ជាតិ
សេដ្ឋកិច្ច
ថវិកា២០២៤! សម្តេច ហ៊ុន ម៉ាណែត រំលឹកឱ្យប្រើចំគោលដៅ ព្រោះជាកត្តាកំណត់ភាពជោគជ័យរដ្ឋាភិបាល
27, Oct 2023 , 5:42 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ប៊ីលានរៀល នៅឆ្នាំ២០២៤។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានដកស្រង់ខ្លឹមសារសង្ខេបដើម្បីផ្សព្វផ្សាយជាសាធារណៈ។



សេចក្តីព្រាងច្បាប់ដែលមាន៥ជំពូក និង១៤មាត្រា ស្ថិតក្នុងចំណោមរបៀបវារៈ៤ ដែលត្រូវបានពិភាក្សា និងអនុម័ត ដោយសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែតុលា នៅវិមានសន្តិភាព។

ក្នុងចំណោមគម្រោងថវិកា  ៣៨ ៨២៩ប៊ីលានរៀល (ជាង៩ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ ថវិកាចំណាយនៅថ្នាក់ជាតិ មាន៣៤ ៤៩៧ប៊ីលានរៀល ដែលត្រូវជា ២៤,១៣ភាគរយនៃផលទុនសរុបក្នុងស្រុក (ផ.ស.ស.)។ ចំនួននេះ ថយចុះ ៥,៨ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

ក្រៅពី ថវិកាចំណាយនៅថ្នាក់ក្រោមជាតិ មាន ៤ ៣៣២ប៊ីលានរៀល ដែលមានសមាមាត្រស្មើនឹង ១១,៧ភាគរយនៃចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣ភាគរយនៃ ផ.ស.ស កើនឡើង ៦,៦ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បានបង្ហាញផងដែរថា វិស័យសង្គមកិច្ចនៅតែជាអាទិភាពសម្រាប់ការចំណាយនៅឆ្នាំ២០៤ ដូចជា ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្របខណ្ឌថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឲ្យរាជរដ្ឋាភិបាល អាចឆ្លើយតបនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាកក្តាកំណត់នៃភាពជោគជ័យរបស់រដ្ឋាភិបាល ដោយសម្តេចស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រមុខរដ្ឋាភិបាលលើកឡើងពីគោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។  «សម្ដេចនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយ របស់រាជរដ្ឋាភិបាលឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com