ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សារខេមបូឌាត្រេដ បន្តសហការជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីលើកស្ទួយ និងបង្កើនឱកាសសេដ្ឋកិច្ចកម្ពុជា
30, Oct 2023 , 3:29 pm        
រូបភាព
ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ បាន និងកំពុងបន្តលើកស្ទួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជំរុញការលក់ និងនាំចេញផលិតផលខ្មែរ តាមរយៈការរៀបចំយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក ការឃោសនាផ្សព្វផ្សាយ ការតាំងពិព័រណ៍នានា ដើម្បីឱ្យប្រជាជន ក្នុងនិងក្រៅប្រទេស ស្គាល់និងទិញផលិតផលខ្មែរឱ្យកាន់តែច្រើន ដែលជាចំណែកដ៏ធំមួយក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។
 
រយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ ចំនួនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ថ្វីដ្បិតថាសហគ្រាសដែលទើបបង្កើតថ្មី មានចំនួនច្រើនក៏ពិតមែន តែមានសហគ្រាសមួយចំនួនធំ ពុំទាន់បានចុះបញ្ជីជាផ្លូវការ​ ជាមួយក្រសួងពាណិជ្ជកម្មនៅឡើយទេ។ 
 
ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំបានព្យាយាមដើម្បីលើកកម្ពស់ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការ និងអាចផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងមានសមត្ថភាពប្រកួតប្រជែង ឱ្យមានឱកាសអាចនាំចេញទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ជាពិសេសទីផ្សារអន្តរជាតិ។
 


ជាក់ស្តែង ផ្សារខេមបូឌាត្រេដ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងពាណិជ្ជកម្ម ទទួលបានការគាំទ្រថវិកា ពីកម្មវិធីពង្រឹងក្របខណ្ឌ-សមាហរណកម្ម (EIF) និងមានថវិកាបំពេញបន្ថែម ពីរដ្ឋាភិបាលកម្ពុជា បានបន្តដើរតួយ៉ាងសកម្មអស់ប្រមាណជាងពីរឆ្នាំកន្លងមកនេះ ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានទំនិញសក្តានុពល​ ដាក់លក់លើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។
 
នេះជាផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកថ្នាក់ជាតិទីមួយ សម្រាប់គាំទ្រ និងអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យបានចូលរួមក្នុងសេដ្ឋកិច្ចបែបឌីជីថល និងពងឹ្រងជំនាញសហគ្រិនភាព ដើម្បីបង្កើនការលក់ផលិតផល ពង្រីកអាជីវកម្ម បង្កើនឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋខ្មែរ។
 
ផ្សារខេមបូឌាត្រេដ ឬ cambodiatrade.com បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អាជីវករ ដោយអាច​លក់ជាលក្ខណៈលក់ដុំ និងរាយ ហើយអតិថិជន ក៏អាចស្នើសុំសម្រង់តម្លៃ (Quotation)​ ពីអាជីវករផ្ទាល់ទៀតផង។ ការបញ្ជាទិញក៏កាន់តែងាយស្រួល ដោយអតិថិជនអាចជជែកគ្នាជាមួយអាជីវករដោយផ្ទាល់ អំពីព័ត៌មានផលិតផល ឬការប្រើប្រាស់ផលិតផលឱ្យបានត្រឹមត្រូវ។ 
 
រីឯការបញ្ជាទិញ និងដឹកជញ្ជូនទៀតសោត កាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក។ មិនថាលោកអ្នកនៅកន្លែងណា លោកអ្នកនៅតែអាចបញ្ជាទិញផលិតផលខ្មែរទៅតាមតម្រូវការ។
 


លោក​ ចំណាប់ អ្នកតំណាងក្រុមហ៊ុន Fair Weave Social Enterprise គឺជាសហគ្រាសសង្គមមួយផលិតនូវសម្ភារធ្វើដោយដៃ ដូចជា សម្លៀកបំពាក់ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ដែលមានគុណភាពប្រើប្រាស់បានយូរអង្វែង បានចែករំលែកចំណាប់អារម្មណ៍របស់លោកថា ការចូលរួមជាមួយផ្សារខេមបូឌាត្រេដ បានធ្វើឱ្យផលិតផលរបស់លោកមានឱកាសផ្សព្វផ្សាយ ទៅកាន់អតិថិជនក្នុងស្រុក និងក្រៅស្រុកកាន់តែទូលំទូលាយ។​ 
 
តាមរយៈផ្សារពាណិជ្ជកម្មនេះ លោកមានឱកាសរៀនសូត្រពីវិធីពង្រឹងអាជីវកម្ម ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយអាជីវករផ្សេងៗទៀត ដែលបានចូលរួមជាមួយគ្នានេះ។ អ្វីដែលដែលជាកត្តាសំខាន់ដែលជំរុញការលក់របស់លោក នោះគឺជម្រើសទូទាត់ប្រាក់ និងសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួល ដែលបានរួមបញ្ចូលហើយជាស្រេចនៅផ្សារពាណិជ្ជកម្មនេះ ដែលអនុញ្ញាតឱ្យអតិថិជនក្នុងស្រុក និងក្រៅស្រុកអាចបញ្ជាទិញពីគ្រប់ទីតាំងរបស់ខ្លួន។     
 
ចំណែក ម្ទាស់សហគ្រាសមួយផ្សេងទៀត លោក ប៊ុនណា ជាអ្នកតំណាងក្រុមហ៊ុនម៉ាស៊ីនកិនស្រូវ តាំង អៀងហួត បានចែករំលែកថា បន្ទាប់ពីលោកទទួលបានព័ត៌មាន ក៏ដូចជាដឹងអំពីសក្តានុពលផ្សារខេមបូឌាត្រេដហើយ លោកជឿជាក់លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តជាតិ។ 
 


តាមរយៈការគាំទ្រក្នុងទម្រង់ផ្សេងៗរបស់ផ្សារខេមបូឌាត្រេដ ដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ទាំងផលិតផលរបស់លោកផ្ទាល់ និងផលិតផលខ្មែរផ្សេងៗទៀត បានបង្កើនឱកាសឱ្យអតិថិជនក្នុងស្រុកស្គាល់ និងទទួលបានការសួរនាំព័ត៌មាន ពីសំណាក់អតិថិជនក្រៅស្រុកថែមទៀតផង។ 
 
ម្ទាស់តំណាងសហគ្រាសអង្ករខ្មែរ ពីខេត្តបាត់ដំបងខាងលើនេះ បានបញ្ជក់ទៀតថា មិនយូរមិនឆាប់លោកនឹងទទួលបានការគាំទ្រ និងបញ្ជាទិញពីអតិថិជនអន្តរជាតិ ជាក់ជាមិនខានដោយកត្តារួមផ្សំ គុណភាព ផលិតផលដាំដុះ ដោយប្រើប្រាស់ជីធម្មជាតិ ពោរពេញដោយសារធាតុចិញ្ចឹម និងការផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់។
 
នេះជាការបញ្ជាក់ពីក្តីសោមនស្សរបស់សហគ្រាសធុនតូច​ និងមធ្យម ក្រោមការគាំទ្រ និងលើកស្ទួយពីរាជរដ្ឋាភិបាល។ ប្រសិនបើលោកអ្នក មានបំណងស្វែករកផលិតផលខ្មែរសុទ្ធ មានគុណភាពខ្ពស់ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម មកពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ពោរពេញដោយផលិតផលខ្មែររហូតដល់ ១៥០០ ប្រភេទនៅកន្លែងតែមួយ លោកអ្នកអាចស្វែងរកបាននៅផ្សារខេមបូឌាត្រេដ តាមរយៈតំណភ្ជាប់នេះ៖ cambodiatrade.com
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com