ជាតិ
ពីនេះ ពីនោះ
ប្រើពាក្យ «សក្បុស, សត្រសុស, សភ្លឹង, សស្គុស, សស្ងាច» ឱ្យ​បានត្រឹមត្រូវ!
31, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា លើកយកពាក្យ «សក្បុស, សត្រសុស, សភ្លឹង, សស្គុស, សស្ងាច» មកពន្យល់​ខ្លីៗ។

 
«ស» ជាតួព្យញ្ជនៈទី៣០នៃអក្ខរក្រមព្យញ្ជនៈខ្មែរ ប៉ុន្តែក្នុងន័យនេះ សារព័ត៌មានឌីជីថល​ថ្មីៗ លើក​យកពាក្យ «ស» ដែល​ភ្ជាប់នឹង​អត្ថន័យពាក្យ «សក្បុស, សត្រសុស, សភ្លឹង, សស្គុស, សស្ងាច»។
 
«ស» [គុ.] ដែលមានសម្បុរដូចសំឡីកប្បាស :  ព័ណ៌ស, សំពត់ស។  «សក្បុស» [គុ.] សណាស់, «សត្រសុស» [ន.] សម៉ដ្ឋប៉ូផូរ, សផូរផង់, «សភ្លឹង» [គុ.] សស្អាត, «សស្គុស» [គុ.] សត្រសោល, សបរិសុទ្ធ, «សស្ងាច» [គុ.] សភ្លឺមើលទៅឃើញស្ងាច។
 
ក្រៅពីនេះ «ស» មានន័យ​ផ្សេង ក្នុងនោះមាន [កិ.] ចាក់បុះព្រាវដោយស្ន :  សត្រី, (ពាក្យ​ប្រៀប) រកឱ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឱ្យឃើញ។  ន័យមួយទៀត គឺសម្ដែងអាការៈឱ្យឃើញច្បាស់, បញ្ចេញបែបឱ្យឃើញជាក់ :  សសេចក្ដី, សហេតុ។  ហែកកេរ្តិ៍ :  សកេរ្តិ៍ ឬ សកេរ្តិ៍សគល់។  
 
«សម្ដីសជាតិមារយាទសត្រកូល» ជាពាក្យ​ទំនឹម​ទំនៀម​បុរាណ ពោល​គឺ​សំនៀងភាសា សប្រាប់ឱ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឱ្យគេស្គាល់ពូជត្រកូល។
 
រី​ឯ «សរ» វិញ មានន័យ​កាន់តែឆ្ងាយ ហើយ​តែងតែមាន​អ្នកសរសេរ​ច្រឡំ រវាង «ស» និង «សរ»។ 
«សរ» [ន.] ព្រួញ, កាំ, កាំធ្នូ, កាំស្នា :  ស្ដេចផ្លែងសរ; ត្រូវសរ។  ន័យមួយទៀត​គឺ សរ [កិ.] រឭក, រឭកឃើញ, នឹកឃើញ, សាដឹងឡើងវិញ។  
 
«សរជាតិ» គឺដឹងជាតិ រីឯ «សរញាណ»  គឺ​ ពិចារណាឬរំពឹងដឹងហេតុច្បាស់ទៅខាងអតីតកាល ឬខាងអនាគតកាល :  ព្រះពុទ្ធទ្រង់សរញាណ ..៕
 

© រក្សាសិទ្ធិដោយ thmeythmey.com