ជាតិ
​​​ន​យោ​បាយ​ជាតិ​
មរណភាពលោក លី ខឹឈាំង ជាការបាត់បង់មិត្ត​ដ៏ល្អ​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា
27, Oct 2023 , 2:49 pm        
រូបភាព
ដោយ: រួបរួម
អតីតប្រមុខ​រដ្ឋាភិបាល​ចិន លោក លី ខឹឈាំង បានទទួលមរណភាព​ក្នុងអាយុ​៦៨​ឆ្នាំ ដោយ​ជំងឺគាំងបេះដូង កាលពី​យប់ឈាន​ចូលថ្ងៃទី​២៧ ខែតុលា នៅក្រុង​សៀងហៃ។ «កម្ពុជា​បាន​បាត់បង់មិត្ត​ដ៏ល្អម្នាក់​របស់ខ្លួន ហើយ​លោក​ស្ថិតក្នុងការ​ចងចាំជានិច្ច​របស់​កម្ពុជា និងពលរដ្ឋកម្ពុជា»។ នេះ​បើតាម​ខ្លឹមសារនៃលិខិត​រំលែក​ទុក្ខ​ដាច់ដោយឡែក ដែលសម្តេច ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាកម្ពុជាផ្ញើ​ជូន​លោកប្រធានាធិបតី ស៊ី ជិនពីង ដែលជាអគ្គ​លេខាធិការនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន រីឯសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើ​ទៅ​សមភាគីចិន លោក លី ឈាង។



«មរណភាពរបស់ឯកឧត្តម [លី ខឹឈាំង] តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស»។ សម្តេច ហ៊ុន សែន សម្តែងការសោកស្តាយ ដោយ​បាន​អះអាងថា ​បុរសរដ្ឋចិន ដែលជាមិត្ត​ដ៏ល្អ​របស់​កម្ពុជា​រូបនេះ ស្ថិតក្នុងការចងចាំជានិច្ច ព្រោះលោក​បាន​រួមចំណែក​យ៉ាង​សំខាន់​ចំពោះទំនាក់ទំនង​ប្រទេសជាតិ និងនយោបាយ​ដ៏រឹងមាំ​របស់គណបក្សទាំងពីរ។
 
ដូចគ្នា​ផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាត់ទុក​លោក លី ខឹឈាំង ជាឥស្សរជន​នយោបាយ​ដ៏លេចធ្លោមួយ​រូប​ក្នុងប្រវត្តិសាស្ត្រចិន ហើយ​លោក​ស្ថិតក្នុងការ​ចងចាំជានិច្ច​ក្នុងនាមជាមិត្ត​ដ៏ល្អ​របស់កម្ពុជា។
 
សម្តេច ហ៊ុន ម៉ាណែត បាន​រំលឹកពី​ដំណើរទស្សនកិច្ច​មក​កាន់កម្ពុជា​របស់អតីតនាយករដ្ឋមន្ត្រីចិន​រូបនេះ កាលពីអំឡុង​ឆ្នាំ២០១៨ និង​ឆ្នាំ២០២២ ដោយមាន​ឯកសារនៃកិច្ច​សហប្រតិបត្តិការជាច្រើន​ត្រូវបាន​ចុះហត្ថលេខា ក្នុងនោះមាន​ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល សុខភាព បម្រែបម្រួលអាកាសធាតុ បច្ចេកវិទ្យា ឱសថបុរាណ ការ​អប់រំជាដើម។
 
«លោក​ក៏បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួមជាមួយ​មេដឹកនាំអាស៊ាន នាអំឡុង​កិច្ច​ប្រជុំអាស៊ាន-ចិន និង​កិច្ច​ប្រជុំអាស៊ាន​បូក​បី»។ នេះជាការកត់សម្គាល់របស់ប្រមុខ​រដ្ឋាភិបាលកម្ពុជា​ចំពោះសកម្មភាព​របស់អតីតនាយករដ្ឋមន្ត្រីចិន។
 
ហេតុការណ៍ស្លាប់របស់លោកលី ត្រូវបានប្រជាជនចិនមួយចំនួន ចាត់ទុកជាការបាត់បង់បុរសសំខាន់មួយនៅក្នុងប្រទេស។ ប្រជាជនចិនមួយរូប បានសរសេរលើបណ្តាញសង្គមថា ការបាត់បង់លោកលី ប្រៀបដូចជាចិន បានបាត់បង់សសរស្ដម្ភមួយរបស់ប្រទេសចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com