឱ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ :  ឡប់ឡែបាំងមាត់ទ្វារ, អង្គុយក្នុងឡប់ឡែ។  
 
 
-ឡឺនឡង់ (គុ., គុ.កិ.) ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការៈឆ្ងល់ខ្លាំង ឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ :  ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់។  
 
-ឡិកឡក់ (គុ.កិ., គុ.) ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ (ព្រោះនៅជាក្មេងតូច) :  ក្មេងតូចនិយាយឡិកឡក់; នៅក្មេងឡិកឡក់; និយាយឡិកឡក់ដូចជាកូនក្មេង។
 
-ឡប់ៗ (គុ.កិ., គុ.) ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់ :  និយាយឡប់ៗ, សម្ដីឡប់ៗ។  
 
-ឡិមឡុម ឬ ឡិមឡុំ (គុ.កិ., គុ.) ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ :  (ព.កា.) សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុម។ ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឱ្យគេធុញទ្រាន់។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើនភ័ន្ត នែៈៗញយៗ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល។  
 
-ឡិងឡង់ (គុ., គុ.កិ.) ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការៈឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ :  ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់។  
 
-ឡិងឡាំង (កិ., គុ.) ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី :  ខ្ញុំទៅជាឡិងឡាំងគិតអ្វីមិនទាន់; គំនិតឡិងឡាំង។  
 
-ឡកឡាយ (កិ.) និយាយឡកដោយពាក្យលែបខាយឬនិយាយឡកឱ្យរឿយៗ :  ឡកឡាយឱ្យដឹងខ្លួន, និយាយឡកឡាយ។  
 
-ឡុបៗ (គុ.កិ., គុ.) ញាប់ៗប្រឡិបប្រឡុប ឬ រឡិបរឡប់ពុំសូវច្បាស់លាស់ :  និយាយឡុបៗ; សម្ដីឡុបៗ។  
 
-ឡុលៗ​ (គុ.កិ., គុ.) ដែលមានសូរក្អុលៗ ឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់ :  និយាយឡុលៗ; សម្ដីឡុលៗ។  
 
-ឡូងឡាង (គុ.កិ.) អំពីសូរស្រែកឡូងៗក្អេងក្អាង :  ស្រែកឡូងឡាង។ និយាយឡូងឡាង និយាយវ៉ូងវ៉ាង។  
 
-ឡូឡា (គុ., គុ.កិ.) ឡូៗខ្លាំងៗ :  និយាយឡូឡា; សម្ដីឡូឡា។  
 
-ឡែបឡប (កិ.) អែបអប, ប្រចុបប្រចែងអែបអបឱ្យតែបានស៊ីបានចាយ :  ឡែបឡបស៊ី, ។ (គុ.) ដែលជាអ្នកអែបអប :  មនុស្សឡែបឡប។  (គុ.កិ.) ដោយអែបអប :  រកស៊ីឡែបឡប។ (ព.កា.) រីមនុស្សឡែបឡបច្រើនតែអែបអប ពោលចាក់បណ្ដោយ ប្រើពាក្យប្រចុប ត្រឡប់មុខក្រោយ កាលបើគេឱ្យ នេះនោះដើរចេញ។  
 
-ឡែមៗ (គុ.) ដែលមានរសផ្អែមបន្តិចៗ, ផ្អែមឡមៗ :  ផ្អែមឡែមៗ (ច្រើនបើ ឡមៗ ជាង)។  ឡែមៗ ជាឧទានសព្ទ គឺ​ពាក្យកូនក្មេងនិយាយបញ្ញែមគ្នាលេង។  
 
-ឡែឡ​ (គុ., គុ.កិ.) ក្អេងក្អាងខ្លាំងៗឥតប្រយោជន៍ ឥតគោរពកោតក្រែង :  សម្ដីឡែឡ; និយាយឡែឡ។  ជាឧទានសព្ទ គឺ​ សូរឡែៗឡៗរឿយៗ, សូររឡែរឡ។    
 
-ឡែឡប់ (គុ., គុ.កិ.) ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឱ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឱ្យឡប់គំនិត :  សម្ដីឡែឡប់; និយាយឡែឡប់។  (កិ.) លីលាប់ :  សត្វទាំងឡាយតែងឡែឡប់កើតស្លាប់ ឥតឈប់ឥតស្រាក (ព.បុ.)។  
 
-ឡែៗ (ឧទានសព្ទ) សូរស្រែកតឹងបំពង់កឮស្អាខ្លាំង :  ស្រែកឡែៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com