ជាតិ
តំណាងកម្ពុជាពន្យល់ ពីការមិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍នៅUN ស្តីពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល
28, Oct 2023 , 11:16 am        
រូបភាព
ភ្នំពេញ៖ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែតុលា បានបង្ហាញជំហរ ក្នុងកិច្ចប្រជុំបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលថា មិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍ ធ្វើឡើងក្នុងនាមជាក្រុមណាមួយឡើយ។ តំណាងកម្ពុជា ចាត់ទុកជម្លោះប្រទេសទាំងពីរនេះ ជាបញ្ហាស្មុគស្មាញ និងផុយស្រួយបំផុត។

 
 
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែតុលា បានចេញសេចក្តីសម្រេចមួយ ដោយជំរុញឱ្យមានកិច្ចព្រមព្រៀងមនុស្សធម៌មួយ ដើម្បីអាចឈានទៅដល់ការផ្អាកការវាយប្រហារលើតំបន់កាហ្សា។ ក្នុងសេចក្តីសម្រេចនេះ ប្រទេសចំនួន១២០ បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ១៤ បានបោះឆ្នោតប្រឆាំង និងអនុបវាទ៤៥។ ប្រទេសមិនចូលរួមបោះឆ្នោតមានចំនួន ១៤ ក្នុងនោះមានកម្ពុជាផង។ 
 
ទាក់ទិននឹងបញ្ហានេះ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែតុលា បានពន្យល់ពីសកម្មភាពរបស់កម្ពុជា ក្នុងការមិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍ ក្រោមហេតុផលជម្លោះមានសភាពស្មុគស្មាញ និងផុយស្រួយបំផុត។
 
បន្ថែមពីនេះ តំណាងបានលើកឡើងពីទុក្ខសោក ដែលការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន រវាងជម្លោះនៅរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល។ កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ 
 
«ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀតនៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមបាននោះទេ…យើងបានត្រឹមតែសូមអំពាវនាវ និងសង្ឃឹមថា ការប្រកាន់ ស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុលនឹងឈ្នះ»។ តំណាងកម្ពុជាបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយភាគីកម្ពុជាសង្កត់ធ្ងន់ថា ឥឡូវនេះ ត្រូវមានការដោះស្រាយឫសគល់នៃបញ្ហាជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យប្រជាជនទាំងពីរអាចរួមរស់នៅជាមួយគ្នាដោយភាពសុខដុម។
 
ជាមួយគ្នាដែរ កម្ពុជាជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ផ្ដល់ជំនួយ មនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។ កម្ពុជា ក៏ទទូចឱ្យបញ្ឈប់ការចង្អុលដៃ ចោទដាក់គ្នា ឱ្យផ្ដល់សន្តិភាព ក្តីស្រលាញ់គ្មានការប្រកាន់ពូជសាសន៍ និងជំនឿ ហើយត្រូវផ្ដល់អំណាចស្មារតីដើរផ្លូវកណ្ដាលមិននិយមជ្រុល ដើម្បីអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរខាងគ្នាក្នុងសន្តិភាព និងភាពសុខដុមរមនាវិញ។
 
សូមបញ្ជាក់ថា សេចក្តីសម្រេចនេះ ដែលត្រូវបានស្នើដោយហ្សកដានី និងគាំទ្រដោយប្រទេសចំនួន៤៥ផ្សេងទៀតនេះ បានអំពាវនាវឱ្យបន្តការផ្តល់ជំនួយមនុស្សធម៌ អាហារ និងសេវាកម្មផ្សេងៗទៅក្នុងតំបន់កាហ្សា ដោយគ្មានការរឹតត្បិត។ 
 
កន្លងមក ច្រកចូលទៅក្នុងតំបន់កាហ្សា មានតែច្រកRafah គ្រប់គ្រងដោយអេហ្ស៊ីបប៉ុណ្ណោះ ខណៈច្រកនៅអ៊ីស្រាអែល ត្រូវបានបិទទាំងអស់ ដែលវិធានការបែបនេះ អាចបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា៕

Tag:
 កម្ពុជា
  ប៉ាឡេស្ទីន-អ៉ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com