អន្តរជាតិ
លោកណេតាន់យ៉ាហ៊ូ៖ អុីស្រាអែល កំពុងរួមគ្នាដូចកណ្ដាប់ដៃដែក ដើម្បីកម្ទេចក្រុមហាម៉ាស
24, Oct 2023 , 12:09 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៣ ខែតុលា បានបង្ហាញសារប្រាប់ពិភពលោក និងក្រុមហាម៉ាសថា កម្លាំងរបស់អ៊ីស្រាអែល កំពុងធ្វើការជាមួយគ្នាដូចកណ្តាប់ដៃដែក ដើម្បីលុបបំបាត់ក្រុមហាម៉ាស នៅក្នុងតំបន់កាហ្សា។

 
ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៣ ខែតុលា បានជួបជាមួយប្រមុខការពារអ៊ីស្រាអែល លោក Yoav Gallant និងនាយអគ្គសេនាធិការកម្លាំងការពារអ៊ីស្រាអែល លោក Herzi Halevi ដោយបានជជែកពីស្ថានការណ៍ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស រួមទាំងការត្រួតពិនិត្យមើលកម្លាំងទ័ពអ៊ីស្រាអែល។ 
 
«យើងកំពុងធ្វើការជាមួយគ្នាដូចកម្លាំងដៃដែកសម្រាប់គោលបំណងមួយ គឺការលុបបំបាត់កម្លាំងហាម៉ាស»។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម X។ 
 
ក្នុងជំនួបដ៏សំខាន់នេះ ថ្នាក់ដឹកនាំអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រជាជនអ៊ីស្រាអែលរបស់ខ្លួនថា រដ្ឋាភិបាលអ៊ីស្រាអែល គឺសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវដ៏ធំ ហើយអ៊ីស្រាអែល នឹងប្រយុទ្ធជាមួយប្រជាជនអ៊ីស្រាអែល ហើយនឹងឈ្នះជាមួយគ្នា។ 
 
ចំណែកប្រមុខការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានលើកឡើងថា ទាហានរបស់អ៊ីស្រាអែលទាំងអស់ មានការប្តេជ្ញាក្នុងការបំពេញបេសកកម្មរបស់ខ្លួន ហើយពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្ម ដើម្បីបុព្វហេតុជាតិ ដោយមានការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងរយៈពេលយូរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Israel National News។ 
 
កន្លងមក អ៊ីស្រាអែល បានប្រកាសសង្រ្គាមប្រឆាំងក្រុមហាម៉ាស រួមទាំងប្រកាសកម្ទេចឱ្យអស់នូវក្រុមសកម្មប្រយុទ្ធមួយនេះ ពីដែនដីកាហ្សាថែមទៀត។ មកទល់ពេលនេះ អ៊ីស្រាអែល មិនទាន់បានបើកប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សានៅឡើយ ដោយបន្តត្រឹមវាយប្រហារតាមផ្លូវអាកាសប៉ុណ្ណោះ។ 
 
ប៉ុន្តែអ៊ីស្រាអែល បានពង្រាយកម្លាំងទ័ពជាច្រើនម៉ឺននាក់ រួមទាំងរថក្រោះ និងសម្ភារយោធាផ្សេងទៀត នៅតំបន់ព្រំដែនកាហ្សា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times រដ្ឋបាលលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យអ៊ីស្រាអែលពន្យារពេលលើប្រតិបត្តិការយោធាផ្លូវគោកក្នុងតំបន់កាហ្សា ក្រោមហេតុផលអនុញ្ញាតឱ្យមានការរំដោះចំណាប់ខ្មាំង និងបញ្ជូនជំនួយមនុស្សធម៌ទៅឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សាភាគខាងត្បូង។
 
រយៈពេលជាងកន្លះខែហើយ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្ត។ មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់លើសពី៥ពាន់នាក់ បានស្លាប់បាត់បង់ជីវិត និងអ្នករបួសជាច្រើនពាន់នាក់។ 
 
ស្របគ្នានេះ ប្រជាជននៅក្នុងតំបន់កាហ្សា បានទទួលជំនួយមនុស្សធម៌ហើយ តាមរយៈច្រក Rafah របស់អេហ្ស៊ីប ក្រោយពីមានការវាយប្រហារចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ ប្រជាជនរាប់ម៉ឺននាក់ បានភៀសខ្លួនពីតំបន់កាហ្សាភាគខាងជើងទៅភាគខាងត្បូង ដើម្បីរកកន្លែងសុវត្ថិភាព ក្រោយបារម្ភថា អ៊ីស្រាអែលអាចបើកការវាយប្រហារផ្លូវគោក ដើម្បីបោសសម្អាតក្រុមហាម៉ាសនៅក្នុងតំបន់នោះ។ 
 
ចំណាប់ខ្មាំងចំនួន៤រូប ត្រូវបានដោះលែងដោយក្នុងនោះមានជនជាតិអ៊ីស្រាអែល២នាក់ និងអាម៉េរិក២នាក់។ ស្រ្តីជនជាតិអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានរំដោះចុងក្រោយនៅថ្ងៃទី២៣ ខែតុលា មានអាយុ ៧៩ឆ្នាំ និង៨៥ឆ្នាំ។
 
អ៊ីស្រាអែល បានអរគុណដល់អេហ្ស៊ីប និងកាកបាទក្រហម សម្រាប់តួនាទីដ៏សំខាន់ ពាក់ព័ន្ធនឹងក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។ ចំណែកក្រុមហាម៉ាស បានអះអាងថា ខ្លួនដោះលែងចំណាប់ខ្មាំង ដោយផ្អែកលើមូលដ្ឋានសុខភាព និងមនុស្សធម៌ ប៉ុន្តែអ៊ីស្រាអែលមិនយល់ស្របលើហេតុផលនេះឡើយ។ 
 

Tag:
 អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com