ជាតិ
សុខភាព
សម្តេច ហ៊ុន ម៉ាណែត៖ កុំខ្លាច មកទទួល​សេវា ពេទ្យធំខ្នាតអន្តរជាតិ [តេជោសន្តិភាព] គឺសម្រាប់ពលរដ្ឋទាំងអស់
24, Oct 2023 , 9:09 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលសម្តេចបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា នេះ។ ស្ថិតនៅជាប់វិថីឈ្នះឈ្នះលើទំហំជាង៧,៥ហិកតា ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករក ខណ្ឌព្រែកព្នៅ មន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជានេះ មាន១១អគារ និងជិត១ម៉ឺនគ្រែ ហើយបរិវេណអាចចតរថយន្តបានជាង២០០គ្រឿង មានទីតាំងចតឧទ្ធម្ភាគចក្រ អមដោយសួនច្បារបៃតងផងដែរ។



«ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាពដើម្បីទទួលបាននូវសេវាសុខភាព សុខាភិបាលប្រកបដោយគុណភាព»។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព។

«បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយបញ្ជាក់ម្តងហើយម្តងទៀតអំពីគោលនយោបាយរដ្ឋាភិបាលដែលផ្តល់អាទិភាពខ្ពស់លើវិស័យអប់រំ និងសុខាភិបាល។
 
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ធ្វើឡើងស្របគ្នានឹងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦របស់រដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ពោលគឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។


អគារចំនួន១១ក្នុងមន្ទីរពេទ្យ មានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E), អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2), អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A), អគារស្នាក់នៅសម្រាប់បុគ្គលិក (S)។  គ្រែសរុបទាំងមានជិត១ម៉ឺនគ្រែ ដោយភាគច្រើនបំផុតសម្រាប់អ្នកជំងឺ ក្រៅពីនោះ មានសម្រាប់គ្រូពេទ្យប្រចាំការ និងបុគ្គលិកស្នាក់នៅ។

ជាមួយគ្នានេះ បរិវេណមន្ទីរពេទ្យ មានចំណតរថយន្តដែលអាចផ្ទុករថយន្តបានចំនួន២១០គ្រឿង រួមទាំងមានទីតាំងចំណតឧទ្ធម្ភាគចក្រផងដែរ។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទីតាំងចំណតឧទ្ធម្ភាគចក្រអាចទទួលអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់។

ក្រោយរៀបចំពិធីក្រុងពាលីសាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យបម្រើសេវាកម្មតាំងពីចុងខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ជាពិសេសការផ្តល់សេវាព្យាបាលជូនពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។

អគារមន្ទីរពេទ្យ បានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ រួមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺ ថែមទៀតផង៕

 



© រក្សាសិទ្ធិដោយ thmeythmey.com