ជាតិ
សេដ្ឋកិច្ច
ឱកាសអាហារូបករណ៍៥០០កន្លែងសម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងពិព័រណ៌អប់រំ នាដើមខែធ្នូ
29, Oct 2023 , 11:10 am        
រូបភាព
លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៨តុលា។
លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៨តុលា។
ចិន នឹងរៀបចំពិព័រណ៌អប់រំ ចិន-អាស៊ានលើកដំបូងនៅមុខផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ពីថ្ងៃទី១-២ ខែធ្នូ។ ពិព័រណ៍នេះ ត្រូវបានរៀបចំដោយសមាគមកម្ពុជា-ចិន ក្នុងដៅជំរុញសិស្ស-និស្សិតកម្ពុជា ឱ្យបន្តសិក្សារបស់ខ្លួន នៅប្រទេសចិន។  លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងពិព័រណ៍នេះ មានការផ្តល់អាហារូបករណ៍៥០០កន្លែងដល់សិស្ស-និស្សិតកម្ពុជា។


 
២០ឆ្នាំមកនេះ ភាពខ្លាំងក្លានៃសេដ្ឋកិច្ចប្រទេសចិន បានធ្វើឡើងវិស័យអប់រំរបស់ខ្លួន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែ និស្សិតកម្ពុជា ហាក់មិនទាន់ដឹងបានទូលំទូលាយ ពីវិស័យអប់រំរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះនៅឡើយ។ លោក កាវ ជាន ថ្លែងបែបនេះ ក្នុងសន្និសីទកាសែត នាថ្ងៃទី២៨តុលា។
 
លោកបន្តរៀបរាប់ថា បច្ចុប្បន្នមានប្រទេសចំនួន១៥ បានបញ្ជូនសិស្ស-និស្សិត ទៅសិក្សានៅប្រទេសចិនលើជំនាញផ្សេងៗគ្នា។ ក្នុងនោះ មាន១២ប្រទេសមកពីទ្វីបអាស៊ី, ៧ប្រទេសមកពីតំបន់អាស៊ាន ដែលប្រទេសថៃឈរលំដាប់ទី១ បន្ទាប់មកឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ប្រទេសឡាវ។ 
 


រីឯ កម្ពុជាវិញ គឺស្ថិតនៅលំដាប់ប្រទេសទី១៥ នៃការបញ្ជូនសិស្ស-និស្សិត ទៅសិក្សានៅប្រទេសចិន។ 
 
«ហេតុដូច្នេះហើយ ទើបយើងរៀបចំពិព័រណ៍នេះឡើង ដើម្បីផ្សព្វផ្សាយពីវិស័យអប់រំរបស់ប្រទេសចិន ដល់សិស្ស-និស្សិតកម្ពុជា បានយល់ដឹង។ ព្រោះពិព័រណ៍នេះ មានការផ្តល់អាហារូបករណ៍៥០០កន្លែងសម្រាប់និស្សិតកម្ពុជា»។ នេះជាការលើកឡើងរបស់លោក កាវ ជាន ដោយបានបន្ថែមថា ពិព័រណ៍អប់រំ ដែលនឹងធ្វើឡើងនៅថ្ងៃទី១-២ធ្នូ ឆ្នាំ២០២៣  មានវិទ្យាស្ថាន និងសាកលវិទ្យាល័យជាង ១០០កន្លែងចូលរួម។ ក្នុងនោះមាន៥០សា្ថប័ន ជាសាកលវិទ្យាមកពីចិន ខណៈ៥០ស្ថាប័នទៀត ជាសាលារៀនចិននៅកម្ពុជា។ 
 
លោកប្រធានសមាគមចិន-កម្ពុជា រំពឹងមានសិស្ស-និស្សិតប្រមាណ២ម៉ឺននាក់ចូលរួមទស្សនាពិព័រណ៍នេះ ដើម្បីស្វែងយល់ និងឱកាសទៅបន្តការសិក្សានៅប្រទេសចិន។
 
ជាមួយគ្នានេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ចាត់ទុកពិព័រណ៍អប់រំ ចិន-អាស៊ានលើកដំបូងនៅកម្ពុជានេះ  មានសារៈសំខាន់ណាស់សម្រាប់សិស្ស-និស្សិត ក្នុងការស្វែងយល់ និងទទួលបាននូវព័ត៌មាន ពីកម្មវិធីសិក្សានានានៃសាកលវិទ្យាល័យនីមួយៗ ក្នុងប្រទេសចិន។ 
 
 

បើតាមលោក ស៊ីណារ៉េត ពិព័រណ៌នេះ ក៏ជាទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិនមកបន្តការសិក្សានៅកម្ពុជា ផងដែរ។ លោកបន្តនិយាយដូច្នេះ៖ «ខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល ដើម្បីជំរុញការផ្សព្វផ្សាយ ស្ដីពី កម្មវិធីពិព័រណ៍អប់រំចិន- អាស៊ានឱ្យកាន់តែទូលំទូលាយ និងទទួលបានការគាំទ្រ ពីសំណាក់គ្រឹះស្ថានអប់រំសាធារណៈ និងគ្រឹះស្ថានឯកជន ឱ្យកាន់តែខ្លាំងឡើងថែមទៀត»។ 
 
សម្រាប់ លោក តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា ពិព័រណ៍ខាងលើនេះ មានសារ:សំខាន់ណាស់សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក្រោយចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប ឆ្នាំ២០២៣)។ លោក មើលឃើញថា ៖« ពិព័រណ៍អប់រំនេះ នឹងក្លាយជាការផ្តល់ព័ត៌មានយ៉ាងសំខាន់ សម្រាប់សិស្សដែលបញ្ចប់មធ្យមសិក្សាហើយត្រៀមបន្តការសិក្សានៅតាមសាកលវិទ្យាល័យ។ សិស្ស អាចសម្រេចចិត្ត និងជ្រើសរើសនូវការតម្រង់ទិសសិក្សាទៅលើមុខជំនាញដែលខ្លួនគិតថា គួរបន្តសិក្សានៅក្នុងស្រុក ឬបន្តការសិក្សានៅក្រៅប្រទេស»៕

© រក្សាសិទ្ធិដោយ thmeythmey.com