អន្តរជាតិ
លោក សេដ្ឋា ទទូចឱ្យប្រជាជនថៃទាំងអស់ចាកចេញពីអុីស្រាអែល ទាន់នៅអាចចេញបាន
24, Oct 2023 , 5:49 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២៣ ខែតុលា បានអំពាវនាវឱ្យប្រជាជនថៃ ដែលកំពុងធ្វើការនៅអ៊ីស្រាអែលទាំងអស់ ចាកចេញពីអ៊ីស្រាអែល មុនពេលប្រតិបត្តិការយោធាផ្លូវគោករបស់អ៊ីស្រាអែលលើតំបន់កាហ្សាភាគខាងជើង។ បើតាមលោកសេដ្ឋា ប្រសិនបើប្រតិបត្តិការយោធារបស់អ៊ីស្រាអែលចាប់ផ្តើម ការជម្លៀសប្រជាជនចេញនឹងពិបាក និងជម្លោះអាចរីកសាយ។

 
អ៊ីស្រាអែល កំពុងត្រៀមខ្លួន សម្រាប់ប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សាភាគខាងជើង ក្រោមហេតុផលបោសសម្អាតក្រុមហាម៉ាស។
 
ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានទទូចឱ្យប្រជាជនថៃទាំងអស់ចាកចេញពីអ៊ីស្រាអែលក្រោមហេតុផលសុវត្ថិភាព និងជម្លោះអាចរីកធំឡើងនៅក្នុងតំបន់។ 
 
«សូមត្រលប់មកវិញមក។ សាច់ញាតិពួកគេនៅទីនេះ សូមជួយបញ្ចុះបញ្ចូលប្រជាជនថៃឱ្យចាកចេញពីអ៊ីស្រាអែល»។ លោកសេដ្ឋា បានអំពាវនាវបែបនេះ នៅថ្ងៃទី២៣ ខែតុលា ទៅកាន់ប្រជាជនថៃនៅអ៊ីស្រាអែលឱ្យត្រលប់មកប្រទេសវិញ ស្របពេលជើងហោះហើរ ក្នុងការជួយជម្លៀសប្រជាជន នៅអាចធ្វើបាន។ 
 
បើតាមលោកសេដ្ឋា នៅពេលប្រតិបត្តិការយោធាផ្លូវគោកចាប់ផ្តើមឡើង ការត្រលប់មកវិញរបស់ប្រជាជនថៃ គឺពិបាក ហើយវារឹតតែពិបាកក្នុងការជម្លៀសប្រជាជនទៅអាកាសយានដ្ឋាន និងមជ្ឈមណ្ឌលជម្លៀស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ការអង្វរកររបស់នាយករដ្ឋមន្រ្តីថៃនេះ ធ្វើឡើងក្រោយពីលោកមានជំនួបជាមួយមន្រ្តីក្រសួងការបរទេសថៃ ដើម្បីជជែកពីស្ថានការណ៍នៅអ៊ីស្រាអែល។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកសេដ្ឋា បានបង្ហាញថា​ អាជ្ញាធរសន្តិសុខ និងកិច្ចការបរទេស បានរាយការណ៍ការបាញ់គ្នាទៅវិញទៅមក បានស្រាកស្រាន្តហើយ ប៉ុន្តែភាពខ្លាំងឡើងនៃសង្រ្គាម គឺមិនថយចុះឡើយ ហើយវាអាចរីករាលដាលដល់ប្រទេសជិតខាងថែមទៀត។ ត្រង់ចំណុចនេះ លោកសេដ្ឋា បានចាត់ទុកវាជាក្តីបារម្ភមួយ។ 
 
ដើម្បីលើកទឹកចិត្តឱ្យប្រជាជនថៃត្រលប់មកប្រទេសវិញ លោកសេដ្ឋា បានបញ្ជាឱ្យមន្រ្តីខ្លួនដំឡើងប្រាក់លើកទឹកចិត្តដល់ជាង ៤១៥ដុល្លារ (១៥០០០បាត) និងធានាថា ពួកគេមានការងារធ្វើពេលត្រលប់មកប្រទេសវិញ។ កន្លងមក ប្រជាជនថៃប្រមាណ ៣ម៉ឺននាក់ ធ្វើការនៅអ៊ីស្រាអែល ដោយភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។ ប្រជាជនថៃលើសពី ២ពាន់នាក់ហើយ បានមកដល់ថៃវិញ។ 
 
ពីក្រសួងការបរទេសថៃ នៅថ្ងៃទី២៣ ខែតុលា លោកសេដ្ឋា បានថ្លែងថា មិនថាលុយច្រើនបែបណាឡើយ អាយុជីវិតរបស់ប្រជាជនថៃ គឺថ្លៃជាង ហើយលោកចង់ឱ្យប្រជាជនខ្លួនត្រលប់មកប្រទេសវិញដោយសុវត្ថិភាព។ បើតាមលោកសេដ្ឋា រដ្ឋាភិបាលថៃ អាចជម្លៀសប្រជាជនខ្លួនបាន១ពាន់នាក់ក្នុងមួយថ្ងៃ។ 
 
ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនថៃយ៉ាងហោចណាស់៣០នាក់ បានបាត់បង់ជីវិត និង១៨នាក់ បានរងរបួស។ បន្ថែមពីនេះ ប្រជាជនថៃចំនួន ១៩នាក់ផ្សេងទៀត ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនជាចំណាប់ខ្មាំងក្នុងចំណោមជនបរទេសផ្សេងទៀត។ ប្រមុខរដ្ឋាភិបាលថៃ បានប្តេជ្ញារំដោះប្រជាជនខ្លួនពីក្រុមហាម៉ាសថែមទៀត ហើយអ្នករងរបួស និងបាត់បង់ជីវិត ក៏ទទួលបានសំណងពីរដ្ឋាភិបាលអ៊ីស្រាអែល និងថៃផង។ 
 
នៅក្រៅកិច្ចប្រជុំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ប្រមុខរដ្ឋាភិបាលថៃ បានជួបជាមួយស្តេចរបស់អូម៉ង់ ប៉ារ៉ែន និងរជ្ជទាហាទអារ៉ាប៊ីសាអូឌីត ដើម្បីជជែកពីវាសនាប្រជាជនថៃ ដែលត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង៕
 

Tag:
 ថៃ
  អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com