ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្វែងរក និងទទួលបានផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់តាមរយៈ Cambodiatrade.com
30, Oct 2023 , 3:59 pm        
រូបភាព
លោកអ្នកនឹងទទួលបានបទពិសោធន៍ក្នុងការទិញទំនិញក្នុងស្រុក ដែលមានគុណភាពខ្ពស់ ជាផលិតផលកែច្នៃ និងផលិតចេញពីសហគ្រាសខ្មែរពិតប្រាកដ។ ផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងបង្អស់របស់កម្ពុជា ដែលមានគេហទំព័រផ្លូវការ cambodiatrade.com ត្រូវបានទទួលស្គាល់ថាជាផ្សារអនឡាញដែលទំនើប និងឈានមុខគេក្នុងប្រទេស ហើយបានផ្លាស់ប្តូររបៀបនៃការរស់នៅមួយផ្នែករបស់ប្រជាជនកម្ពុជាដោយអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញទំនិញក្នុងស្រុក ដែលជាស្នាដៃរបស់កូនខ្មែរផ្ទាល់តាមបែបឌីជីថល ជាលក្ខណៈអេឡិចត្រូនិកជាមួយជំហានងាយៗ និងឆាប់រហ័ស ខុសប្លែកពីការទិញទំនិញបែបប្រពៃណី។
 
ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និងជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលមួយនេះ គឺអាចឱ្យអតិថិជនចូលទៅប្រើប្រាស់ដោយឥតគិតថ្លៃជាមួយការរចនារូបភាព និងវេទិកាសាមញ្ញៗត្រជាក់ភ្នែក ងាយស្រួលឱ្យអតិថិជនក្នុងការស្វែងរកទីតាំង ឬមុខងារនៃផលិតផលដោយឡែកៗ ដូចជាផ្នែកស្វែងរកទំនិញ ផ្នែកទាក់ទងជាមួយម្ចាស់អាជីវកម្ម ផ្នែកទំនិញបញ្ចុះតម្លៃជាដើម ដែលងាយស្រួលឱ្យអតិថិជនទទួលបានការផ្តល់ជូនពិសេសៗជាច្រើន និងព័ត៌មានលម្អិតផ្សេងៗ។
 
តួយ៉ាង ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ បានផ្តួចផ្តើមគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្នាលសម្រាប់ដាក់លក់ផលិតផលក្នុងស្រុក ដែលប្រមូលផ្តុំមកពីស្ទើរតែគ្រប់តំបន់ក្នុងប្រទេសកម្ពុជាដ៏សម្បូរបែប និងទំនិញគ្រប់មុខខុសប្លែកគ្នាសម្រាប់រាល់គ្រប់តម្រូវការតាំងពីផលិតផលកសិកម្ម សិប្បកម្ម សម្ភារតម្បាញ ប្រភេទអាហារកែច្នៃ នំចំណីកញ្ចប់ ផ្លែឈើសម្ងួត ភេសជ្ជៈ សម្ភារផ្ទះបាយ គ្រឿងសង្ហារិម ថ្នាំសង្កូវ និងគ្រឿងអលង្ការជាដើម។
 
សម្រាប់អតិថិជន ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការទិញទំនិញនៅលើផ្សារខេមបូឌាត្រេដពីមុនសោះ ឬអតិថិជនថ្មីគ្រាន់តែ​ចុះឈ្មោះ បង្កើតគណនីជាមួយនឹងការបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានបច្ចុប្បន្ន។ 
 


កន្លងមកខាងក្រសួងពាណិជ្ជកម្ម និងស្ថាប័ន ដែលពាក់​ព័ន្ធបានកត់សម្គាល់ឃើញថា សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនមិនសូវជាមានការសាកល្បងក្នុងការធ្វើអាជីវកម្មបែបឌីជីថលនេះនៅឡើយទេ ពីព្រោះ បញ្ហា និងកត្តារាំងស្ទះមួយចំនួននៅតែកើតមានដូចជា កង្វះខាតចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មនិងបច្ចេកវិទ្យាឌីជីថលថ្មីៗ ក៏ដូចជាកត្តាប្រកួតប្រជែងពីខាងក្រៅ។ 
 
ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មត្រូវតែដើរឱ្យទាន់សម័យកាល ពីព្រោះនាពេលបច្ចុប្បន្នការផ្លាស់ប្តូរឆ្ពោះទៅរករបៀបធ្វើអាជីវកម្មបែបបច្ចេកវិទ្យាអនឡាញបានផ្តល់មកនូវការអភិវឌ្ឍមួយកម្រិតថែមទៀត ដល់ម្ចាស់អាជីវកម្ម ដូចជាការស្វែងយល់បន្ថែមពីគោលដៅអតិថិជន និងបង្កើនការលក់ចេញជាដើម។
 
ផ្សារខេមបូឌាត្រេដ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ប្រជាជនខ្មែរក្នុងការទទួលបានបទពិសោធន៍ទិញទំនិញខ្មែរ ដែលមានគុណភាពខ្ពស់នៅលើប្រព័ន្ធអេឡិចត្រូនិកជាមួយនឹងវិធីទូទាត់ប្រាក់ដ៏សម្បូរបែប ការជជែកទាក់ទងដោយផ្ទាល់រវាងអ្នកទិញ និងអ្នកលក់ និងអាចឱ្យអតិថិជនតាមដានកញ្ចប់ទំនិញរបស់ខ្លួន ក្នុងកំឡុងពេលដឹកជញ្ជូន។
 


គួរបញ្ជាក់ថា ផ្សារពាណិជ្ជកម្មរបស់កម្ពុជាដំបូងគេមួយនេះ ត្រូវបានបង្កើតឡើងសម្រាប់ជួយ និងពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការដាក់លក់ផលិតផលក្នុងស្រុកដ៏សម្បូរបែបទៅកាន់អតិថិជនក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការជួយឧបត្ថម្ភហិរញ្ញប្បទាន និងជំនួយខាងបច្ចេកទេសផ្សេងៗពីក្របខណ្ឌសមាហរណកម្ម EIF។
 
កន្លងមកផ្សារខេមបូឌាត្រេដតែងតែពាំនាំនូវសមិទ្ធផលល្អៗ ពីផលិតផលក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាការលើកកម្ពស់ទំនិញខ្មែរ ឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ដូចជា យុទ្ធនាការភូមិមួយផលិតផលមួយ ការដាក់តាំងបង្ហាញផលិតក្នុងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើនប្រទេសផងដែរ។  
 


ចំណែកផលិតផលក្នុងស្រុក ដែលបានដាក់លក់ទាំងអស់នោះ មិនត្រឹមតែជួយចូលរួមចំណែកដល់ការរីកចម្រើនខាងសេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែថែមទាំងបង្ហាញវប្បធម៌ដ៏ល្អផូរផង់នៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបរាជរដ្ឋាភិបាល តែងតែខិតខំផ្តល់ជាជំនួយក្នុងទម្រង់ផ្សេងៗរួមមាន ជំនួយបច្ចេកទេស វគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍផ្នែកផ្សេងៗនៃអាជីវកម្ម ជាដើម។ 
 
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម ចាប់ផ្តើមមានការរីកលូតលាស់ជាបន្តជាបន្ទាប់ ក្រោមជំនួយឧបត្ថម្ភទាំងអស់នេះ និងនៅតែបន្តពង្រឹង និងពង្រីកសក្តានុពលផលិតផលខ្មែរ ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត មិនថាទីផ្សារក្នុងស្រុក និងក្រៅស្រុកនោះទេ ជាមួយការសហការ និងការគាំទ្រពីផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com