ជាតិ
ពីនេះ ពីនោះ
កូនជ្រូក! វីដេអូកូនជ្រូក, រត់ពន្ធកូនជ្រូក, សន្សំលុយក្នុងកូនជ្រូក, កូនជ្រូកអំពូលម៉ែត្រ..
26, Oct 2023 , 7:29 am        
រូបភាព
«កូនជ្រូក» បើតាមន័យចំ យើងគិតទៅដល់កូនរបស់សត្វជ្រូក ឬជ្រូកតូចៗ ប៉ុន្តែវចនានុក្រមខ្មែរ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា កំណត់និយមន័យដល់ទៅ៦បែបផ្សេងៗ។

 
និយមន័យទាំងនោះ មានដូចខាងក្រោម៖
 
«កូនជ្រូក»  [គុ.] ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុន ភាពយន្ត ឬវីដេអូដែលអាសអាភាស : វីដេអូកូនជ្រូក។
 
«កូនជ្រូក» [ន.] ជាពាក្យប្រៀបដែលមានន័យថា អ្នករងគ្រោះដោយអំពើជួញដូរមនុស្ស, អ្នកឆ្លងដែនខុសច្បាប់ : រត់ពន្ធកូនជ្រូក។
 
«កូនជ្រូក» [ន.] វត្ថុមួយប្រភេទដែលធ្វើពីដីដុត សូនជារូបសត្វជ្រូក មានប្រហោងក្នុង និង មានចោះរន្ធពីលើឬចំហៀង សម្រាប់សន្សំលុយ ឬក៏សម្រាប់តាំងលំអ។ ការសន្សំលុយដាក់ក្នុងកូនជ្រូក។
 
«កូនជ្រូក» [ន.] ផ្នែកមួយនៃឧបករណ៍អគ្គិសនីដែលប្រើជាជំនួយផ្តល់ថាមពលភ្លើងដល់អំពូលអគ្គិសនី។ កូនជ្រូករបស់អំពូលម៉ែត្រដាច់ភ្លើង នៅតែភ្លឺជាមួយថ្មលីតធីណឹមល្អ។
 
«កូនជ្រូក» [ន.] ឧបករណ៍មួយប្រភេទដែលប្រើជាជំនួយនៃគ្រឿងម៉ាស៊ីន និងមានតួនាទីជាប្រដាប់បាញ់ប្រេង (គ្រឿងម៉ាស៊ីន)។ ជួសជុលកូនជ្រូកម៉ាស៊ីន (ប្លង់ស័រ) ៤ សេស-៨ សេស។
 
«កូនជ្រូក» [ន.] ដុំឈើមួយប្រភេទដែលគេប្រើសម្រាប់កល់ រុញ ឬរំកិលវត្ថុផ្សេងៗដែលមានទំហំធំៗនិងធ្ងន់ៗ។ កូនជ្រូកសម្រាប់កល់ឡាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com