ជាតិ
អ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិល​ នាចុងឆ្នាំ​នេះ
27, Oct 2023 , 6:59 pm        
រូបភាព
Onana អ្នកចាំទី Man Utd គាំទ្រ Garnacho ដែលប្រដូចខ្លួននឹងសត្វស្វាហ្គូរីឡាលើបណ្តាញសង្គម
Onana អ្នកចាំទី Man Utd គាំទ្រ Garnacho ដែលប្រដូចខ្លួននឹងសត្វស្វាហ្គូរីឡាលើបណ្តាញសង្គម
ការងារជួសជុលប្រាសាទតាព្រហ្មកិល សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈ​ក្រុមអ្នកជំនាញ អះអាងថាការងារនេះ គ្រោងបញ្ចប់នៅ​ចុង​ឆ្នាំ​២០២៣​នេះ​ បើគ្មានការ​ប្រែ​ប្រួលណាមួយនោះ។ នេះបើតាមការ​ផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅលើទំព័រហ្វេសប៊ុក។

 
បើតាមប្រភពដដែល ដំណើរការជួសជុលប្រាសាទ​តា​ព្រហ្ម​កិល បានចាប់ផ្តើម កាលពីពាក់​កណ្តាលឆ្នាំ២០២៣ ក្រោយអ្នកជំនាញមើលឃើញពីភាពខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះ​បាន​ធ្លាក់​កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុង​ខាងត្បូង និងខាងលិច។
 
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃ​នាយក​ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា ត្រូវបានក្រសួង​វប្បធម៌​ស្រង់សម្តី​ថា ​ ​ដំណើរ​ការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុល​ខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បាន​រួចរាល់​ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។ 
 
សកម្មភាពរបស់អ្នកជំនាញជួសជុលប្រាសាទព្រហ្មកិល។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រោយបញ្ចប់ ការ​ជួសជុលតួប៉មហើយ ក្រុមអ្នកជំនាញ គ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោង​ទ្វារ​​ច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី បានដូច្នេះ។
 
សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុង​មន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជ​ព្រះបាទ​ជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រិស្តសករាជ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាង​លិច​ឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕
 

Tag:
 វប្បធម៌
  ប្រាសាទព្រហ្មកិល
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com