លោក ឡៃ គួង នាយកនៃវិទ្យាល័យឧដុង្គ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បញ្ជាក់ថា នេះជាឆ្នាំទី៧ហើយ ដែលសាលាមានថ្នាក់បំប៉នសម្រាប់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ថ្នាក់បំប៉ននេះ បើកបង្រៀនដោយឥតគិតថ្លៃក្នុងរយៈពេល៥សប្ដាហ៍លើមុខវិជ្ជាសំខាន់ៗចំនួន៥ ដូចជា គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា។
លោក ឡៃ គួង យល់ថា វគ្គបំប៉ននេះមានសារសំខាន់ ជួយកាត់បន្ថយចំណាយរបស់សិស្ស ហើយក៏ជាពេលវេលាសម្រាប់គ្រូរម្លឹកមេរៀន និងវិញ្ញាសារដល់សិស្សឱ្យត្រៀមខ្លួនរួចរាល់មុនពេលប្រឡង។ នាយកសាលាយករូបផ្ដល់តម្លៃលើការសិក្សា ពិសេសថ្នាក់បំប៉នរយៈពេលខ្លីនេះ បានជួយជំរុញឱ្យសិស្សកាន់តែមានសក្ដានុពល ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ឡៃ គួង នាយកនៃវិទ្យាល័យឧដុង្គ
«ដោយយោងតាមស្ថិតិលទ្ធផលពីការប្រឡងសាកថ្មីៗនេះ ចឹងសិស្សរបស់យើងក្នុងចំណោម១៩១នាក់ ឃើញថា លទ្ធផលធ្លាក់ចំនួន១៦នាក់។ ថ្នាក់វិទ្យាសាស្រ្តធ្លាក់ចំនួន៦នាក់ និងសង្គមធ្លាក់ចំនួន១០នាក់។ អ៊ីចឹងបើប្រៀបទៅឆ្នាំមុន មានន័យថា សិស្សគ្រាន់ជាងឆ្នាំមុន។ ឆ្នាំមុនលទ្ធផលតេស្តឃើញថាសិស្សជាប់និទ្ទេស A មាន៤នាក់ តែឆ្នាំនេះឡើងដល់៦នាក់»។ នេះជាការលើកឡើងរបស់លោក ឡៃ គួង។
ទន្ទឹងនឹងនេះ លោកគ្រូ ប្រាក់ ចន្ធី ដែលបង្រៀនមុខវិជ្ជាគណិតវិទ្យា ក៏យល់ថា ថ្នាក់បំប៉ននេះអាចជួយដល់សិស្សច្រើនក្នុងការត្រៀមខ្លួនមុនពេលប្រឡងផងដែរ។ លោកគ្រូ ចន្ធី ថា ៥សប្ដាហ៍បំប៉ននេះ ជាឱកាសសម្រាប់សិស្សរម្លឹកមេរៀនពិបាក និងស្រួលឡើងវិញ និងអាចស្រាយចម្ងល់ពីបញ្ហាផ្សេងៗសម្រាប់សិស្សផងដែរ។
លោកគ្រូ ប្រាក់ ចន្ធី គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យានៃវិទ្យាល័យឧដុង្គ
លោកគ្រូ ចន្ធី លើកឡើងថា៖«ការរៀនបំប៉ននេះ មានផលប្រយោជន៍សំខាន់មួយសម្រាប់សិស្ស គឺជួយរម្លឹកគាត់ ពិសេសចុងដៃអាចឱ្យសិស្សចងចាំរូបមន្ត ពិសេសលំហាត់អនុវត្តបានច្រើន អ៊ីចឹងវាសំខាន់»។ ក្នុងរយៈពេល៥សប្ដាហ៍បំប៉ននេះ លោកគ្រូគណិត ចន្ធី ផ្ដោតសំខាន់លើទម្រង់វិញ្ញាសារផ្សេងៗចំនួន៥មេរៀន មានទាំងអាំងតេក្រាល ដេរីវេ អនុគមន៍ លីមីតជាដើម សម្រាប់ឱ្យសិស្សអនុវត្ត។
ចំពោះអ្នកគ្រូ ផាន់ ស្រីពេជ្រ ក៏មិនខុសគ្នាពីលោកគ្រូ ចន្ធី ឡើយដោយយល់ដូចគ្នាថា វគ្គបំប៉នសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសារសំខាន់អាចជួយរម្លឹកមេរៀនសំខាន់ៗសម្រាប់សិស្សឱ្យត្រៀមខ្លួនរួចរាល់មុនពេលប្រឡង។ សម្រាប់មុខវិជ្ជាជីវវិទ្យារបស់អ្នកគ្រូ ស្រីពេជ្រ ផ្ដោតលើវិញ្ញាសារទាំងសំណួរ និងលំហាត់។
«សម្រាប់ខ្ញុំយល់ថាវគ្គបំប៉នរយៈពេលខ្លីនេះ ទីមួយជួយឱ្យសិស្សអាចពង្រឹងសមត្ថភាពបន្ថែមចំណេះរបស់គាត់ ទាំងលំហាត់ ទាំងការធ្វើសំណួរ ទាំងការត្រៀមមេរៀនឯកសារផ្សេងៗ ជារួមជួយពីរបៀបរបបនៃការសរសេរឱ្យសិស្សទទួលលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់អ្នកគ្រូ ផាន់ ស្រីពេជ្រ ដែលបន្តថា កាន់តែកៀកពេលប្រឡងក្នុងនាមអ្នកគ្រូជាគ្រូបង្រៀនរបស់បេក្ខជន ហាក់មានក្ដីបារម្ភតិចតួច តែក៏រំពឹងថាសិស្សខ្លួនអាចធ្វើបាន និងទទួលបានលទ្ធផលល្អ។

អ្នកគ្រូ ផាន់ ស្រីពេជ្រ គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យានៃវិទ្យាល័យឧដុង្គ
ចំពោះសិស្ស ក្រោយទទួលបានការសិក្សាពេញលេញ និងជំនួយបន្ថែមពីវគ្គបំប៉នចំនួន៥សប្ដាហ៍ ពួកគេហាក់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡងនាពេលមុខនេះ។ យុវសិស្ស អោក សេងហួត,ថុន សៀវម៉ី និងហឹល សុជាតា ដែលជាបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អះអាងដូចៗគ្នាថា មានជំនឿចិត្តសម្រាប់ខ្លួនឯង ហើយក៏ប្ដេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកនិទ្ទេសល្អជូនគ្រួសារ និងសាលាផងដែរ។ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រឡងក្នុងពេលខាងមុខនេះ»។ នេះជាការលើកឡើងរបស់យុវសិស្សទាំង៣ខាងលើ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី៦-៧ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣។ ក្នុងនោះក្រសួងបានកំណត់យកចំនួន២២៧មណ្ឌល ដោយបែងចែកជា២ផ្នែកសម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងសង្គម៕