ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ជាក់ថាបក្ស​២៧ដែលចងសម្ព័ន្ធភាព មិន​មែនជាបក្ស​ចំណុះរបស់ CPP ឡើយ
25, Oct 2023 , 9:45 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា នេះ បានស្វាគមន៍បណ្តាមេដឹកនាំគណបក្សនយោបាយចំនួន២៧ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពគ្នា នៅវិមាន៧មករា។



ការចងសម្ព័ន្ធភាពនេះ ត្រូវបានភាគីហត្ថលេខីទាំងអស់ ចាត់ទុកថា ជាការជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ ជាពិសេសការប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង។

នៅចំពោះមុខមេដឹកនាំគណបក្សនយោបាយដែលជាសម្ព័ន្ធមិត្ត ប្រធានបក្សកាន់អំណាចសង្កត់ធ្ងន់អំពីការរួបរួមគ្នាក្នុងការការពារសន្តិភាព រដ្ឋធម្មនុញ្ញ និងការកម្ចាត់នយោបាយជ្រុលនិយម។ សម្តេចក៏បានរំលឹកផងដែរពីការរៀបចំបទបញ្ជាផ្ទៃក្នុង ជាពិសេសការជួបគ្នាជាប្រចាំ។

«បក្សទាំងអស់មិនស្ថិតនៅក្រោមការគ្រប់គ្រងបក្សណាមួយនោះទេ។ បក្សទាំងអស់មិនចំណុះបក្សប្រជាជននោះទេ ប៉ុន្តែយើងស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ យើងមិនចាត់ទុកបក្សទាំងអស់ ថាជាគណបក្សតូចតាចនោះទេ គណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។

ក្នុងពិធីចុះហត្ថលេខានោះ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេច ហ៊ុន សែន អមដោយអនុប្រធានទាំង៤រូប រួមមាន សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច សាយ ឈុំ និងសម្តេច ម៉ែន សំអន។ គណបក្សជាដៃគូមាន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ, គណបក្សពន្លឺថ្មី របស់លោក នួន សុខារី, គណបក្សសញ្ជាតិកម្ពុជា របស់លោក សេង សុខេង។

គណបក្សខ្មែរក្រោក ដែលមានលោក ឈឿង ចាន់ធឿន ជាប្រធានស្តីទី, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ, គណបក្សរស្មីខេមរា ដែលដឹកនាំដោយលោក ស៊ិន សុភាព, គណបក្សខ្មែរសាធារណរដ្ឋ ដឹកនាំដោយលោក ហួង ធៀមទៀង។


គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក លោក ហួន ច័ន្ទថុន ជាប្រធាន, គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សធម្មាធិបតេយ្យ ដឹកនាំដោយលោកស្រី ពោធិតី សាវត្ថី, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា របស់លោក ប្លាង ស៊ីន, គណបក្សខ្មែរតែមួយរបស់លោក គុជ លី, គណបក្សឯកភាពជាតិខ្មែរ របស់លោក អ៊ុន ជឹម, គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន, គណបក្សស្ត្រីដើម្បីស្ត្រី របស់លោកស្រី ស៊ឹង សុធី។


គណបក្សបំណងពលរដ្ឋ ដែលដឹកនាំដោយ លោក អ៊ិត សារម្យ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ហ៊ាង គឹមស្រឿន, គណបក្សនគរប្រជាធិបតេយ្យ ដឹកនាំដោយលោក ជា ពិសិដ្ឋ, គណបក្សអំណាចប្រជាពលរដ្ឋ របស់លោក កាន់ វីរៈ។

គណបក្សខ្មែរអង្គរ ក្រោមដឹកនាំដោយរបស់លោក គង់ មុនី, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ របស់លោក សុខ ឌី, គណបក្សម៉ូលីណាកា ដែលមានលោក មាស សុត្ថា ជាប្រធាន, គណបក្សចលនាប្រជាធិបតេយ្យ របស់លោក គង្គ់ ប៊ុនធឿន, គណបក្សអភិវឌ្ឍន៍កម្ពុជា របស់លោក ម៉ៅ បូរ៉ា និងគណបក្សមហានគររបស់លោក សែម សម្បត្តិ៕




© រក្សាសិទ្ធិដោយ thmeythmey.com