អន្តរជាតិ
ឥណ្ឌូណេស៊ី​ កំពុងរៀបចំវិធានការ​រក្សា​អតិផរណា​ទាបដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច
24, Oct 2023 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានលើកឡើងនាថ្ងៃទី១០ ខែតុលាថា ឥណ្ឌូណេស៊ីកំពុងរៀប ចំកញ្ចប់គោលនយោបាយដែលមានគោលបំណងរក្សាអតិផរណាឱ្យនៅទាប ការពារអំណាចទិញរបស់ប្រជាជន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។

 
បន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូដូ ប្រធានធនាគារ កណ្តាលលោក Perry Warjiyo និងនិយតករហិរញ្ញវត្ថុផ្សេងទៀត រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាល នឹងចាត់វិធានការដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ ទោះមានការប្រែប្រួល។
 
«យើងប្រាបប្រធានាធិបតីថា យើងនឹងចាត់វិធានការដើម្បីការពារសេដ្ឋកិច្ច រក្សា អតិផរណាក្នុងការត្រួតពិនិត្យ ធានាស្ថិរភាពក្នុងអត្រាប្តូរប្រាក់ និងប្រព័ន្ធហិរញ្ញវត្ថុ»។ លោកស្រី Sri Mulyani បានលើកឡើងបែបនេះរួចបន្តថា វិធានការដើម្បីការពារអំណាចទិញ របស់ប្រជាជននឹងត្រូវធ្វើឡើងដែរ ស្របពេលដែលវិបត្តិអាកាសធាតុ ពិសេសបាតុភូត El Nino នឹងធ្វើឱ្យប៉ះពាល់លទ្ធភាពទិញរបស់ប្រជាជន។
 
ឥណ្ឌូណេស៊ី បានជួបប្រទះគ្រោះរាំងស្ងួតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែល ប៉ះពាល់ដល់ការប្រមូលផលដោយរដូវប្រាំងឆ្នាំនេះ។ តម្លៃ​គ្រឿង​ឧបភោគ​បរិភោគ​ដូច​ជា​អង្ករ ម្ទេស និង​ស្ករ​កំពុង​ឡើង​ថ្លៃ បើ​ទោះ​ជា​អតិផរណា របស់​ប្រទេស​មាន​កម្រិត​ទាប​ក៏​ដោយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com