កីឡាជាតិ
ជាតិ
គ្រូភ្នំពេញក្រោន ប្រើយុទ្ធសាស្ត្រដាក់សម្ពាធ ឆ្មក់ឱកាស ទើបគ្រាប់បាល់ភាគច្រើនកើតឡើងនៅវគ្គទី២
27, Oct 2023 , 10:59 pm        
រូបភាព
កីឡាករ ភ្នំពេញក្រោន អបអរគ្រាប់បាល់
កីឡាករ ភ្នំពេញក្រោន អបអរគ្រាប់បាល់
គ្រាប់បាល់ជ័យជម្នះរបស់ភ្នំពេញក្រោន ទាំងក្នុងការប្រកួតលីគកំពូលកម្ពុជា និងក្នុងពានរង្វាន់ AFC Cup ភាគច្រើនកើតឡើង នៅក្នុងតង់ទី២។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានបញ្ជាក់ថា ចំពោះទម្រង់លេងនៅតង់ទី១ និងទី២ គឺរបៀបតែមួយ ប៉ុន្តែមូលហេតុនាំឲ្យកើតមានគ្រាប់បាល់រឿយៗនៅតង់ទី២ ដោយសារការដាក់សម្ពាធឲ្យគូប្រកួត បង្កើតការធ្វេសប្រហែស និងកំហុស ដើម្បីចាប់ឱកាសរកគ្រាប់បាល់។



គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់ពីគន្លឹះខ្លះ របស់ក្រុមខ្លួន ដែលតែងតែបង្កើតគ្រាប់បាល់នៅតង់ទី២ ដូច្នេះថា ទម្រង់លេង នៅតង់ទី១ និងតង់ទី២ គ្មានអ្វីខុសគ្នាទេ ហើយអំឡុងសម្រាក១៥នាទី បន្ទាប់ពីចប់តង់ទី១ លោក Oleg Starynskyi បានមិនបានប្រាប់កីឡាករ ពីគន្លឹះ នៃការប្រកួតអ្វីដែរ។ គ្រូបង្វឹករូបនេះ គ្រាន់តែជំរុញឲ្យកីឡាករ បន្ដការដាក់សម្ពាធលើគូប្រកួត ហើយត្រូវមានជំនឿចិត្តលើខ្លួនឯង ប៉ុណ្ណោះ។
 
គ្រូសញ្ចាតិអ៊ុយក្រែនរូបនេហ បន្ថែមថា រាល់ការប្រកួតរបស់ក្រុមភ្នំពេញក្រោន កីឡាករ តែងតែចង់ឈ្នះ និងរកគ្រាប់បាល់ នៅពេលដែលមានឱកាស។ Oleg ពន្យល់ថា ទម្រង់នេះ ដូចជាកីឡាករប្រដាល់ ដែលព្យាយាម ដាក់សម្ពាធ ហើយវាស់ស្ទង់បច្ចេកទេស បន្ទាប់មកក៏ធ្វើឲ្យគូប្រកួតអស់កម្លាំង ហើយកើតមានការធ្វេសប្រហែស ទើបវាយសម្រុកយកតែម្ដង។
  
កីឡាករ ភ្នំពេញក្រោន អបអរគ្រាប់បាល់ទាត់ចូល

«មិនមានអ្វីប្លែកគ្នារវាង តង់ទី១ និងតង់ទី២ទេ ព្រោះយើងចង់ឈ្នះ យើងចង់បានគ្រាប់បាល់។ យើងចង់គ្រប់គ្រងការប្រកួត ហើយបង្កើតឱកាស។ ទម្រង់លេងនេះ គឺការដាក់សម្ពាធដៃគូ ហើយបង្កើតឱកាសម្ដងបន្ដិចៗ។ វា ដូចជាប្រដាល់ ធ្វើឲ្យគូប្រកួតអស់កម្លាំង ហើយធ្វើឲ្យគូប្រកួតបង្កើតការធ្វេសប្រហែស ហើយវាយសម្រុកយកតែម្ដង។ ដូច្នេះ ខ្ញុំ គិតថាគ្មានអីគួរឲ្យភ្ញាក់ផ្អើលផង ព្រោះពេលអ្នក ប្រកួតក្រោមសម្ពាធ មិនយូ មិនឆាប់ អ្នកនឹងចាញ់។ ដូចជាប្រដាល់ យើងដាក់សម្ពាធ ធ្វើឲ្យគូប្រកួតអស់កម្លាំង រហូតវាយសម្រុកនៅតឹកចុងក្រោយ។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
ជាក់ស្ដែង ជ័យជម្នះ ភ្នំពេញក្រោន លើវិសាខា ក្នុងពានរង្វាន់ Super Cup ក្នុងលទ្ធផល ២-១ គឺ ភ្នំពេញក្រោន បានតាមស្មើ ១-១ នៅនាទី៨៤ ហើយរកបាន១គ្រាប់ទៀត នៅនាទី១១០ នៃការថែមម៉ោង ១៥នាទី ២ដង។
  
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពី Cambodian Premier League

ចំណែកក្នុងពានរង្វាន់ AFC Cup 2023-2024 រាប់ចាប់ពីវគ្គជម្រុះបឋមជាមួយ Young Elephant  FC របស់ឡាវ រហូតមកដល់វគ្គចែកពូល F ដែលគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ភ្នំពេញក្រោន បានទាត់បញ្ចូលទី គូប្រកួត បាន១៦គ្រាប់។ ១៦គ្រាប់នោះ មាន ១៣គ្រាប់ រកបាននៅក្នុងតង់ទី២។ ឧទាហរណ៍ ភ្នំពេញក្រោន ស្មើ ០-០ ជាមួយ Young Elephant FC នៅតង់ទី១ ហើយតង់ទី២ ឈ្នះ ក្រុមមកពីឡាវនេះ លទ្ធផល ៣-០។ ចំណែកការប្រកួតជាមួយ Shan United ភ្នំពេញក្រោន នាំមុខ ១-០ នៅតង់ទី១។ លុះចូលតង់ទី២ ក្លិបកម្ពុជានេះ ឈ្នះលទ្ធផល ៤-០។ 
 
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ភ្នំពេញក្រោន បានយកឈ្នះ Macarthur FC ក្នុងលទ្ធផល ៣-០។ ៣គ្រាប់ជ័យជម្នះនេះ គឺរកបាននៅនាទី ៧៥ និង៨៦ ដោយកីឡាករ Shimizu Shintaro និង ៩០+៤ ដោយកីឡាករ ផាច់ សុជាវិឡា៕
 

Tag:
 Oleg Starynskyi
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com