ជាតិ
ព្រះមហាក្សត្រ
អបអរសាទរខួប១៩ឆ្នាំនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ
29, Oct 2023 , 7:39 am        
រូបភាព
ដោយ: រួបរួម
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៩នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

 
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។
 
កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។ 
 
ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះ មានរយៈពេល១៩ឆ្នាំគត់។
 
ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ សុទ្ធតែបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនា ឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៩នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
 
សម្រាប់ខួបលើកទី១៩នេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទានថ្វាយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជតំណាងក្នុងព្រះរាជព្រះពិធី ដែលប្រព្រឹត្តទៅនាវេលាម៉ោង៧ និង៥០នាទី ថ្ងៃទី២៩ ខែតុលា នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com