ជាតិ
ក្រសួងអប់រំ និងក្រុមហ៊ុន META ដាក់ដំណើរការ​កម្មវិធីសិក្សាអក្ខរកម្ម​ឌីជីថលតាមសាលារដ្ឋ
24, Oct 2023 , 7:59 pm        
រូបភាព
រូបភាព៖ Moeys Cambodia
រូបភាព៖ Moeys Cambodia
ភ្នំពេញ៖ ក្រសួងអប់រំ  យុវជន និងកីឡា និងក្រុមហ៊ុន Meta សហការជាមួយអង្គការសកម្មភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) បានរួមគ្នាដាក់ដំណើរការជាផ្លូវការ នូវកម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ (Khmer Digital Literacy Program)។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍជំនាញដែលត្រូវការ ជាពិសេសជំរុញឱ្យពលរដ្ឋមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ និងការប្រាស្រ័យទាក់ទង តាមឌីជីថល។



ក្រសួងអប់រំ និងក្រុមហ៊ុន META រួមជាមួយអង្គការដៃគូ KAPE  បានដាក់សម្ពោធជាផ្លូវការនូវ ​វិធីអក្ខរកម្មឌីជីថលខ្មែរ នាថ្ងៃទី២៣ ខែតុលា នៅសណ្ឋាគារ ហៃយ៉ាត់ រីជើនស៊ី ភ្នំពេញ។  កម្មវិធីសិក្សានេះ គឺជាផ្នែកមួយនៃកម្មវិធីអក្ខរកម្ម ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ២០២២។ 
 
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរមាន ៤ ផ្នែក សម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី​ ៩ រួមមាន ការណែនាំអំពីការរៀន បែបឌីជីថល មូលដ្ឋានគ្រឹះឌីជីថល សុខាមាលភាពឌីជីថល និងការចូលរួមបែបឌីជីថល។ ចំពោះ គ្រូបណ្តុះបណ្តាលនឹងត្រូវបង្រៀនសិស្សក្នុងសាលាគោលដៅ ជាមួយនឹងឯកសារតាមកម្មវិធីអក្ខកម្មឌីជីថល ។ កម្មវិធីនេះក៏ផ្តល់ការសិក្សាទៅដល់សិស្ស ពី ៣០០០ ទៅ ៥០០០នាក់ហើយ ក្នុងរយៈពេល៦ខែ នៃការសាកល្បងកម្មវិធីសិក្សាឌីជីថលថ្មីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣។
 
ការដាក់ឲ្យដំណើរការនេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពលើកកម្ពស់ការអប់រំ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ សាលារៀនជំនាន់ថ្មី និងសហគមន៍ អប់រំ រួមទាំងសាលារដ្ឋផ្សេង ទៀត ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាថ្មី។ 
 

Tag:
 ThmeyThmey
  អប់រំ
  អក្ខរកម្មឌីជីថលខ្មែរ
  META
© រក្សាសិទ្ធិដោយ thmeythmey.com