កីឡាអន្តរជាតិ
អន្តរជាតិ
Onana អ្នកចាំទី Man Utd គាំទ្រ Garnacho ដែលប្រដូចខ្លួននឹងសត្វស្វាហ្គូរីឡាលើបណ្តាញសង្គម
27, Oct 2023 , 3:59 pm        
រូបភាព
Andre Onana អ្នកចាំទីក្រុម Manchester United បង្ហាញការគាំទ្រដល់មិត្តរួមក្រុម Alejandro Garnacho  ជុំវិញការបង្ហោះរូបនៅលើបណ្តាញសង្គម X ដោយដាក់រូបសត្វស្វាហ្គូរីឡាដំណាងឱ្យការសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រជាមួយនឹងអ្នកចាំទីសញ្ជាតិកាម៉េរូន។ ទោះ Onana មិនប្រកាន់ការដាក់រូបភាពសត្វស្វាហ្គូរីឡានោះ ប៉ុន្តែត្រូវបានគេចាត់ទុកថាប្រៀបបានជាការរើសអើង ស្របពេល Garnacho ត្រូវសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បើកការស៊ើប​អង្កេត​។



Garnacho កីឡាករវ័យ ១៩ឆ្នាំ សញ្ជាតិអាហ្សង់ទីន បានបង្ហោះរូបភាពដែលមានរូបគេឈរក្បែខ្សែការពារ Harry Maguire អបអរជាមួយនឹងអ្នកចាំទី Onana ក្រោយរូបគេបានសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅចុងម៉ោង ក្នុងជំនួបពានរង្វាន់វគ្គជម្រុះ UEFA Champions League ទល់នឹងក្រុម FC Copenhagen កាលពីថ្ងៃទី២៤ ខែតុលា។ 
 
ការបង្ហោះនោះ Garnacho បានដាក់រូបភាពដែលបង្ហាញពីអារម្មណ៍ ឬ (Emoji) ដោយដាក់រូបសត្វស្វាហ្គូរីឡា (Gorilla) ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក រូបគេក៏បានលុបការបង្ហោះនោះចេញវិញ។
  


បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ស្ថាប័ន FA បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនសួរនាំចំពោះការបង្ហោះរូបភាពដោយមានរូបស្វាហ្គូរីឡា ដែលហាក់សំដៅទៅកាន់អ្នកចាំទី Onana។
 
ទោះបីជាយ៉ាងនេះក្តី Onana ក៏បានបង្ហោះនៅលើបណ្តាញសង្គម X គាំទ្រដល់ការបង្ហោះរបស់មិត្តរួមក្រុម ហើយថែមទាំងថាខ្សែប្រយុទ្ធគ្មានកំហុសចំពោះការបង្ហោះនោះឡើយ។ Onana បាននិយាយបែបនេះ ៖ « មនុស្សគ្រប់គ្នាមិនអាចជ្រើសរើសអ្វីដែលនឹងធ្វើឱ្យខ្ញុំគួរអាក់អន់ចិត្តឡើយ។ ខ្ញុំដឹងច្បាស់ថា Garnacho ចង់មានន័យយ៉ាងណា ដោយរូបភាពនោះគេចង់បង្ហាញពីថាមពល និងកម្លាំង ហើយរឿងរ៉ាវទាំងនេះមិនគួរបន្តមានរឿងវែងឆ្ងាយទៀតទេ។»។
 
អំឡុងការប្រកួតដែល Man United យកឈ្នះការប្រកួត Champions League ក្នុងពូល A ដោយយកឈ្នះលើក្រុម FC Copenhagen ដោយគ្រាប់បាល់ជ័យជម្នះ​ ១-០ ជាការតែតយ៉ាងល្អពីសំណាក់ខ្សែការពារ Harry Maguire។ Harry Maguire តែតបាល់បញ្ចូលទី១គ្រាប់ និង Onana សង្គ្រោះបាល់ពិន័យ ១១ម៉ែត្រចុងម៉ោង ជាតួឯកក្នុងការជួយនាំ ៣ពិន្ទុ លើកដំបូងក្នុងការប្រកួតពានរង្វាន់អឺរ៉ុប៕

Tag:
 Andre Onana
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com