កីឡាជាតិ
ជាតិ
កីឡាយវាយសីកម្ពុជា បញ្ចប់ភារកិច្ចត្រឹមវគ្គចែកពូល ខណៈ ៥ ប្រភេទកីឡាបន្ដនៅអាស៊ីប៉ារ៉ាហ្គេម
24, Oct 2023 , 6:59 pm        
រូបភាព
អត្តពលិកវាយសីប៉ារ៉ាឡាំពិកកម្ពុចា សេន វ៉ារី (ស្តាំ)
អត្តពលិកវាយសីប៉ារ៉ាឡាំពិកកម្ពុចា សេន វ៉ារី (ស្តាំ)
អត្ដពលិកប៉ារ៉ាឡាំពិកកីឡាយវាយសីកម្ពុជា សេន វ៉ារី  បានបញ្ចប់ភារកិច្ចប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន ត្រឹមថ្ងៃទី២៣ ខែតុលា បន្ទាប់ពីចាញ់ ២ប្រកួត និងឈ្នះ១ នៃការប្រកួតក្នុងពូល E។ ក្នុងចំណោម ៦ប្រភេទកីឡារបស់កម្ពុជា សល់ ៥ ប្រភេទកីឡាផ្សេងទៀត នៅបន្ដការប្រកួត មានដូចជា បាល់បោះជិះរទេះ (នារី), បាល់ទះអង្គុយ (បុរស), អត្ដពលកម្ម, ហែលទឹក និង វាយកូនឃ្លីលើតុ។



ការប្រកួតទី១ សេន វ៉ារី បានចាញ់ កីឡាករ Ukun Runkaendi របស់ឥណ្ឌូណេស៊ី ២សិត ទល់ ០ (២១-១០, ២១-៥) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ចំណែកការប្រកួតទី២ នៅថ្ងៃទី២១ ខែតុលា សេន វ៉ារី ចាញ់ កីឡាករថៃ Mongkhong Bunsun លទ្ធផល ២សិត ទល់ ០ (២១-៤, ២១-៣)។ លុះចូលដល់ថ្ងៃទី២៣ ខែតុលា កីឡាករកម្ពុជារូបនេះ បានយកឈ្នះ លើកីឡាករម៉ុងហ្គោលី Munkhzul Munkhbayar ក្នុងលទ្ធផល ២សិត ទល់ ០ (២១-៥, ២១-២)។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសី វិញ្ញាសា SL3 ឯកត្ដជនបុរស មាន ២០អត្ដពលិក មកពី២០ប្រទេសផ្សេងគ្នា ដោយចែកចេញជា ៦ពូល។ ដោយឡែកម្ពុជា កីឡាករ សេន វ៉ារី ស្ថិតក្នុងពូល E ជាមួយកីឡាករ មកពីថៃ, ម៉ុងហ្គោលី និងឥណ្ឌូណេស៊ី។ ក្នុងវគ្គចែកពូលនេះ កីឡាករ ចំណាត់ថ្នាក់លេខ១ និង លេខ២ ប្រចាំពូលនីមួយៗ នឹងឡើងទៅវគ្គបន្ទាប់៕
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com