អន្តរជាតិ
ចិន ប្រាប់អាម៉េរិកថា ឯករាជ្យភាពតៃវ៉ាន់ ជាការគំរាមសន្តិភាពក្នុងតំបន់
29, Oct 2023 , 2:40 pm        
រូបភាព
ជំនួបរវាងអាម៉េរិក និងចិន នៅក្នុងក្រុងវ៉ាស៊ីនតោន។ រូបភាព ស្ថានទូតអាម៉េរិកប្រចាំនៅចិន
ជំនួបរវាងអាម៉េរិក និងចិន នៅក្នុងក្រុងវ៉ាស៊ីនតោន។ រូបភាព ស្ថានទូតអាម៉េរិកប្រចាំនៅចិន
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២៧ ខែតុលា បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan ជាថ្មីថា បញ្ហាប្រឈមដ៏ធំបំផុត ក្នុងទំនាក់ទំនងអាម៉េរិក-ចិន គឺឯករាជ្យភាពតៃវ៉ាន់។ បើតាមលោកវ៉ាង ឯករាជ្យភាពតៃវ៉ាន់ ជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិភាព និងស្ថិរភាព ក្នុងច្រកសមុទ្រតៃវ៉ាន់។

 
 
ក្រៅពីជួបលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងលោករដ្ឋមន្រ្តីការបរទេស អាន់តូនី ប្លីងខិន លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២៧ ខែតុលា បានជួបជាមួយលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក នៅក្នុងក្រុងវ៉ាស៊ីនតោន។ កិច្ចសហប្រតិបត្តិការ ជំនួបមេដឹកនាំចិន-អាម៉េរិក និងបញ្ហាកោះតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏សំខាន់ ដែលមន្រ្តីចិនទាំងពីរយកទៅពិភាក្សា។ 
 
ក្នុងជំនួបដ៏កម្រលើទឹកដីអាម៉េរិកបែបនេះ លោក វ៉ាង បានប្រាប់លោក Jake ថា បញ្ហាប្រឈមដ៏សំខាន់បំផុត នៅក្នុងទំនាក់ទំនងទ្វេភាគី គឺឯករាជ្យភាពតៃវ៉ាន់។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា ឯករាជ្យភាពតៃវ៉ាន់ ជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ជាការពិត បញ្ហាកោះតៃវ៉ាន់ តែងត្រូវបានមន្រ្តី និងមេដឹកនាំចិនប្រាប់មន្រ្តី និងមេដឹកនាំអាម៉េរិក កុំឱ្យជ្រែតជ្រៀកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់។ ចិន ចាត់ទុកដែនកោះមួយនេះ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន បើទោះតៃវ៉ាន់បដិសេធក៏ដោយ។
 
បន្ថែមពីនេះ មន្រ្តីចិន និងអាម៉េរិកទាំងពីរ បានឯកភាពធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យជំនួបមេដឹកនាំអាម៉េរិក-ចិន លេចជារូបរាងឡើងនៅក្នុងក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងមុខ។ 
 
កន្លងមក ប្រធានាធិបតីអាម៉េរិក លោក បៃឌិន បានអះអាងថា អាម៉េរិកបានអញ្ជើញសមភាគីចិន លោក ស៊ី ជិនភីង មកចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅក្នុងខែវិច្ឆិការ។ 
 
តាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Jake បានពិភាក្សាពីក្តីបារម្ភលើបញ្ហាសមុទ្រចិនខាងត្បូង ជាមួយលោកវ៉ាង រួមទាំងលោកបានជំរុញឱ្យមានសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់ផង។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក លី ខឹឈាំង អតីតនាយករដ្ឋមន្រ្តីចិន ជាមួយលោកវ៉ាងដែរ។ 

Tag:
 (ចិន
  អាម៉េរិក
  តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com