អន្តរជាតិ
លោកវ៉ាងជំរុញឱ្យចិន-អាម៉េរិក មានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីកាត់បន្ថយការមិនយល់ពីគ្នា
27, Oct 2023 , 6:29 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន (ស្តាំ) នៅថ្ងៃទី២៦ ខែតុលា។ រូបភាពក្រសួងការបរទេសអាម៉េរិក
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន (ស្តាំ) នៅថ្ងៃទី២៦ ខែតុលា។ រូបភាពក្រសួងការបរទេសអាម៉េរិក
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៦ ខែតុលា បានទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន មានកិច្ចពិភាក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយបញ្ហាមិនយល់ពីគ្នា និងរក្សាស្ថិរភាព និងពង្រីកផលប្រយោជន៍រួម។

 
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី២៦ ខែតុលា បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាម៉េរិករយៈពេល៣ថ្ងៃ ទៅអាម៉េរិកដែលជាទស្សនកិច្ចកម្រមួយរបស់មន្រ្តីជាន់ខ្ពស់ចិននៅអាម៉េរិក​ ស្របពេលមហាអំណាចទាំង២ ប្រឈមមុខបញ្ហាជាច្រើន។
 
នៅចំពោះមុខសមភាគីអាម៉េរិកលោក អាន់តូនី ប្លីងខិន លោក វ៉ាង បានទទូចឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មានកិច្ចពិភាក្សាប្រកបដោយភាពស៊ីជម្រៅមួយ។ 
 
«មិនត្រឹមតែចាប់ផ្តើមការចរចាឡើងវិញទេ កិច្ចពិភាក្សា គួរតែភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា កិច្ចសន្ទនាបែបនោះ នឹងជួយបង្កើនការយោគយល់គ្នាទៅវិញទៅមក កាត់បន្ថយការមិនយល់ពីគ្នា និងអាចស្វះស្វែងរកការពង្រឹងមូលដ្ឋានរួម និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ រួមទាំងថែរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។  
 
បន្ថែមពីនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន ក៏បានយល់ឃើញផងដែរថា ពេលខ្លះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន តែងប៉ះសម្តីគ្នា ហើយចិន​នឹងឆ្លើយតបលើបញ្ហានោះ ដោយស្ងប់ស្ងាត់ និងមិនប្រើអំណាចរបស់ខ្លួន ដោយផ្អែកលើកម្លាំងអាវុធ ឬសម្រែករបស់ខ្លួនឡើយ។ 
 
មិនតែប៉ុណ្ណោះ លោក វ៉ាង បានយល់ឃើញថា ចិន និងអាម៉េរិក មានការខ្វែងគំនិតគ្នា និងមិនយល់ស្របគ្នាលើបញ្ហាជាច្រើន ប៉ុន្តែប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏មានវិស័យជាច្រើន ដែលត្រូវសហការគ្នាដោះស្រាយបញ្ហាដែរ។ 
 
កន្លងមក ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន តែងប៉ះសម្តីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង តៃវ៉ាន់ ហុងកុង ទីបេ និងពាណិជ្ជកម្មជាដើម។ 
 
ចំណែក រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខិន បានឯកភាពនឹងការលើកឡើងរបស់សមភាគីចិន ហើយអាម៉េរិករំពឹងមានកិច្ចពិភាក្សាជាច្រើន ក្នុងរយៈពេលដំណើរទស្សនកិច្ចរបស់លោកវ៉ាង នៅអាម៉េរិក។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក ក៏បានចូលរួមរំលែកទុក្ខជាមួយលោកវ៉ាង ចំពោះមរណភាពរបស់លោក លី ខឹឈាំង អតីតប្រមុខរដ្ឋាភិបាលចិនផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ងដំណើរទស្សនកិច្ចរបស់លោក វ៉ាង ក៏អាចត្រួតត្រាយផ្លូវសម្រាប់ជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងខែវិច្ឆិកាខាងមុខ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com