ជាតិ
សេដ្ឋកិច្ច
ក្រោយ​ខកខាន៤ឆ្នាំ អ្នកជំនួញ ឧកញ៉ា ត្រៀមជួប​រដ្ឋាភិបាល​ក្នុងវេទិកាលើកទី១៩ ដើម្បីរួមគ្នា​អភិវឌ្ឍកម្ពុជា
27, Oct 2023 , 7:59 pm        
រូបភាព
ក្រោយខក​ខាន​រយៈពេល​៤​ឆ្នាំ​ដោយសារវិបត្តិ​កូវីដ-១៩ វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  (G-PSF) លើកទី១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ខាងមុខ។ នេះនឹង​ក្លាយ​ជាជំនួប​លើក​ដំបូង​ផងដែរ​ ក្រោម​ការ​ដឹកនាំ​របស់​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ កិច្ចប្រជុំផ្ទៃក្នុង​នៃក្រុម​ការងារនីមួយៗ ត្រូវបាន​រៀបចំឡើង​ជាបន្តបន្ទាប់ នៅ​មុន​វេទិកាថ្នាក់ជាតិ។

 
សម្តេច ហ៊ុន ម៉ាណែត តែងតែ​លើកឡើង​សារសំខាន់របស់​វិស័យ​ឯកជន​ដែល​ជាកម្លាំង​ចលករនៃកំណើន​សេដ្ឋកិច្ចជាតិ​។ តាមរយៈវេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  (G-PSF) លើក​ទី​១៩ សម្តេច​អះអាងថា រដ្ឋាភិបាល​រង់ចាំ​ស្តាប់នូវមតិយោបល់ និង​សំណូមពរនានា ពីវិស័យឯកជននៃកំណើន​សេដ្ឋកិច្ច ជាមួយនឹង​​ការ​ត្រៀម​ដាក់​ចេញ​វិធានការ និង​ការអនុវត្តជាក់ស្តែង​ក្នុងការបន្ត​ជំរុញ​គាំទ្រ​វិស័យ​ឯកជន។
 
សម្រាប់រដ្ឋាភិបាលអណត្តិថ្មីនេះ ក្រុម​ការងារ​តាម​វិស័យខាង​រដ្ឋាភិបាល​សម្រាប់​ធ្វើជាដៃគូពិភាក្សា​ការងារជាមួយ​វិស័យ​ឯកជន មាន​ការ​ផ្លាស់ប្តូរច្រើន ជាពិសេសរដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុក ខណៈក្រុមការងារ​ផ្នែកឯកជន​ទាំង​១៤ ដែល​ធ្វើការ​ងារជាមួយ​រដ្ឋាភិបាល ក៏មាន​ការ​ដោះដូរមួយចំនួន​ផងដែរ។
 


ក្រុមការងារ«ក» ដែល​ទទួល​បន្ទុក​លើ​ផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម មាន​លោក ម៉ុង ឬទ្ធី ជាសហប្រធាន រួម​ជាមួយ​រដ្ឋមន្ត្រីកសិកម្ម​ រុក្ខា ប្រមាញ់ និងនេសាទ លោក ឌិត ទីណា។ ក្នុងក្រុម​ការងារនេះ តំណាង​ឯកជន មានអនុប្រធាន៦​រូប គឺ​លោក ផែ ហុកឈួន, លោក ហ៊ុន ឡាក់, លោក សុខ ឆេង, លោក អាន ម៉ាឌី, លោក ភូ វាសនា និង​លោក ម៉ែន សុភក្តិ រួមជាមួយ​សមាជិក​២៣រូប។
 
ផ្នែក​ទេសចរណ៍ ដែលស្ថិតក្នុងក្រុម​ការងារ «ខ» មាន​លោក លូ ម៉េង ប្រធាន​សហព័ន្ធទេសចរណ៍កម្ពុជា ជា​សហប្រធាន​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក សុខ សូកេន។  ក្នុងវិស័យ​ឯកជន លោក ឌិន សុមេធារិទ្ធ, លោកស្រី ឆាយ ស៊ាវលីន, លោក ឡាយ គីមសួរ និងលោកស្រី ស្រ៊ាត មុំសោភា ជា​អនុប្រធាន​ ហើយ​​៣៥រូបទៀត​ជាសមាជិក។
 
ក្រុមការងារ«គ» ដែលទទួល​ខុសត្រូវ​ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា​ មាន​លោក តែ តាំងប៉រ ប្រធាន​សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​(FASMEC)  ធ្វើជាសហប្រធានរួមជាមួយ​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ខាងឯកជន មានអនុប្រធាន​៤រូប គឺលោក សុខ ស្រស់, លោកស្រី កែវ មុំ, លោក តាំង គួង, លោក ហេង វុទ្ធី និង​សមាជិក​២៥រូប។
 


ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលជាក្រុម​ការងារ «ឃ»។ លោក អានូដ ដាក  (Arnaud Darc) ធ្វើជាសហប្រធានជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។ កាលពី​វេទិកា​លើកទី១៨ នា​ឆ្នាំ២០១៩ សហប្រធាន​វិស័យឯកជន គឺ​លោក ប្រេដតុន ស្ការ៉ូនី។ ក្រុមការងារនេះ មានលោក សុខ ពិសិដ្ឋ, លោក តាន់ មុនីវណ្ណ លោ គួច ផេង ជា​អនុប្រធាន និងសមាជិកចំនួន៥៧នាក់។
 
សម្រាប់​ក្រុមការងារ«ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ  លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារ អេស៊ីដា បន្ត​ធ្វើសហប្រធាន​ផ្នែក​ឯកជន រីឯលោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា ជាសហប្រធាន​ផ្នែក​រដ្ឋាភិបាល។ វិស័យឯកជន មាន​អនុប្រធាន​៦រូប គឺលោក វ៉ាន់ ឆារស៍ជួន, លោក លឹម សុជាតិ, លោក គា បូរាណ, លោក ប៊ុន យីន, លោក ហោ ប៊ុនថៃ, លោក ឈុន វឌ្ឍនភក្តី និង​សមាជិក៣៦រូប។
 
ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាក្រុម​ការងារ «ច» មានលោក សូ ងួន  ម្ចាស់ក្រុមហ៊ុន សូ ងួន គ្រុប​ ជាសហប្រធាន ជាមួយ​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុម​ការងារនេះ មាន​អនុប្រធាន​៦រូប គឺ​លោក វិញ ហួរ, លោក ហ៊ី បាវី, លោក គួច ផេង, លោក គុជ ស៊ីនិត, លោក ស៊ិន ចន្ធី, លោក ទី ពិសិដ្ឋ និង​សមាជិក៣១រូប ពីវិស័យឯកជន។
 


ក្រុម​ការងារ «ឆ» ទទួល​ខុសត្រូវ​ផ្នែក​ផលិតកម្ម​កែច្នៃសម្រាប់នាំ​ចេញ និង​កិច្ច​សម្រួលពាណិជ្ជកម្ម ដោយ​លោក គួច ផេង ជាសហប្រធាន​ជាមួយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កាលពីវេទិកាឆ្នាំ២០១៩ លោក វ៉ាន់ ស៊ូអៀង ជាសហប្រធាន​ខាង​វិស័យឯកជន។ ខាងឯកជន មានអនុប្រធាន​៥រូប គឺលោក តាន់ មុនីវណ្ណ,​លោក លី ឃុនថៃ, លោក គង់ សាង, លោក លឹម តុង, លោកស្រី ចាន់ សុទ្ធា និង​សមាជិក៣៤រូប។
 
ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ជាបន្ទុក​របស់ក្រុមការងារ«ជ» ដែលមានលោក ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ជាសហប្រធានជាមួយលោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ ក្រុមការងារនេះ មាន​អនុប្រធាន​៤នាក់ គឺ​លោក សុខ ពិសិដ្ឋ, លោក គង់ សាង, លោកស្រី អ៊ឹង ស៊ាងរិទ្ធី, លោក ឡី សុភាព និងសមាជិក៣១នាក់ពីវិស័យឯកជន។
 
ក្រុមការងារ«ឈ» ផ្នែក​ស្រូវ-អង្ករ មាន​លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា​ ជាសហប្រធាន ដែលមានលោក ហ៊ុន ឡាក់ លោក សុង សារ៉ន លោក ភូ​ វាសនា លោក គឹម សាវុធ និងលោក យន់ ហុង ជាអនុប្រធាន។ សហប្រធាន​ខាងរដ្ឋាភិបាល គឺ​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ ខណៈកាលពី​វេទិកាលើកទី១៨ លោក សុខ ពុទ្ធីវុធ ជាសហប្រធាន​ខាងវិស័យ​ឯកជន។ សមាជិកពី​ខាង​វិស័យឯកជនមាន​៣៣នាក់។
 


ក្រុមការងារ«ញ» ទទួល​បន្ទុក​ផ្នែកថាមពល និងធនធានរ៉ែ ដោយ​មានលោក អ៊ុន យុទ្ធី  ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ជាសហប្រធាន ខាងវិស័យឯកជន។ ​អនុប្រធាន​៤រូប គឺលោក ឈាង សុធី, លោក វិញ ហ៊ួរ, លោក គួច ផេង និង​លោក ឡេង ឫទ្ធី រួម​ជាមួយ​​សមាជិក​២២នាក់​ទៀត​។
 
ផ្នែកអប់រំ ដែលជាក្រុមការងារ «ដ» មានលោក ហេង​​ វ៉ាន់ដា សាកលវិទ្យាធិការ នៃវិទ្យាស្ថានវ៉ាន់ដា ជាសហប្រធាន ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ខាងឯកជន មាន​លោក ប៉ិច បូឡែន លោក គួច ម៉េងលី លោក ស៊ាង សុបញ្ញា និងលោក អោម សេងបូរ៉ា ជាអនុប្រធាន អមដោយ​​សមាជិក២៧នាក់។​
 
ក្រុមការងារ«ឋ» ដែលជា​ផ្នែកសុខាភិបាល មានវេជ្ជបណ្ឌិត តាន់ គឹមម៉េង ជាសហប្រធាន រួមជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា។ លោក ណាង សុធី, លោក ជិន សំណាង, លោក ជា ចាន់ឌី និង​លោក គួច ម៉េងលី ជា​អនុប្រធានពីវិស័យឯកជន អម​ដោយ​​សមាជិក២២នាក់ទៀត។


 
ក្រុមការងារ«ឌ» ផ្នែកសំណង់ និងអចលនទ្រព្យឯណោះវិញ  លោក តាន់ មុនីវណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម ជាសហប្រធាន​ខាង​វិស័យឯកជន ដោយកន្លងមក គឺ​លោក លី ហួរ។  ក្រុមការងារនេះ មានលោក លឹម សុជាតិ, លោក ថៃ ជាហ៊ួត, លោក វ៉ាន់ ឆារស៍ជួន និង​លោក សៀ ឫទ្ធី ជាអនុប្រធាន រួមទាំង​សមាជិក​៥៦នាក់​ពី​វិស័យឯកជន។
 
ចុងក្រោយ គឺ​ក្រុមការងារ«ឍ» ដែលទើបតែបង្កើត​ថ្មី ដោយទទួល​បន្ទុក​ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ខាង​វិស័យឯកជន លោក គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ជាសហប្រធាន ដោយមានអនុប្រធាន​៤រូប គឺ​លោក លឹម សុជាតិ, លោក គួច ផេង, លោក ណាង សុធី និងលោក ហេង វ៉ាន់ដា ខណៈ​សមាជិក​មាន​ដល់ទៅ​៥៤រូប។
 
សមាសភាពនៃក្រុមការងារទាំង១៤ខាងលើ នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួននៅពេលសហប្រធានថ្មីចូលជំនួស​ តាមរយៈការជ្រើសរើសស្របតាមនីតិវិធីកំណត់របស់សភាពាណិជ្ជកម្មកម្ពុជា។ សេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ « សហប្រធាន និងសមាជិក នៃក្រុមការងារនីមួយៗ​ ត្រូវពិភាក្សាក្នុងក្រុមការងារ ដើម្បីប្រមូលផ្តុំនូវរាល់បញ្ហាដែលមានចរឹតជាគន្លឹះ សម្រាប់លើកឡើងជាក្រុមការងាររដ្ឋាភិបាលជាដៃគូ ឬសម្រាប់លើកឡើងនៅពេលមានការប្រជុំពេញអង្គរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។ 
 
លើសពីនេះ សហប្រធាន និងសមាជិក នៃក្រុមការងារនីមួយៗ ត្រូវចូលរួមប្រជុំតាមកម្មវិធីកំណត់របស់សហប្រធានក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយរាល់បញ្ហា ដែលជាកង្វល់ ឬឧបសគ្គរបស់ធុរជនទូទៅ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន។ សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមនៅក្នុងសេដ្ឋកិច្ចសម្រេចរបស់ខ្លួនយ៉ាងដូច្នេះ ៖ « មានតែបញ្ហាដែលមិនអាចដោះស្រាយបាន ក្នុងកម្រិតក្រុមការងារប៉ុណ្ណោះ ដែលអាចត្រៀមសម្រាប់បញ្ចូលក្នុងរបៀបវារៈ នៃការប្រជុំពេញអង្គរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលបន្ទាប់»៕ 
 

Tag:
 វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com