កីឡាជាតិ
ជាតិ
ក្រុមបាល់ទះអង្គុយកម្ពុជា ឈ្នះ ជប៉ុន ដណ្តើមបានលេខ៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ ការប្រកួតរវាងកម្ពុជា និងជប៉ុន រូបពី VDO Live Song Sokleap
× អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាលទះអង្គុយ (បុរស) បានយកឈ្នះ ជប៉ុន លទ្ធផល ៣សិត ទល់ ១សិត ក្នុងការប្រជែងយកលេខ៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន។
នៅសិតទី១ កម្ពុជា បានឈ្នះ ជប៉ុន ទាំងលទ្ធផលប្រកៀកប្រកិត ២៥-២០។ ចូលដល់សិតទី២ ជប៉ុន វាយបក ឈ្នះក្នុងលទ្ធផល ២៦-២៤។ ប៉ុន្ដែនៅសិតទី៣ និងទី៤ កម្ពុជា ឈ្នះ ពិន្ទុដាច់ ក្នុងលទ្ធផល ២៥-១៨ និង លទ្ធផល ២៥-១៩។
ក្រុមទាំង២ បានឆ្លងកាត់ការប្រកួត ៣ប្រកួតក្នុងពូល មុនពេលមកជួបគ្នា។ ជប៉ុន នៅក្នុងពូល A ជាមួយ ម្ចាស់ផ្ទះ ចិន, កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ា។ ចំណែក កម្ពុជា នៅពូល B ជាមួយ អ៊ីរ៉ង់, កាហ្សាក់ស្ថាន និងថៃ។ ក្រុមទាំង២ សុទ្ធតែចាញ់ ២ប្រកួត ដូចគ្នា និងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ តាមពូលរៀងខ្លួន។
ចំពោះការប្រកួតក្នុងពូល ជប៉ុន ចាញ់កូរ៉េខាងត្បូង ៣សិត ទល់ ០ និងចាញ់ ចិន ៣សិត ទល់ ០ ហើយឈ្នះ មីយ៉ាន់ម៉ា ៣សិត ទល់ ១សិត។ រីឯ កម្ពុជា អត្ដពលិក បានចាញ់ កាហ្សាក់ស្ថាន ៣សិត ទល់ ០ និងចាញ់ អ៊ីរ៉ង់ ៣សិតទល់០ ហើយឈ្នះ ថៃ ៣សិត ទល់១សិត។
ម្ចាស់ការពារមេដាយមាស អ៊ីរ៉ង់ ត្រូវបន្តទៅជួប កូរ៉េខាងត្បូង ខណៈម្ចាស់ផ្ទះចិន ប៉ះកាហ្សាក់ស្ថាន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែតុលានេះ។ ការប្រកួតដណ្តើមមេដាយមាស និងសំរឹទ្ធ នឹងធ្វើនៅថ្ងៃទី២៧ ខែតុលា៕
Tag:
បាល់ទះអង្គុយ
Asian Para Games
អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com