ជាតិ
សង្គមជាតិ
ជប៉ុន ផ្តល់ជំនួយ​ជិត១០លានដុល្លារ ឱ្យកម្ពុជាសង់​​​ស្ថានីយ​វាស់វែង​​អចិន្ត្រៃយ៍​​​ដោយ​ផ្កាយ​រណប​
24, Oct 2023 , 4:49 pm        
រូបភាព
លោក ជា​ សុផារ៉ា​ ​អតីតរដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ​និង ​ លោក MIKAMI Masahiro ​អតីតឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ក្នុងពេលទស្សនកិច្ចស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប(CORS) ដែលសាងសង់នៅបរិវេណទីស្តីការក្រសួងដែនដី កាលពីខែតុលា ឆ្នាំ២០២២។
លោក ជា​ សុផារ៉ា​ ​អតីតរដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ​និង ​ លោក MIKAMI Masahiro ​អតីតឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ក្នុងពេលទស្សនកិច្ចស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប(CORS) ដែលសាងសង់នៅបរិវេណទីស្តីការក្រសួងដែនដី កាលពីខែតុលា ឆ្នាំ២០២២។
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែល​មានទឹកប្រាក់ចំនួន ១ ៣៣៨​លាន​យ៉េន ឬប្រមាណ ៩.៧លានដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីអនុវត្តគម្រោង​សម្រាប់ការសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៤​តុលានេះ។

 
ពិធីចុះហត្ថលេខាលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទាន​ឥត​សំណងនេះ នឹងត្រូវចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ 
បើតាមក្រសួងការបរទេស គម្រោងដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ​នេះ មានគោលដៅជូយពន្លឿនការអនុវត្តវាស់វែងសុរិយោដី ​ពង្រឹងសេវារដ្ឋបាល​ពាក់ព័ន្ធ និងការចុះបញ្ជីដីធ្លី ក៏ដូចជា​ចូលរួមចំណែក​ដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។
 
សម្រាប់ក្រសួងការបរទេសកម្ពុជា ការផ្តល់ហិរញ្ញប្បទាននេះ បង្ហាញពីការប្តេជ្ញាចិត្ត​ឥតងាករេរបស់រ​ជប៉ុន ក្នុងការជួយដល់កចិ្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់​របស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ​ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ ដែលកំពុងប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ ក្រសួងការបរទេសកម្ពុជាបន្ថែមដូច្នេះ៕
 

Tag:
 ស្ថានីយ​វាស់វែង​​
  ដីធ្លី
  សុរិយោដី
  ការចុះបញ្ជីដីធ្លី
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com