RFI
អន្តរជាតិ
ចិនបង្ហោះយានអវកាស Shenzhou-17 ទៅដល់គន្លងតារាវិថី ដោយជោគជ័យ 
ចិនបង្ហោះយានអវកាស Shenzhou-17 ទៅដល់គន្លងតារាវិថី ដោយជោគជ័យ AP - Andy Wong
×![]()
ដោយ៖ទុយ ដានែល/RFI
ថ្ងៃព្រហសត្បិ៍ទី ២៦ តុលា នៅម៉ោង ១១និង១៤ នាទីព្រឹក ចិនបានបាញ់បង្ហោះយានអវកាស Shenzhou-17 ដែលមានផ្ទុកអាកាសយាននិកចិនចំនួន ៣ រូប សំដៅទៅកាន់ស្ថានីយអវកាស ចិនឈ្មោះ Tiangong ដែលស្ថិតនៅចម្ងាយចន្លោះពី ៣០០ ទៅ ៤០០ គីឡូម៉ែត្រពីភពផែនដី។ នេះជាលើកទី១ដែលចិន បានបញ្ជូនក្រុមអាកាសយានិក « វ័យក្មេង » របស់ខ្លួន ទៅកាន់លំហអាកាស ពោលគឺ អាកាសយានិកទាំងនេះ មានអាយុជាមធ្យមត្រឹម ៣៨ ឆ្នាំ បើធៀបនឹងបេសកកម្មអវកាសរបស់ចិនលើកមុន កាលពីខែឧសភាកន្លងទៅ ដែលមានអាកាសយានិក ក្នុងវ័យជាមធ្យម ៤២ ឆ្នាំ។ គួរបញ្ជាក់ថា បេសកកម្មអវកាសរបស់ចិនលើកនេះ គឺធ្វើឡើង ក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីលំហអាកាស ដើម្បីឈានទៅបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងបច្ចេកវិទ្យាបង្ហោះយានអវកាស ដែលមានមនុស្សជិះ។ តែ មហិច្ឆតាធំបំផុតរបស់ចិននោះគឺ ចិនរំពឹងថានឹងអាចបញ្ជូន យានអវកាសមានមនុស្សបើក ឲ្យទៅចុះចតនៅលើភពព្រះចន្ទ នៅរវាងឆ្នាំ ២០៣០ ខាងមុខ។
បាញ់ចេញពីតំបន់វាលខ្សាច់ Gobi ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន យានអវកាស Shenzhou-17 បានធ្វើដំណើរទៅដល់ស្ថានីយអវកាសចិន Tiangong ប្រមាណ ៦ម៉ោងកន្លះ បន្ទាប់ពីបានចាកចេញ ពីភពផែនដី។ នេះបើតាមការថ្លែងការរបស់ អ្នកនាំពាក្យនៃកម្មវិធីអវកាសចិន លោក លីន ស៊ីឈាង។ លោកបានឲ្យដឹងទៀតថា យាន Shenzhou-17 នឹងត្រូវបំពេញបេសកកម្មនៅលើលំហអាកាស ក្នុង រយៈពេល ៦ ខែ។
ស្ថានីយអវកាស Tiangong ដែលគេអាចហៅកាត់បានម៉្យាងទៀតថា CSS ឬ Chinese Space Station ត្រូវបានកសាងរួចរាល់ និង ដាក់ឲ្យដំណើរការពេញលេញ ចាប់ពីឆ្នាំ ២០២២ មក។ ស្ថានីយនេះ នឹងត្រូវ បន្តបេសកកម្ម នៅលើអាកាស ក្នុងអំឡុងពេលយ៉ាងហោចណាស់ ១០ ឆ្នាំ។ គួរបញ្ជាក់ថា ចិនចាំបាច់ត្រូវ សាងសង់ស្ថានីយនេះឡើង ដោយសារតែសហរដ្ឋអាមេរិក បានបដិសេធមិនឲ្យចិនចូលរួមក្នុង ស្ថានីយអវកាសអន្តរជាតិ ឬ ISS ដែលមានប្រទេសធំៗផ្សេងទៀតជាសមាជិកដូចជា អាមេរិក រុស្ស៊ី អឺរ៉ុប និង កាណាដា។
គិតមកទល់ពេលនេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិ បានចំណាយថវិការ រាប់ពាន់លាន ដុល្លារ ដើម្បីសិក្សា និង ពន្លឿនបច្ចេកវិទ្យាអវកាសរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យចាញ់អាមេរិក និង រុស្ស៊ី។ គួរកត់សំគាល់ថា នៅក្រោមអាណត្តិលោក ស៊ី ជីនពីង វិស័យអវកាសចិន កំពុងមានសន្ទុះឡើងខ្លាំង។
សូមរំឭកឡើងវិញថា ចិនបានបញ្ជូនអាកាសយានិករបស់ខ្លួន ទៅដល់លំហអាកាសលើកទី១ ក្នុងឆ្នាំ ២០០៣។ ក្រោយមក ក្នុងឆ្នាំ ២០១៩ យានអវកាសចិនគ្មានមនុស្សបើក បានចុះចតនៅលើប៉ែក ងងឹតរបស់ភពព្រះចន្ទ។ ថ្មីៗនេះ នៅឆ្នាំ ២០២១ ចិនបានបញ្ជូនរ៉ូបូតរបស់ខ្លួន ទៅដល់ភពអង្គារ៕
© រក្សាសិទ្ធិដោយ thmeythmey.com