ជាតិ
ហេតុអ្វីអ្នកគ្រប់គ្រង​ត្រូវចេះដឹកនាំ? លោក Christopher Lee ពន្យល់
24, Oct 2023 , 3:53 pm        
រូបភាព
ដោយ: រួបរួម
មកដល់កម្ពុជាដំបូងនាឆ្នាំ១៩៩៦ លោក Christopher Lee សង្កេតឃើញថា បណ្តាមហាវិទ្យាល័យភាគច្រើនផ្តោតលើការបង្រៀនជំនាញគ្រប់គ្រង និងបច្ចេកទេស។ បុរសឥណ្ឌូណេស៊ីរូបនេះ ដឹងច្បាស់អំពីចំណុចដែលខ្លួនជួយត្រូវបំពេញសម្រាប់ពលរដ្ឋខ្មែរ។ នោះ គឺការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ ដោយលោកបានផ្តោតយ៉ាងពេញលេញចាប់តាំងពីឆ្នាំ១៩៩៩មក។





ការបំពេញឱ្យគ្នាទៅវិញទៅមក


ហេតុអ្វីបានជាភាពជាអ្នកដឹកនាំមានសារសំខាន់ជាងការគ្រប់គ្រងមនុស្ស? ក្នុងបទសម្ភាសមួយទល់មួយ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់ និងជាស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ បានសួរសំណួរបើកបែបនេះទៅកាន់លោក Christopher Lee ។ អ្នកជំនាញអប់រំឥណ្ឌូណេស៊ី បានតបវិញថា គ្មាននោះទេ ពាក្យថា សំខាន់ច្រើនជាង ឬតិចជាង ដោយជំនាញទាំងពីរ ត្រូវការបំពេញឱ្យគ្នាទៅវិញទៅមក។

«បើយើងមានជំនាញភាពជាអ្នកដឹកនាំ យើងអាចដឹកនាំមនុស្ស ប៉ុន្តែមនុស្សដែលយើងដឹកនាំគ្មានជំនាញបច្ចេកទេស វានឹងមិនអាចទៅរួចទេ មិនថា អ៊ីចឹង? បើអ្នកមានជំនាញគ្រប់គ្រង មានជំនាញបច្ចេកទេស ប៉ុន្តែគ្មានជំនាញដឹកនាំ អ្នកមិនអាចរីកចម្រើនទៅមុខឡើយ។ ដូច្នេះអ្នកត្រូវការទាំងពីរ»។ លោក Christopher Lee ដែលគេនិយមហៅឈ្មោះកាត់ថា Chris បានពន្យល់ដូច្នេះ។

ស្គាល់កម្ពុជាដំបូងតាមរយៈគម្រោងមួយរបស់អូស្ត្រាលី បន្ទាប់មក លោក Christopher Lee បានធ្វើការក្នុងនាមជាទីប្រឹក្សាគម្រោងរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ ចាប់ពីឆ្នាំ១៩៩៩មក តាមរយៈការបង្កើតអង្គការ HEDC International លោកផ្តោតលើការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ ដែលលោកបានចាត់ទុកថា ជាការចូលរួមចំណែកពង្រឹងអំណាចដល់ពលរដ្ឋខ្មែរ។

លោកបានរំលឹកថា៖ «ពិតណាស់ កាលៈទេសៈពេលនោះ កម្ពុជាទើបតែចាប់ផ្តើមធ្វើសមាហរណកម្ម ដូច្នេះជាតិត្រូវការអ្នកជំនាញបច្ចេកទេសច្រើន ប៉ុន្តែជាការគិតរបស់ខ្ញុំ បើកម្ពុជាចង់ឈានទៅមុខនាពេលអនាគត ជំនាញភាពជាអ្នកដឹកនាំគឺជាតម្រូវការមួយដ៏ចាំបាច់។ ចំពោះការគ្រប់គ្រង ១បូក១ត្រូវតែស្មើ២ ប៉ុន្តែសម្រាប់ភាពជាអ្នកដឹកនាំ ១បូក១អាចស្មើ១១។ ហេតុអ្វី? ពីព្រោះភាពជាអ្នកដឹកនាំពង្រឹងអំណាចមនុស្សឱ្យព្យាយាមធ្វើអ្វីៗបានល្អប្រសើរ និងគិតថា ពួកគេអាចធ្វើបាន»។

កើតនៅឆ្នាំ១៩៤៥ ក្រៅពីឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលលោកបានទៅរៀនសូត្រ កម្ពុជាគឺជាលំនៅអចិន្ត្រៃយ៍មួយរបស់លោក Chris នារយៈពេល២៧ឆ្នាំកន្លងមកនេះ ដោយក្នុងនោះមានតែ៣ឆ្នាំប៉ុណ្ណោះ ដែលលោកទៅរស់នៅឥណ្ឌូណេស៊ី នាអំឡុងពេលរាំងស្ទះដោយគ្រោះរលកយក្សស៊ូណាមី។



គម្រោងរបស់លោកសម្រាប់ពលរដ្ឋខ្មែរ គឺធំធេងណាស់។ លោក Chris ពន្យល់ទាក់ទងនឹងការសម្រេចចិត្តចាកចេញពីការងារនៅ UNDP ថា៖ «ប្រសិនបើខ្ញុំធ្វើការសម្រាប់គម្រោង ទោះបីជាគម្រោងធំប៉ុណ្ណាក៏ដោយ ប៉ុន្តែផលដែលទទួលបានគឺមានលក្ខខណ្ឌកម្រិត ហើយភាគច្រើនផ្តោតលើសហគមន៍។ ខ្ញុំចង់ធ្វើច្បាស់ជាងនេះ ពេលខ្ញុំមានឯករាជ្យភាព ខ្ញុំអាចបង្រៀនមនុស្សបានច្រើនតាមដែលអាចធ្វើទៅបាន»។

VIP របស់ខ្ញុំ

តើសិស្សដែលលោកបង្រៀនមានប៉ុន្មាននាក់ហើយ មកដល់បច្ចុប្បន្ន? លោក Chris ឆ្លើយតបទៅលោក សុខលីម វិញថា លោកលែងគិតបរិមាណអ្នកដែលបានរៀនជាមួយលោកនៅពេលដែលចំនួនបានលើដល់២៥ម៉ឺននាក់ កាលពីអំឡុងឆ្នាំ២០១០។

ចុះលទ្ធផលយ៉ាងម៉េចដែរ? ជាមួយនឹងស្នាមញញឹម បុរសវ័យ៧៨ឆ្នាំរូបនេះ បង្ហាញពីអារម្មណ៍រីករាយដោយបានឃើញអ្នកដែលលោកធ្លាប់បណ្តុះបណ្តាលជាច្រើនឆ្នាំកន្លងមក មានអ្នកខ្លះជោគជ័យផ្នែកហិរញ្ញវត្ថុ ខ្លះមានតំណែងខ្ពស់ក្នុងរដ្ឋាភិបាល ខ្លះបម្រើការនៅធនាគារពិភពលោក ខ្លះនៅអង្គការយូនីសែហ្វ ខ្លះនៅធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។

«ពួកគេគឺជាបុគ្គលសំខាន់»។ លោក Chris បដិសេធហៅអ្នកដែលលោកបានបណ្តុះបណ្តាលថាជា «សិស្ស» ប៉ុន្តែលោកបានជំនួសពាក្យដោយ «មិត្តវ័យក្មេង» (Young Friends) និង វីអាយភី (VIP)។ «ខ្ញុំមិនមែនជាអ្នកដែលនៅទីខ្ពស់ ហើយពួកគេនៅទីទាបនោះឡើយ ពួកគេប្រៀបដូចជាមេរបស់ខ្ញុំ ពួកគេគឺជាអ្នកដែលខ្ញុំត្រូវជួយអ្វីបន្ថែមប៉ុណ្ណោះ»។ លោកប្រៀបធៀបយ៉ាងដូច្នេះ។



មេរៀនគន្លឹះដែលលោក Chris លើកឡើងនោះ គឺភាពជាអ្នកដឹកនាំ មិនមែនសំដៅលើមនុស្សដែលនៅទីខ្ពស់ ហើយគ្រប់គ្នាត្រូវគោរពនោះឡើយ។ «អ្នកដឹកនាំ គឺជាបុគ្គលដែលចេះបម្រើ ចេះស្រឡាញ់ពលរដ្ឋ។ តើអាចក្លាយជាអ្នកដឹកនាំល្អទេ បើអ្នកមិនស្រឡាញ់ពលរដ្ឋ?»។ លោកបានលើកយកករណី ប៉ុល ពត ដែលបានគ្រប់គ្រងប្រទេស ប៉ុន្តែដឹកនាំដោយគ្មានក្តីស្រឡាញ់ និងមិនផ្តល់អំណាចដល់ពលរដ្ឋ ហេតុដូច្នេះហើយ ការគ្រប់គ្រងត្រូវបរាជ័យ។

គ្រប់គ្នាគឺជាអ្នកដឹកនាំ ដោយមិនចាំបាច់ឆ្លងកាត់ការតែងតាំងឡើយ

តើអ្វីជាភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង? មិនមែនជាសំណួរថ្មីឡើយសម្រាប់លោក Christopher Lee ដោយលោកនៅតែលើកឡើងពីការផ្តល់ឱ្យគ្នាទៅវិញទៅមករវាងធាតុទាំងពីរ។ លោកពន្យល់ថា៖ «អ្នកគ្រប់គ្រងអាចនាំការងារបានសក្តិសិទ្ធិភាព រីឯអ្នកដឹកនាំអាចនាំការងារបានប្រសិទ្ធភាព និងនិរន្តរភាព។ ដូចជាគម្រោងជាច្រើនទាក់ទងនឹងស្រូវអង្ករ គេបង្រៀនអំពីជំនាញបច្ចេកទេស ដូច្នេះកសិករអាចចេះផលិតអង្ករល្អ ប៉ុន្តែនៅពេលដែលគម្រោងឈានដល់ទីបញ្ចប់ ការផលិតក៏លែងមានដំណើរការ ពោលគឺគ្មាននិរន្តរភាព»។

តាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រសិទ្ធភាព (Effectiveness) សំដៅលើកម្រិត ឬសមត្ថភាពដែលសម្រេចបានជាលទ្ធផលតាមការគ្រោងទុក ឬតាមគោលបំណងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រីឯសក្ដិសិទ្ធិភាព (Efficiency) គឺការប្រព្រឹត្ដទៅ ឬការបំពេញការងារដែលសន្សំសំចៃចំណាយពេលតិច។ ការប្រព្រឹត្ដទៅ ឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួច តែទទួលបានលទ្ធផលគាប់ប្រសើរ។ ត្រង់ន័យនេះ អ្នកជំនាញអប់រំឥណ្ឌូណេស៊ី លើកឡើងពី កសិករដែលត្រូវតែមានចំណេះដឹងអំពីភាពជាអ្នកដឹកនាំ។

លោកអះអាងថា៖ «ខ្ញុំព្យាយាមបញ្ជ្រាបកម្មវិធីភាពជាអ្នកដឹកនាំនៅគ្រប់ទីកន្លែង។ មនុស្សជាច្រើនយល់ច្រលំអំពីភាពជាអ្នកដឹកនាំ ដោយគិតតែលើអ្នកដែលពាក់ក្រវាត់ក អាវធំ តែតាមពិតអ្នកដឹកនាំគឺជាបុគ្គលដែលធ្វើឱ្យមនុស្សផ្សេងទៀតជោគជ័យ។ ឪពុកម្តាយជាដឹកនាំ លោកគ្រូអ្នកគ្រូតាមសាលា ក៏ជាអ្នកដឹកនាំ សូម្បីតែក្មេងតូចដែលអាចឱ្យក្មេងដទៃទៀតប្តូរឥរិយាបទល្អ ក៏ជាអ្នកដឹកនាំផងដែរ ដូចគ្នាផងដែរ អ្នករត់ម៉ូតូឌុប ដែលបង្ហាញអំពីគម្រូភាពនៃការពាក់មួកសុវត្ថិភាព អ្នកប្រតិបត្តិសាសនា ប៉ូលិសចរាចរណ៍ គឺសុទ្ធតែជាអ្នកដឹកនាំ។ អ្នកគ្រប់គ្រងជាតួនាទីដែលត្រូវតែងតាំង ប៉ុន្តែអ្នកដឹកនាំគឺជាការងាររបស់យើងទាំងអស់គ្នា»។

សម្រាប់លោក Chris ដើម្បីក្លាយជាអ្នកដឹកនាំល្អ អ្នកក៏ត្រូវតែជាអ្នកមានទំនាក់ទំនងល្អ និងជាអ្នកសម្របសម្រួលល្អផងដែរ។ អ្នកត្រូវតែជាអ្នកគ្រប់គ្រងលើដំណោះស្រាយជម្លោះដ៏ល្អម្នាក់ ជាអ្នកនាំអ្នកផ្សេងឱ្យចេះបង្កើនទស្សនៈវិស័យនាពេលអនាគត ចេះរៀបចំអង្គភាព ក៏ដូចជាការមើលឃើញពីអនាគតទៅមុខរបស់ជាតិទាំងមូល។

លោកបន្ថែមថា អ្នកដឹកនាំជាអ្នកផ្តល់ផែនទីចង្អុលផ្លូវឱ្យមនុស្សដើរតាម ហើយអ្វីៗទាំងអស់ អ្នកដឹកនាំមិនអាចធ្វើម្នាក់ឯងបាននោះឡើយ តែអ្នកដឹកនាំអាចនាំមនុស្សឱ្យចេះធ្វើការរួមគ្នា ពេលមនុស្សធ្វើការកិច្ចការរួមគ្នា ពួកគេតែងតែមានបញ្ហាជម្លោះ ហើយការដឹកនាំល្អ ជម្លោះក៏មិនអាចរីកធំនោះដែរ។

អ្វីៗកើតចេញពីក្តីស្រឡាញ់

ផ្តល់អំណាចដល់មនុស្សយ៉ាងដូចម្តេច? លោក Chris លើកឡើងពីវិធីសាស្ត្របីយ៉ាង។ ទីមួយ គឺការជំរុញទឹកចិត្តពួកគេឱ្យជឿជាក់ថា ពួកគេអាចធ្វើបាន។ ទីពីរ គឺការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ ដែលលើសពីការបង្វឹក។ ត្រង់ន័យនេះ លោកបានលើកឡើងពីករណីទឹកក្នុងដបចំណុះ៥០០មីល្លីលីត្រ ដែលមនុស្សអាចមានសមត្ថភាពបំប្លែងឱ្យទៅជាប្រភពថាមពល ឬច្នៃសម្រាប់ស្រោចស្រពផ្កាសម្រាប់រយៈពេល២ ឬ៣ថ្ងៃ។ សមត្ថភាពគឺជាជំនាញបច្ចេកទេស ហើយអ្នកដឹកនាំអាចផ្លាស់ប្តូរសមត្ថភាពមនុស្សទៅជាអំណាច។



«ខ្ញុំបាននិយាយទៅ VIP របស់ខ្ញុំថា ពួកគេជោគជ័យដោយសារកត្តាផ្ទាល់ខ្លួនរបស់ពួកគេ។ វត្តមានរបស់ខ្ញុំ គឺគ្រាន់តែចំពេលវេលាត្រឹមត្រូវ និងទីកន្លែងត្រឹមត្រូវប៉ុណ្ណោះ។ អ្នកមានសមត្ថភាពនៅក្នុងខ្លួនរួចទៅហើយ។ មនុស្សទាំងអស់កើតមកដើម្បីភាពជោគជ័យ គ្មានអ្នកណាកើតមកដើម្បីបរាជ័យនោះឡើយ ព្រះជាម្ចាស់ក៏មិនបង្កើតបរាជ័យនោះដែរ»។ លោកបានបញ្ជាក់បែបនេះ មុននឹងនិយាយអំពីការកសាងជំនាញភាពជាអ្នកដឹកនាំ។

ការកសាងជំនាញភាពជាអ្នកដឹកនាំ គឺផ្តោតលើផ្នត់គំនិតជាគោល។ អ្នកជំនាញឥណ្ឌូណេស៊ីរូបនេះ បានលើកឡើងពីអរិយមគ្គអង្គទាំង៨ដែលជាផ្លូវរំលត់ទុក្ខក្នុងព្រះពុទ្ធសាសនា។ ចំណុចទីមួយ គឺសម្មាទិដ្ឋិ ដែលសំដៅលើប្រាជ្ញាយល់ឃើញត្រូវ។ ផ្ទុយទៅវិញ បើយើងឃើញអ្វីៗខុស លទ្ធផលនឹងខុស ការនិយាយខុស សកម្មភាពក៏នឹងខុសទៅតាមហ្នឹងដែរ។ «ហេតុដូច្នេះហើយ ផ្នត់គំនិតគឺជាការមើលឃើញលើផ្លូវត្រូវជាបន្តបន្ទាប់ មិនមែនតែកាលៈទេសៈណាមួយនោះឡើយ តែគ្រប់ពេលវេលា»។

មិនអស់នោះឡើយ លោក Christopher Lee សង្កត់ធ្ងន់ដដែលៗ អំពីសេចក្តីស្រឡាញ់។ អ្នកដឹកនាំគឺជាអ្នកធ្វើការដោយសារសេចក្តីស្រឡាញ់ ប្រៀបបីដូចជាសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ព្រះអង្គមិនបានគិតពេលវេលានោះឡើយ គឺព្រះអង្គយកការងារជាធំ។ «ឪពុកម្តាយល្អ គ្រូបង្រៀនល្អ អ្នកដឹកនាំល្អ អ្នកគ្រប់គ្រងល្អ.. ទាំងនេះ អាចលេចចេញជារូបរាងបាន ដោយសារតែពួកគេមានសេចក្តីស្រឡាញ់។ គ្មានអាថ៌កំបាំងដទៃឡើយ»។

វ័យ៧៨ឆ្នាំ លោក Chris ត្រូវបានយុវជនខ្មែរជាច្រើន ចាត់ទុកដូចជាគ្រូតា។ អ្នកខ្លះមិនបានរៀនផ្ទាល់ជាមួយគាត់ ប៉ុន្តែរៀនបន្តពីសិស្ស [VIP] ឆ្នើមៗរបស់គាត់ ឬតាមរយៈសៀវភៅ OPERACY ដែលលោកបានចងក្រង ដើម្បីបង្ហាញពីគន្លឹះដើម្បីជោគជ័យផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com