ជាតិ
ទូតកម្ពុជាប្រចាំជប៉ុន រៀបចំពិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរ
30, Oct 2023 , 6:19 pm        
រូបភាព
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក កាលពីថ្ងៃទី២៩ តុលា នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។



ស្ថានទូតកម្ពុជា រៀបចំកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ទាំងធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុន ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ដូចជាឱ្យយុវជនជំនាន់ក្រោយ យល់ច្បាស់ពីអត្ថន័យនៃការដាល់អំបុកនេះ។ ជាពិសេសយកឱកាសនេះ បង្កើតជាការជួបជុំគ្នាមួយ ដល់សហគមខ្មែរ ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហាររួមគ្នា ក្នុងគោលដៅបំផុសវប្បធម៌ចែករំលែក និងសាមគ្គីភាពឱ្យកាន់តែស្អិតល្មួត នៃមហាគ្រួសារខ្មែរក្នុងប្រទេសជប៉ុន។
 
«ប្រជាជនជប៉ុនក៏បានចូលរួមកម្មវិធីនេះ និងទទួលទានអាហារជាមួយបងប្អូនសហគមន៍ខ្មែរ និងបង្ហាញពីរបៀបធ្វើនំរបស់ជនជាតិជប៉ុនដល់អ្នកចូលរួម ដែលនេះជាការចែករំលែកវប្បធម៌នៃការរស់នៅដល់គ្នាទៅវិញទៅមក»។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសរសេរលើហ្វេសប៊ុកបែបនេះ។
 
ក្រៅពីកម្មវិធីខាងលើ ស្ថានទូតក៏គ្រោងរៀបចំកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ និងបំផុសស្មារតី ចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ឱ្យកាន់តែទូលំទូលាយ។ ស្ថានទូតតែងរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំ ជាមួយសហគមខ្មែរក្នុងប្រទេសជប៉ុន ៕
 

Tag:
 ច្រូតស្រូវ
  ដាល់អំបុក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com