ជាតិ
សេដ្ឋកិច្ច
កម្ពុជា ផលិតសំបុកត្រចៀកកាំបានជាង ១០០តោន ក្នុងមួយឆ្នាំៗ
26, Oct 2023 , 7:39 pm        
រូបភាព
សកម្មភាពសម្អាតសំបុកត្រចៀកកាំ។ រូបថត៖ ពីហ្វេសប៊ុក​ សំបុកទឹកមាត់ត្រចៀកកាំធម្មជាតិកម្ពុជា
សកម្មភាពសម្អាតសំបុកត្រចៀកកាំ។ រូបថត៖ ពីហ្វេសប៊ុក​ សំបុកទឹកមាត់ត្រចៀកកាំធម្មជាតិកម្ពុជា
បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំជាង៥០០០ផ្ទះ។ ផ្ទះទាំងនេះ​ ផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត១២០តោន ក្នុងមួយឆ្នាំៗ។ នេះជាការលើកឡើងរបស់លោកស្រី ចម និម្មល​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយសង្ឃឹមថា ការនាំចេញផលិតផលនេះ​ទៅកាន់ប្រទសដៃគូ នឹងមានកំណើនជាបន្តបន្ទាប់ ជាពិសេសទីផ្សារនៅហុងកុង និងសហរដ្ឋអាម៉េរិក។

 
ក្នុងពិធីបិទ«វេទិកាធុរកិច្ចសំបុតត្រចៀកកាំកម្ពុជា»​ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២៤តុលា លោកស្រី ចម និម្មល បានបញ្ជាក់ថា សំបុតត្រចៀកកាំ គឺជាផលិតផលមួយរបស់កម្ពុជា ដែលមានសក្តានុពលក្នុងការនាំចេញ។ បើតាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ផលិតសំបុកត្រចៀកកាំកម្ពុជា ក៏អាចដាក់លក់នៅលើទីផ្សារចិន និងប្រទេសក្នុងតំបន់អាស៊ាន តាមរយៈថ្នាលប្រព័ន្ធអេឡិចត្រូនិក«Platform eWTP)បាន​ផងដែរ។ 
 
ថ្នាលនេះ ត្រូវបានអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា ដាក់លក់នូវផលិតផលរបស់ខ្លួនបានដោយត្រង់ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនយក្ស Alibaba របស់ប្រទេសចិន។  សព្វថ្ងៃ ទីផ្សារនាំចេញសំបុកត្រចៀកកាំធំរបស់គេរបស់កម្ពុជា​ គឺប្រទេសចិន បន្ទាប់មកប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ។ លោកស្រី ចម និម្មល បានបន្តរៀបរាប់យ៉ាងដូច្នេះ៖ «[កម្ពុជា]នាំចេញសំបុកត្រចៀកកាំទៅប្រទេសទាំងនេះ បានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ការនាំចេញនេះមានតម្លៃខ្ពស់ ដោយសំបុកត្រចៀកកាំដែលមិនទាន់សម្អាតមានតម្លៃពី៧០០ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាម និងពីតម្លៃ ១៥០០ ទៅ២០០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំដែលត្រូវបានសម្អាតរួច»។​

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC

ជុំវិញនាំការនៃចេញសំបុតត្រចៀកកាំនេះ លោកស្រី និម្មល បានលើកទឹកចិត្តដល់សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកាំកម្ពុជា និងមានចំណែកពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវបន្តកិច្ចសហការ និងចាប់ដៃគូពាណិជ្ជកម្ម ជាមួយពាណិជ្ជករក្នុងវិស័យសំបុកត្រចៀកកាំពីប្រទេសផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ «ជាពិសេស សមាគម ត្រូវពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំ បង្កើនបរិមាណផលិត ការធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវការសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ»។ នេះជាការរៀបរាប់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ 
 
នៅក្នុងវេទិកាធុរកិច្ចសំបុតត្រចៀកកាំកម្ពុជា សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នាចំនួន៦ ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ និងអ្នកផលិតសំបុកត្រចៀកក្នុងស្រុក។  លោកស្រី វ៉ា សុ​ជិន ដែលជាប្រធាន​សមាគម​អ្នក​ផលិត និង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា បានលើកឡើង​ ​ថា នេះជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ត្រចៀកកាំ​កម្ពុជា ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមាជិកអ្នកផលិតសំបុកត្រចៀកកាំ ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​សំបុកត្រចៀកកាំ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ទីផ្សារ​ជាតិ-​អន្តរជាតិ​ រួមទាំងកសាង​ទំនាក់ទំនង​រវាង​ពាណិជ្ជករ​ក្នុងស្រុក និង​អន្តរជាតិ​។​

លោកស្រី វ៉ា សុជិន ដែលជាប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា។ រូបពីសមាគម
 
​លោកស្រី វ៉ា សុជិន បន្តនិយាយថា ៖ ​វេទិកា​នេះ​ ក៏​ដើម្បី​ឈានដល់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ប្រកបដោយ​ទំនុកចិត្ត​, បង្កើត​ឱកាស​ឱ្យ​វិស័យ​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ និង​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការបង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន និង​ស្វែងរក​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ក្នុងការ​នាំចេញ នាំចូល​ផលិតផល​ត្រចៀកកាំ​ដោយ​ស្របច្បាប់​»​។​ 
 
ជាមួយគ្នានេះ លោកស្រី ចុង ជា  ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា បានលើកឡើងថា បច្ចុប្បន្ន​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ប្រទេស​ចិន និង​កម្ពុជា​ កំពុង​ចរចា​យ៉ាងសកម្ម​លើ​កិច្ចព្រមព្រៀង នាំចេញ​សំបុកត្រចៀកកាំ​កម្ពុជាជាផ្លូវការ ​ទៅកាន់​ប្រទេស​ចិន​។​ លោកស្រី​និយាយថា​៖ «​យើង​ទន្ទឹងរង់ចាំ​ការ​នាំចូល​សំបុក​ត្រចៀកកាំកម្ពុជា ដែលមាន​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​ ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្ម ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយជោគជ័យ ជា​បន្តបន្ទាប់ ដូចជា ​អង្ករ ចេក មៀន ដូង និង ​កសិផល​ផ្សេងទៀត»៕
 
Iលោកស្រី ចុង ជា  ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូចិនប្រចាំកម្ពុជា

Tag:
 ពាណិជ្ជកម្ម
  សំបុត្រត្រចៀកកាំ
© រក្សាសិទ្ធិដោយ thmeythmey.com