កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ចាត់ទុកបរាជ័យជំនួប Derby ជាការខកចិត្តបំផុតក្នុងផែនការដឹកនាំ Man Utd
30, Oct 2023 , 4:29 pm        
រូបភាព
Erik ten Hag អ្នកចាត់ការទូទៅ Manchester United ចាត់ទុកបរាជ័យក្រោមថ្វីជើងម្ចាស់ការពារតំណែងជើងឯក Manchester City ៣-០ នៅជំនួប Manchester Derby ជាការខកចិត្តបំផុតក្នុងផែនការដឹកនាំរបស់ខ្លួន។

 
ចាញ់ការប្រកួត ៣-០ទល់ Man City នៅ Old Trafford នាថ្ងៃទី២៩ ខែតុលា បានធ្វើឱ្យក្រុមដែលលោក Ten Hag ដឹកនាំកំពុងតែស្ថិតក្នុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន។ ១០ប្រកួតនៅ Premier League ក្រុមរហស្សនាមបិសាចក្រហមយកឈ្នះ ៥លើក និង ចាញ់៥ លើក មាន១៥ពិន្ទុ ឈរចំណាត់ថ្នាក់ទី៨ ដោយតាមពីក្រោយ Man City ៩ពិន្ទុ និងក្រុមកំពូលតារាង Tottenham Hotspur ១១ពិន្ទុ។ 
 
ស្ថិតក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិហូឡង់ត្រូវបានអ្នកកាសែតសួរនាំអំពីបញ្ហានៃការប្រកួត ហើយបុរសវ័យ ៥៣ឆ្នាំ បានអះអាងថាលោកខកចិត្តខ្លាំងបំផុត។
 
«ពិតណាស់វាគឺជារឿងខកចិត្តខ្លាំងបំផុត។ នៅពេលដែលអ្នកចាញ់ការប្រកួតជំនួបទីក្រុងតែមួយ យើងគឺខកចិត្តខ្លាំង យើងធ្វើបានល្អសម្រាប់គម្រោងនៃការលេងរបស់យើងនៅវគ្គទីមួយ ហើយវាកំពុងតែដំណើរការល្អ ប៉ុន្តែនៅពេលដែលមានការផ្តល់បាល់ពិន័យ ១១ម៉ែត្រកើតឡើង វាបានផ្លាស់ប្តូរគ្រប់យ៉ាង។
 
ជំនួបរវាងក្រុមទាំងពីរ ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបាល់ពិន័យ ១១ម៉ែត្រតាំងតែពីនាទី២៩ ក្នុងវគ្គទីមួយមុនពេលរូបគេបន្តស៊ុតគ្រាប់បាល់ទីពីរនៅនាទី៤៩ ដើមវគ្គទីពីរ ហើយមិត្តរួមក្រុមរបស់គេ Phil Foden ជាអ្នកសម្រេចគ្រាប់ទីបី នៅនាទី៨០។ 
 
Man Utd វិលត្រឡប់ទៅកាន់បញ្ហាសារជាថ្មី ក្រោយពីពួកគេបានអបអរការឈ្នះលើក្រុម Copenhagen ១-០ នៅក្នុងជំនួបពានរង្វាន់ UEFA Champions League រួចកាលពីដើមសប្តាហ៍មុន។ នេះជាលើកទី៣ សម្រាប់បិសាចក្រហមដែលត្រូវបានក្រុម Man City បំបាក់នៅក្នុងលទ្ធផលដែលមានគ្រាប់បាល់ ៣គ្រាប់ ឬលើសពីនេះនៅក្នុងជំនួប Premier league ស្ថិតក្នុងទឹកដី Old Trafford។
 
សម្រាប់ការប្រកួតនៅសប្តាហ៍ក្រោយ Man Utd នឹងត្រូវជួបក្រុមជើងខ្លាំង Newcastle United នៅក្នុងជុំទី៤ នៃពានរង្វាន់ EFL Cup ហើយដែលការជួបគ្នានេះក៏ជាការសងសឹងកាលពីរដូវកាលមុនដែលក្រុមទាំងពីរបានជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ កាលនោះ Man Utd ឈ្នះ Newcastle United លទ្ធផល ២-០ ដើម្បីគ្រងជើងឯក EFL Cup៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com