កីឡាអន្តរជាតិ
អន្តរជាតិ
Diaz ចាកចេញពីក្រុមទាំងយប់ ក្រោយពេលឮដំណឹងចាប់ជំរិតឪពុកម្តាយ នៅកូឡុំប៊ី
× ខ្សែប្រយុទ្ធ Luis Diaz បានចាកចេញពីក្រុម Liverpool ទាំងយប់ មុនការប្រកួតឈ្នះក្រុម Nottingham Forest លទ្ធផល ៣-០ ក្រោយពេលបានឮដំណឹងអំពីការចាប់ជំរិតលើឪពុកម្តាយគេ នៅក្នុងប្រទេសកូឡុំប៊ី។ ចំពោះការចាប់ជំរិតនេះ លោក Jurgen Klopp អះអាងថា មនុស្សរាល់គ្នានៅក្នុងក្លិបមានក្តីបារម្ភខ្លាំង។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ម្តាយរបស់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីអ្នកស្រី Cilenis Marulanda ត្រូវបានជួយសង្គ្រោះ ក្រោយពេលជនល្មើសចាប់ជំរិត នៅភាគខាងជើងប្រទេសកូឡុំប៊ី។ គិតមកដល់ពេលនេះ មន្ត្រីនៅក្នុងប្រទេសកូឡុំប៊ី ក៏បានអះអាងបន្ថែមទៀតថា ឪពុករបស់ Diaz នៅតែបន្តបាត់ខ្លួនពីការចាប់ជំរិតនេះ។
លោក Klopp ដែលជាអ្នកចាត់ការក្រុម បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត ថា មនុស្សគ្រប់គ្នានៅក្នុងក្រុមមានក្តីបារម្ភពីបញ្ហានេះ។
«យើងបានរៀបចំការផ្លាស់ប្តូររៀងយឺតពេលបន្តិច ព្រោះតែបញ្ហាឯកជនភាពដែលពាក់ព័ន្ធទៅនឹង Luiz Diaz។ វាគឺជាមួយដែលគួរឱ្យបារម្ភបំផុតសម្រាប់យើងទាំងអស់គ្នា ហើយគឺជារាត្រីដ៏មានភាពតានតឹងបំផុត ដែលខ្ញុំមិនធ្លាប់បានជួបពីមុនមក។ វាជាបទពិសោធន៍ថ្មីហើយដែលខ្ញុំមិនដែលរំពឹងទុក។»។ លោក Jurgen Klopp បាននិយាយដូចនេះ។
អំឡុងការប្រកួតដែល Liverpool យកឈ្នះលើ Nottingham Forest លទ្ធផល ៣-០នោះ មិត្តរួមក្រុម Diogo Jota បានស៊ុតគ្រាប់បាល់ចូល ហើយបានលើកអាវលេខ៧ ដែលមានឈ្មោះ Diaz ដើម្បីជាការតំណាងដល់ខ្សែប្រយុទ្ធរូបនេះ ដែលកំពុងជួបបញ្ហានៃការចាប់ជំរិតនេះ។
គិតមកដល់ពេលនេះ អាជ្ញាធរប្រទេសកូឡុំប៊ី នៅមិនទាន់អាចស្វែងរកទីតាំង ឪពុករបស់ Diaz បានឡើយ។ កាលពីថ្ងៃទី២៩ ខែតុលា មន្ត្រីប៉ូលិសកូឡុំប៊ី បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់ចំនួន ៤ម៉ឺនអឺរ៉ូ (៤,៨ម៉ឺនដុល្លារ) ដល់អ្នកដែលបានផ្តល់ព័ត៌មាន សម្រាប់ជួយដល់ការជួយសង្គ្រោះដល់ឱពុករបស់ខ្សែប្រយុទ្ធ Diaz។
បើតាមសម្តីលោក Francisco Barbosa អគ្គមេធាវីរបស់ប្រទេសកូឡុំប៊ី ឪពុករបស់ Diaz អាចត្រូវបានគេនាំទៅប្រទេសវ៉េណេស៊ុយអេឡា ។ លោកក៏បានបញ្ជាឱ្យមានការស៊ើបអង្កេត ដើម្បីរកមើលមូលហេតុនៃចាប់ជំរិត ព្រមទាំងស្វែងរកអ្នកដែលត្រូវទទួលខុសត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com