អន្តរជាតិ
​UNCTAD៖ ប្រាក់​រាប់​ពាន់​លាន​​ត្រូវការ​ដើម្បី​ស្ដារ​ហេដ្ឋារចនា​សម្ព័ន្ធ និងសេដ្ឋកិច្ច​ដែល​ខ្ទេច​ខ្ទាំ​នៅហ្កាហ្សា
28, Oct 2023 , 4:40 pm        
រូបភាព
បុរសប៉ាឡេស្ទីនម្នាក់មើលអគារដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សានៅជំរំជនភៀសខ្លួន Maghazi ក្នុងក្រុង Deir Al-Balah
បុរសប៉ាឡេស្ទីនម្នាក់មើលអគារដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សានៅជំរំជនភៀសខ្លួន Maghazi ក្នុងក្រុង Deir Al-Balah
ដោយ: VOA
ចំនួនទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សេដ្ឋកិច្ច​អន្តរជាតិ ​នឹង​ត្រូវ​ការចាំបាច់​ ដើម្បីស្ដារ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​បិទ​ព្រំដែន​ ប្រតិបត្តិការ​យោធា និង ការមិន​អភិវឌ្ឍ​នៅ​តំបន់ Gaza។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា UNCTAD។



របាយការណ៍​ដែល​ទើបតែ​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា៖ «ការ​ដក​ការ​រឹត​បន្តឹង​នានា​នៅ​តំបន់ Gaza គឺជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ការ​ស្ដារ​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព​សម្រាប់​តំបន់​នេះ​ ប៉ុន្តែ ទោះ​ជាយ៉ាងណា ការ​ដក​ការ​រឹត​បន្តឹង​តែមួយ​មុខ ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ»។
 
របាយការណ៍​ដដែល​បញ្ជាក់​ថា៖ «ម្ចាស់​ជំនួយ និង សហគមន៍​អន្តរជាតិ ត្រូវតែ​ពង្រីក​ការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​សំខាន់ៗ​ ដើម្បី​ជួសជុល​ការ​ខូចខាត​ដ៏​ទូលំទូលាយ​ដែល​តំបន់​ Gaza បាន​រងគ្រោះ ក្នុង​អំឡុង​ពេល​រឹតត្បិត និង បិទខ្ទប់​អស់​រយៈ​ពេល​ជាយូរ និង ប្រតិបត្តិការ​យោធា​ជាច្រើន​លើក ដែល​ទាំង​អស់​នេះ​បាន​បណ្ដាល​ឲ្យ​សេដ្ឋកិច្ចរាំងស្ទះ និង​ បំផ្លាញ​ហេដ្ឋារចនា​សម្ពន្ធ​នៅ​តំបន់​នេះ»។
 
របាយការណ៍​នេះ​បានកត់ត្រា​លម្អិត​អំពី​ស្ថានការ​សេដ្ឋកិច្ច​រហូត​មក​ដល់​ចុង​ឆ្នាំ ២០២២ នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ ដោយ​អ៊ីស្រាអែល មុន​ពេល​មាន​ព្រឹត្តិការណ៍​ម​ហន្តរាយ បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​បច្ចុប្បន្ន​ចាប់តាំងពី​ថ្ងៃទី៧ ខែ​តុលា របស់​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់។
 
លោក Richard Kozul-Wright នាយក​ផ្នែក​សាកលភាវូបនីយកម្ម និង យុទ្ធសាស្ត្រ​អភិវឌ្ឍ​នៃ ទីភ្នាក់ងារ UNCTAD បាន​ថ្លែង​ដូច្នេះ​ថា៖ «វាជារឿង​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​តែ​កំណត់​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ បណ្ដាល​មក​ពី​វិបត្តិ​ផ្នែក​មនុស្សធម៌​នា​ពេល​បច្ចុប្បន្ន ដែល​នឹង​បន្ត​កើត​មាន​ទៀត​ នៅ​តំបន់​ Gaza»។
 
លោក​បន្ត​ថា ការ​វាយ​តម្លៃ​ទៅ​លើ​ទំហំ​នៃ​ភាព​ខូច​ខាត​នៅ​តំបន់​នេះ គឺជា​កិច្ចការ​ដ៏​លំបាក​មួយ។
 
លោក​ Kozul-Wright ​ថ្លែង​ដូច្នេះ​ថា៖ «អ្វីៗ​នៅ​ទីនោះ គឺជា​អាគារ និង មន្ទីរ​ពេទ្យ។ ដូច្នេះ​វាជា​ការ​ពិបាក​មួយ​ក្នុង​ការ​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ រហូត​ដល់​ការ​ប្រយុទ្ធគ្នា​បាន​បញ្ចប់។ ប៉ុន្តែ យើង​អាច​ប៉ាន់​ប្រមាណ​ថា ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​គឺ​ស្ថិត​នៅ​ក្នុង​ខ្ទង់​ពាន់​លាន​ដុល្លារ ឬ រាប់​សិប​ពាន់​លាន​ដុល្លារ»។
 
លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​នេះ គឺជា​និន្នាការ​គួរ​ឲ្យ​បារម្ភ​មួយ​ក្នុង​កិច្ចការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ទៅ​កាន់​ដែន​ដី​ប៉ាឡេស្ទីន។ លើស​ពី​នេះ​ទៀត ដែនដី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គ្មាន​លទ្ធភាពក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​សារពើពន្ធ​ដោយ​ខ្លួន​ឯង​ ក្នុង​វិធី​ឯករាជ្យ​មួយ»។
 
របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ការ​បិទខ្ទប់​តំបន់​ Gaza ​ដោយ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍ បានធ្វើ​ឲ្យ​ខូច​សេដ្ឋកិច្ច​តំបន់​នេះ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ ៨០ ភាគរយ ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​អន្តរជាតិ​ដើម្បី​រស់។ របាយការណ៍​លើក​ឡើង​ថា ពលរដ្ឋ​តំបន់​ Gaza ជិត​ពាក់​កណ្ដាល​បាន​បាត់​បង់​ការងារ​ ខណៈ​ដែល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ ​បាន​ធ្លាក់​ចុះ​ជិត​ដល់​កម្រិត​មួយ​ទាប​បំផុត​គិត​ចាប់​ពី​ឆ្នាំ ១៩៩៤ មក។
 
ក្រុម​អ្នកស្រាវជ្រាវ​របាយការណ៍​នេះ បាន​កត់​សម្គាល់​ថា ដោយសារ​តែ​ពីរ​ភាគបី​នៃ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ដែន​ដី Gaza ​ធ្វើ​ឡើង​ជាមួយ​អ៊ីស្រាអែល ហើយ​រូបិយប័ណ្ណ​ shekel របស់​អ៊ីស្រាអែល គឺជា​រូបិយវត្ថុ​សម្រាប់​ពាណិជ្ជកម្ម​នោះ ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​គ្រប់​គ្រង​គោលនយោបាយ​សារពើពន្ធ​របស់​ប៉ាឡេស្ទីន៕

© រក្សាសិទ្ធិដោយ thmeythmey.com