អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិចិន ជាមន្រ្តីជាន់ខ្ពស់ទីពីរដែលត្រូវបណ្ដេញចេញក្នុងពេលបីខែ
25, Oct 2023 , 10:29 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិដែលត្រូវដកតំណែង លី សាងហ្វូ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិដែលត្រូវដកតំណែង លី សាងហ្វូ។ រូបថត AFP
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ប្រកាសពីការដកតំណែងរដ្ឋមន្ត្រីការពារជាតិនាថ្ងៃទី២៤ ខែតុលា ដែលនេះជាការបណ្ដេញចេញមន្រ្តីជាន់ខ្ពស់លើកទីពីរក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។ វាក៏នាំឱ្យមានសំណួរអំពីស្ថិរភាពអំណាចរបស់ប្រធានាធិបតី ស៊ី ជិនភីង។

 
ទីបំផុតទៅ ឧត្តមសេនីយ៍ លី សាងហ្វូ (Li Shangfu) ដែលបានអវត្តមាន ពីសាធារណអស់រយៈពេលពីរខែ ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជា ទីប្រឹក្សារដ្ឋ។ លោក ឈីន កាង (Qin Gang) ដែលត្រូវបានដកចេញពីតំណែង ជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ត្រូវបានដកចេញពីតំណែងទីប្រឹក្សារដ្ឋដែរ។
 
បើតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានអនុម័តលើការដកចេញពីមន្ត្រីទាំងពីរនាក់ ហើយប្រធានាធិបតីចិន ស៊ី ជិនភីង ក៏ចេញក្រឹត្យបញ្ចប់តំណែងដែរ។ គ្មានការពន្យល់ណាមួយឡើយលើរឿងនេះ។
 
មកទល់ពេលនេះ អ្វីដែលចម្លែក ចិនក៏មិនប្រកាសអ្នកជំនួសតំណែងលោក លី ដែរ ខណៈដែលចិនត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាការពារជាតិ Xiangshan ទីក្រុងប៉េកាំង នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។ 
 
លោក លី វ័យ ៦៥ ឆ្នាំ បង្ហាញមុខជាសាធារណៈចុងក្រោយនៅថ្ងៃទី២៩ ខែសីហា។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុន ថា លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការសង្ស័យថាមានអំពើពុករលួយទាក់ទង នឹងលទ្ធកម្មគ្រឿងបរិក្ខារ និងការអភិវឌ្ឍយុទ្ធោបករណ៍អំឡុងពេលដឹកនាំនាយកដ្ឋានសម្ភារៈរបស់យោធាចិន។។
 
លោក លី ក៏ទើបតែចូលបម្រើការងារជារដ្ឋមន្រ្តីការពារជាតិនាខែមីនាប៉ុណ្ណោះ។ អតីតរដ្ឋមន្រ្តីរូបនេះ ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាម៉េរិកជុំវិញការទិញយន្តហោះចម្បាំង និង​ឧបករណ៍យោធាពីរុស្ស៊ី។ អស់តំណែងពេលនេះ លោក លី ដែលមានប្រវត្តិការងារជាវិស្វករកងទ័ព ជារដ្ឋមន្ត្រីការពារជាតិដែលមានតួនាទីខ្លីបំផុត​ក្នុង​ចំណោម​រដ្ឋ​មន្ត្រីចិនទាំងអស់។
ក្រៅពីដកតំណែងរដ្ឋមន្រ្តីការពារជាតិ ចិនក៏ផ្លាស់ប្ដូររដ្ឋមន្រ្តីពីរនាក់ទៀតដែរ។ លោក   Wang Zhigang រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងត្រូវជំនួសដោយលោក  Yin Hejun ឯរដ្ឋមន្រ្តីហិរញ្ញវត្ថុ Liu Kun ត្រូវជំនួសដោយលោក Lan Fo’an ។ លោក Wang និងលោក Yin ជាលេខាបក្សកុម្មុយនីស្តចិនប្រចាំក្រសួងរៀងៗខ្លួន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com