ជាតិ
សត្វកម្រ«ត្រយងចំពុះស្លាបព្រា» ត្រូវបានប្រទះឃើញនៅតំបន់អភិរក្សសត្វខ្សឹប ជីក្រែង
25, Oct 2023 , 8:19 pm        
រូបភាព
ត្រយងចំពុះស្លាបព្រា។ រូបថត៖ ហ្វេសប៊ុក WCS
ត្រយងចំពុះស្លាបព្រា។ រូបថត៖ ហ្វេសប៊ុក WCS
ត្រយងចំពុះស្លាបព្រា (Platalea leucorodia) ដែលជាសត្វជិតផុតពូជ ត្រូវបានក្រុមការងាររបស់អង្គការ​WCS ប្រទះឃើញនៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង នៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ និងខេត្តសៀមរាប នាថ្ងៃទី២៣តុលា។ នេះជាលើកទី៦ហើយ ដែលក្រុមអ្នកអភិរក្សបក្សីប្រទះឃើញនិងកត់ត្រា ក្រោយខកខានអស់រយៈពេល៨ឆ្នាំ។​

 
បើតាម លោក ស៊ុម ភារុណ ប្រធានកម្មវិធីអង្គការ WCS វត្តមាននៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រលប់មកកាន់ទីជម្រក ដើម្បីរកចំណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និង តំបន់ដីសណ្ដទន្លេមេគង្គក្រោម។ លោកបានបញ្ជាក់ថា ការប្រទះឃើញសត្វកម្រនៅតំបន់អភិរក្សកម្ពុជានេះ វាបានបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យ នៃទីជម្រកតំបន់ដីសើមទឹកសាប និង ការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋាន ក្នុងការអភិរក្សតំបន់ដីសើមទាំងនេះ សម្រាប់សត្វស្លាបទឹកធំៗ។ 
 
«តំបន់ដីសើមទឹកសាប មានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍»។ នេះជាការលើកឡើងរបស់លោក ភារុណ។ 
 
 ត្រយងចំពុះស្លាបព្រា។ រូបថត៖ WCS

សត្វប្រភេទនេះចូលចិត្តស្វែងរកចំណីជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា រនៀលពណ៌ (Mycteria leucocephala) និង ត្រយងខ្លួនស (Threskiornis melanocéphalus)...ជាដើម។ លោក ភារុណ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់WCSយ៉ាងដូច្នេះ៖ « បញ្ហាទាំងនេះបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមការងារ[យើង] ក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ »។ 
 
សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សត្វប្រភេទនេះ ច្រើនមានវត្តនៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាវាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ 
 
បើតាមWCS កំណត់ត្រាទី១នៃការប្រទះឃើញត្រយងចំពុះស្លាបព្រានៅទឹកដីកម្ពុជា​ គឺនៅក្នុងឆ្នាំ២០០៣ ដែលក្រុមអភិរក្សបក្សីឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ កំណត់ត្រាទី២ និងទី៣ គេឃើញសត្វនេះ មានវត្តមាននៅតំបន់រ៉ាមសារព្រែកទាល់ ។ ចំណែកកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោមក្រុងសៀមរាប ក្នុងឆ្នាំ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងឆ្នាំ២០១៥៕​

Tag:
 ត្រយងចំពុះស្លាបព្រា
© រក្សាសិទ្ធិដោយ thmeythmey.com