ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ហាមសិស្ស​ប្រើទូរសព្ទក្នុងម៉ោងរៀន បើមិនពាក់ព័ន្ធការសិក្សា
25, Oct 2023 , 10:59 am        
រូបភាព
ការសិក្សា និងស្រាវជ្រាវនៅបណ្ណាល័យ របស់សិស្សនៃអនុវិទ្យាល័យអន្លងត្នោត ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ credit
ការសិក្សា និងស្រាវជ្រាវនៅបណ្ណាល័យ របស់សិស្សនៃអនុវិទ្យាល័យអន្លងត្នោត ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ credit
ភ្នំពេញ៖ គ្រូបង្រៀន មានសិទ្ធិហាមសិស្សមិនឱ្យប្រើ​ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក នៅក្នុង​ថ្នាក់រៀន ឬម៉ោងរៀន ពិសេស​ការប្រើប្រាស់បណ្តាញសង្គម និងការលេងហ្គេម ​ ប្រសិន​​មិន​ពាក់ព័ន្ធនឹងការសិក្សា។ វិធានការនេះគឺដើម្បីពង្រឹងវិន័យ និង បង្កើន​​ប្រសិទ្ធភាព​នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថាន សិក្សា​សាធារណៈ ក្នុងបរិបទ​ដែលកម្ពុជាកំពុងជំរុញការអប់រំឌីជីថល។ ​នេះបើយោងតាមសេចក្តីណែនាំ​របស់ក្រសួងអប់រំ យុវ​ជន និងកីឡា ចុះថ្ងៃទី២៤ តុលា។ 

 
ក្នុងសេចក្តីណែនាំដដែល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រាប់​ឱ្យ​គណៈ​​គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់​ ត្រូវណែនាំ​ជាប្រចាំអំពីវិន័យ និងបទបញ្ជា​ផ្ទៃក្នុង​របស់​សា​លា​ដល់សិស្ស​ ពាក់ព័ន្ធនឹងការប្រើ​ទូរសព្ទដៃ និងឧបករណ៍​អេឡិច​ត្រូ​និក ចៀសវាងការប្រើប្រាស់ខុសគោល​ដៅ ហើយនាំឱ្យខាត ឬរំខានដល់ការសិក្សា។  ទន្ទឹមនឹងនេះ ក្រសួងលើកទឹកចិត្តឱ្យ ឱ្យមានការបង្កើត និងអនុវត្តន៍​ការ​អប់រំ ក្រៅ​ម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមុខវិជ្ជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សផងដែរ។ 
 
ក្រសួងអប់រំ ក៏បានទទូចឱ្យមាតាបិតា និងអាណាព្យាបាល ត្រូវចូលរួម តាមដានការប្រើ​ប្រាស់ទូរសព្ទរបស់កូនចៅ​ផងដែរ ដើម្បីជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់ទូរសព្ទដៃនោះ​​ឱ្យស្របតាមគោលបំណងនៃការអប់រំ ។ ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និង​កីឡារាជធានីខេត្ត ការិយាល័យអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ​បានណែនាំឱ្យមានកិច្ចសហ​ការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្ត​បទបញ្ជាផ្ទៃក្នុងឱ្យ​មត់ចត់​៕
 
 
​​
 

Tag:
 អប់រំ
  ការប្រើទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com