ជាតិ
អាជ្ញាធរអប្សរា ផ្អាកការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច«ស្ពានបណ្ដែតទឹក» នៅថ្ងៃសម្ពោធស្ពានហាល
28, Oct 2023 , 5:00 pm        
រូបភាព
ទិដ្ឋភាពស្ពានហាលអង្គរ ពីលើអាកាស ក្រោយអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់។ ខាងស្ដាំនៃ ស្ពានហាលនេះ ជាស្ពាលបណ្ដែតទឹក ដែលបានជួយចម្លងទេសចរមកពីគ្រប់ទិសទី ដើម្បីទស្សនា ប្រាសាទអង្គរវត្ត។
ទិដ្ឋភាពស្ពានហាលអង្គរ ពីលើអាកាស ក្រោយអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់។ ខាងស្ដាំនៃ ស្ពានហាលនេះ ជាស្ពាលបណ្ដែតទឹក ដែលបានជួយចម្លងទេសចរមកពីគ្រប់ទិសទី ដើម្បីទស្សនា ប្រាសាទអង្គរវត្ត។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ  ។ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងរាជព្រះពិធីនេះ ទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្ត ត្រូវចូលតាមច្រកទិសខាងកើតវិញ។

 
បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ការផ្លាស់ប្ដូរច្រកចូលប្រាសាទអង្គរវត្តនេះ គឺត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ពោលគឺផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច ចាប់ពីព្រឹកព្រលឹម រហូតដល់ព្រះរាជពិធីប៉ុណ្ណោះ។ 

 ផែនទីពីការចូលទស្សនាប្រាសាទអង្គរវត្តពីទិសខាងកើត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពអាជ្ញាធរជាតិអប្សរា។ 
គួរជម្រាបផងដែរថា «ស្ពានហាលខាលិចប្រាសាទអង្គរវត្ត» នឹងដាក់ប្រើប្រាស់ជាផ្លូវការ ក្រោយចំណាយពេលជួសជុលអស់ជាង៧ឆ្នាំមក ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ស្ពានហាលនេះ មានប្រវែង១៩០ម៉ែត្រ, ទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ ដោយសាងសង់ឡើង ពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាង៕ 

Tag:
 ThmeyThmey
  សម្ពោធស្ពានហាល
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com