Lionel Messi រួមជាមួយ Erling Haaland និង Kylian Mbappe មានប្រៀបជាងគេ ចំណោមកីឡាករទាំង ៣០រូប ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ឆ្នាំ២០២៣។
Lionel Messi នៅតែជាកីឡាករកំពូលមួយរូបដែលគេមិនអាចបំភ្លេចបាន ខណៈដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ទី៨ របស់ខ្លួន ក្រោយបានឈ្នះពានរង្វាន់ World Cup 2022 ជាមួយអាហ្សង់ទីន ស្របពេលដែល Erling Haaland និង Kylian Mbappe ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់មួយនេះលើកដំបូងក្នុងអាជីព។ ការប្រកាសសម្រាប់អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា។
ប្រធានក្រុមអាហ្សង់ទីន ជាកីឡាករដ៏អស្ចារ្យបំផុតមួយនៅលើពិភពបាល់ទាត់ ដោយរូបគេបានសម្រេចក្តីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២២ ដែលរូបគេបានទន្ទឹងរង់ចាំរយៈពេលជាងច្រើនឆ្នាំ។ ពានរង្វាន់ World Cup គឺពានរង្វាន់ចុងក្រោយដែលរូបគេបានស្វែងរកដើម្បីទីបង្គ្រប់កំណត់ត្រាក្នុងនាមជាកីឡាករដែលឈ្នះពានរង្វាន់ធំៗទាំងអស់លើពិភពលោក។ Messi បានទៅចូលរួមក្លិប Inter Miami កាលពីខែមិថុនា រូបគេក៏បានបង្ហាញទម្រង់លេងដ៏ខ្លាំងរបស់គេជួយ Inter Miami ឈ្នះពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រថែមទៀត បើទោះជារូបគេមានវ័យ ៣៦ឆ្នាំ ក៏ដោយក្តី។
Erling Haaland ជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ខ្លាំងពូកែរបស់ក្រុម Manchester City ដោយក្លិបមួយនេះដើរលើផ្លូវដ៏ត្រូវបំផុតដែលចុះកិច្ចសន្យាយកកីឡាករសញ្ជាតិន័រវែសមួយនេះ។ Haaland ជួយបង្កើនប្រវតិ្តសាស្ត្រដល់ក្លិបជាមួយការឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាល កាលពីរដូវកាល ២០២២-២៣ ហើយដោយគេក៏រកបានគ្រាប់បាល់ច្រើនបំផុត ៦១គ្រាប់ ពីការបង្ហាញខ្លួន ៥៣លើក។ កំណត់ត្រាដ៏ធំសម្បើមទាំងនេះបានរុញច្រាន Haaland ក្នុងនាមជាកីឡាករដែលគួរតែឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣។
Kylian Mbappe ក៏នៅតែជាកីឡាករមួយរូបតែងតែមានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់មួយនេះ ប៉ុន្តែបើមើលតាមការបង្ហាញរបស់គេរដូវកាលមុន ហាក់បីមិនអាចនឹងប្រជែងទល់នឹង Messi បានឡើយ ខណៈដែលមាន Haaland កំពុងតែធ្វើឱ្យកក្រើកនៅបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប។ តែយ៉ាងណាកំណត់ត្រានៃការឈ្នះ World Cup 2018 និងជួយ PSG ឈ្នះពានរង្វាន់ Ligue 1 ៥រដូវកាលជាប់គ្នា ធ្វើឱ្យរូបគេជាកីឡាករមួយរូបដែលមិនអាចមើលរំលងបាន។
Rodri ខ្សែបម្រើក្រុម Manchester City កាលពីរដូវកាលមុន គឺជាតួឯកដែលស៊ុតបាល់បញ្ចូលទីជួយដល់ក្រុមឈ្នះពានរង្វាន់ UEFA Champions League។ កីឡាកររូបនេះសំខាន់ខ្លាំងសម្រាប់ក្រុមរបស់លោក Pep Guardiola ប្រសិនបើគ្មានរូបគេនោះក្រុមនឹងជួបបញ្ហាក្នុងការប្រកួត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេនៅពេលរូបគេបានវិលត្រឡប់ជួយក្រុមក្រោយការប្រកួតឱ្យក្រុមជម្រើសជាតិរួច រូបគេរួមចំណែកដល់ Man City យកឈ្នះលើ Brighton កាលពីសប្តាហ៍មុន។
Vinicius Junior របស់ក្រុម Real Madrid ក៏ជាកីឡាករមួយរូបស្ថិតក្នុងការប្រជែងពានរង្វាន់នេះផងដែរ ដោយគេត្រឹមតែវ័យ ២៣ឆ្នាំ តែគេរកបានគ្រាប់បាល់ ៦០គ្រាប់ហើយសម្រាប់ក្រុម Real Madrid។ កីឡាករសញ្ជាតិប្រេស៊ីលបានជួយដល់ក្រុមយក្សអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ជាមួយនឹងការស៊ុតគ្រាប់បាល់ ៤៤គ្រាប់ផងដែររាល់ការប្រកួតទាំងលីគ និង UCL។
Kevin De Bruyne ខ្សែបម្រើរបស់ Manchester City បច្ចុប្បន្នជាខ្សែបម្រើដ៏ខ្លាំងជាងគេបង្អស់ក្នុងពិភពបាល់ទាត់ ដោយរូបគេបានជួយដល់ក្រុមឈ្នះពានរង្វាន់ ៣ រដូវកាលមុន។ កាលពីឆ្នាំ ២០២២ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រជែងពានរង្វាន់ Ballon d’Or នេះ៕