ជាតិ
សេដ្ឋកិច្ច
៩ខែ កម្ពុជានាំចេញទំនិញមានតម្លៃ ៥,៨១ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិក RCEP ​
27, Oct 2023 , 8:59 pm        
រូបភាព
ឡាន​ដឹក​ទំនិញ​បើក​ចេញ​ពី​កំពង់ផែ​ស្ងួត ហុង ឡេង​ហួរ នៅ​ភ្នំពេញ ។ រូបភាព ៖ Xinhua
ឡាន​ដឹក​ទំនិញ​បើក​ចេញ​ពី​កំពង់ផែ​ស្ងួត ហុង ឡេង​ហួរ នៅ​ភ្នំពេញ ។ រូបភាព ៖ Xinhua
រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៨១ពាន់លានដុល្លារ ទៅ​កាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផ្សេង​ទៀត។ ទំហំនេះកើនឡើង ២៣,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

 
រយៈពេល៩ ខែឆ្នាំនេះ ទីផ្សារនៃការនាំចេញសំខាន់ៗ​ទាំង​បី​របស់​កម្ពុជា ​ក្រោម​កិច្ច​ព្រម​ព្រៀង RCEP មាន​វៀតណាម ចិន និង​ជប៉ុន។
 
កម្ពុជាបាននាំចេញផលិតផលដែលមាន តម្លៃ ២,០៣ ពាន់លានដុល្លារ ទៅកាន់វៀតណាម កើនឡើង ៣០,៦ ភាគរយ និង ១,០៦ ពាន់លានដុល្លារ ទៅកាន់ចិន ដែលកើន ១៨,២ភាគ​រយ​​។ ទន្ទឹមនេះ ការនាំចេញទៅជប៉ុន មានត្រឹមតែ ៨៨៥,៧ លានដុល្លារ ធ្លាក់ចុះ ១,៣​ភាគរយ។
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានសមាជិកចំនួន ១៥ប្រទេសរួមមានសមាជិក​អាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួន៥ទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បាន​និយាយថា RCEP ដែលចូលជាធរមានកាលឆ្នាំ២០២២ ជាកត្តាជំរុញកំណើនការនាំចេញ​របស់កម្ពុជា ហើយបានក្លាយជាមេដែកដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់​ពីបរទេស​កាន់តែច្រើនទៅកាន់ប្រជាជាតិអាស៊ាន។
 
« ​កំណើន​ការ​នាំ​ចេញ​បាន​បង្ហាញ​ថា​ប្រទេស​ជា​ដៃគូ RCEP ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ផលិតផល​ផលិត​នៅ​កម្ពុជា»។ នេះបើតាមលោក សុវិជាតិ បានប្រាប់សារព័ត៌មាន​ចិន Xinhua ។ 
 
លោកបន្តថា ជាមួយនឹងពន្ធអនុគ្រោះដែលផ្តល់នៅក្រោមកិច្ចព្រមព្រៀង RCEP គ្មានអ្វីគួរ​ឱ្យសង្ស័យទេដែលថាការនាំចេញរបស់កម្ពុជាទៅកាន់សមាជិក RCEP ផ្សេងទៀតនឹង​បន្តកើនឡើងសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។
 
ជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត នឹង​ជួយ​កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧ និងសម្រេច​បាននូវគោល​ដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែល​​មានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លោក សុវិជាតិ បានគូសបញ្ជាក់បែបនេះ៕  

Tag:
 RCEP
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com