ជាតិ
សហគមន៍ឥន្ទធនូ ស្នើប្រធានសិទ្ធិមនុស្សហៅនាយក្រឹមពិភាក្សា និងបំភ្លឺករណីរើសអើង LGBT
29, Oct 2023 , 5:22 pm        
រូបភាព
តារាកំប្លែងជើងចាស់នាយក្រឹម ដែលជាចៅក្រមមួយរូបក្នុងកម្មវិធី Cambodia s Got Talent រដូវកាលទី៣របស់ទូរទស្សន៍ហង្សមាស
តារាកំប្លែងជើងចាស់នាយក្រឹម ដែលជាចៅក្រមមួយរូបក្នុងកម្មវិធី Cambodia s Got Talent រដូវកាលទី៣របស់ទូរទស្សន៍ហង្សមាស
ដោយ: រួបរួម
សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) នាថ្ងៃទី២៩ ខែតុលា នេះ បានផ្ញើលិខិតទៅកាន់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឲ្យជួយអន្តារគមន៍អញ្ជើញនាយក្រឹម ទៅពិភាក្សា និងបំភ្លឺ ករណីរើសអើងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

 
មតិយោបល់របស់នាយក្រឹម ឈ្មោះដើម អ៊ូ ប៉ុណ្ណារ៉ាត់ ទៅលើបេក្ខជនម្នាក់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែតុលា បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង។ ក្នុងនាមជាគណៈកម្មការមួយរូប នាយក្រឹមត្រូវបានវាយតម្លៃថា បាននិយាយមានលក្ខណៈរើសអើងលើបេក្ខជនមួយរូប ក៏ដូចជាបុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
 
«ចិត្តខ្ញុំក៏មិនចង់ឲ្យមាន [ក្រុមភេទទី៣] ច្រើនដែរ មានប៉ុន្មាន ប៉ុណ្ណឹងចុះកុំឲ្យលើសព្រោះបាត់ធនធាន មនុស្ស»។ ការលើកឡើងរបស់នាយក្រឹមទៅកាន់បេក្ខជនឈ្មោះ ណុប ដាណេ ក៏បង្កឲ្យមានប្រតិកម្មភ្លាមៗផងដែរពីអ្នកនាង ខាត់ សុឃីម ក៏ដូចជាបេក្ខជនផ្ទាល់។
 
«កុំគិតអ៊ឹចឹងបងក្រឹម!»។ អ្នកនាងខាត់ សុឃីម បាននិយាយបែបនោះ ហើយបេក្ខជន ណុប ដាណេ បានកាត់សម្តីដោយលើកឡើងថា «សម័យបច្ចេកវិទ្យាកាន់តែទំនើប គេអាចទៅដាក់យកកូនបាន មានសិទ្ធិយកកូនស្រី កូនប្រុស ប៉ុន្តែគ្មានវាសនាអាចយកកូនខ្ទើយបានទេ»។
 
អ្នកដែលបានទស្សនាផ្ទាល់នាំគ្នាស្រែកហ៊ោ គាំទ្រសម្តីរបស់បេក្ខជនដេណា បើទោះបីជានាយក្រឹម ព្យាយាមការពារមតិយោបល់របស់ខ្លួនក៏ដោយ។ ដោយឡែក អ្នកនាង ខាត់ សុឃីម យល់ច្បាស់ពីអារម្មណ៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះគាត់ក៏មានប្អូនស្រីដែលជាអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
 
 
ក្នុងលិខិតរបស់ខ្លួន សហគមន៍ឥន្ទធនូបានបង្ហាញការភ្ញាក់ផ្អើលដែលមតិយោបល់រើសអើង ក្រុម LGBT ត្រូវបានលើកឡើងក្នុងកម្មវិធីលំដាប់ពិភពលោក។ «យោបល់យល់ឃើញរបស់លោកពូក្រឹមអាចបង្កើតឲ្យមានការភាន់ច្រឡំដល់សាធារណមតិ ជុំវិញការរើសអើង ប៉ះពាល់សេចក្តីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ»។ នេះជាការលើកឡើងរបស់សហគមន៍រ៉ក់។
 
រ៉ក់ ជាសហគមន៍ដែលធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង គាំទ្រ និងការពារការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា រួមមានស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ (LGBTIQ)។
 
«សហគមន៍យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អន្តរាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងអាចជួយធ្វើយ៉ាងណាឲ្យលោកពូក្រឹមមានឳកាសជជែកពិភាក្សា ស្វែងយល់ បង្កើនចំណេះដឹង ផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយា និងផ្នត់គំនិត ហើយអ្នកអាចខ្លាចជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ»។ នេះជាសារក្នុងលិខិតដែលទទួលបានការឆ្លើយតបពីលោក កែវ រ៉េមី នៅលើហ្វេសប៊ុកថា «ពូបានទទួលហើយ»។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បាន​សរសេរបញ្ជាក់បន្ថែមថា លោកបាន​បង្កើតក្រុមការងារតាំងពីព្រឹក​ថ្ងៃអាទិត្យមកម្ល៉េះ ហើយនៅថ្ងៃចន្ទ ក្រុម​ការងារនឹងធ្វើកិច្ចការ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com