ជាតិ
សេដ្ឋកិច្ច
យុវជន៤ក្រុម ទទួលបានជ័យលាភី ពីការប្រកួតគំរូធុរកិច្ចថ្មីលើប្រព័ន្ធឌីជីថល
30, Oct 2023 , 8:38 pm        
រូបភាព
យុវជនចំនួន៤ក្រុម ទទួលបានជ័យលាភី ពីការប្រកួតគំរូអាជីវកម្មថ្មីបែបឌីជីថល(Digital Startup)ពីកម្មវិធីបណ្តុះធុរកិច្ចថ្មី លើកទី៤ ឆ្នាំ២០២៣។ ក្រុមនីមួយៗ ទទួលបានថវិកា១ម៉ឺនដុល្លារ ពីមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC)  ដើម្បីបង្កើត និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។



បណ្តុះធុរកិច្ចថ្មី (Bandos Digital Startup) ជាកម្មវិធីប្រកួតប្រជែងមួយ ដែលNICC រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ព្រមទាំងផ្តោតលើអ្នកដែលមានទេពកោសល្យចូលរួមបង្កើតដោះស្រាយលើបញ្ហានានាតាមបែបឌីជីថល ជាមួយភាពច្នៃប្រឌិតដើម្បីឈានទៅរកការបង្កើតធុរកិច្ចថ្មី។ បើតាមលោក ស៊ុ្រន សុវិឡា នាយក NICC លទ្ធផលនៃការប្រកួតប្រជែងក្នុងកម្មវិធីនេះ មានគំរូអាជីវកម្មថ្មីរបស់យុវជន៤ក្រុម ទទួលបានជ័យលាភី ក្នុងចំណោមអាជីវកម្មថ្មីសរុប២០ក្រុម។

យុវជនទាំង៤ក្រុម ដែលទទួលបានជ័យភាគីពីកម្មវិធីបណ្តុះធុរកិច្ចថ្មីលើកទី៤ នោះមានក្រុម KECHKA,   ក្រុមFLEXFLOC, ក្រុមFEMINA និងក្រុម KAKVEI ត្រូវបានប្រកាសឡើង កាលពីថ្ងៃទី២៦តុលា ឆ្នាំ២២៣។ លោក ស៊ុ្រន សុវិឡា បានបញ្ជាក់ថា គំរូអាជីវកម្មថ្មីរបស់យុវជនទាំងនោះ ផ្តោតសំខាន់លើការលើផ្តល់សេវាកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ឆ្លើយនឹងតម្រូវការទីផ្សារជាក់ស្តែង នៅក្នុងវិស័យកសិកម្ម វិស័យសេវាកម្ម វិស័យសុខភាព វិស័យសហគ្រាសធុនតូចនិងមធ្យម(SMEs) និងវិស័យអប់រំ។

លោកបន្តនិយាយដូច្នេះ៖ « ក្រុមនីមួយៗទទួលបានថវិកា១ម៉ឺនដុល្លារ ពីកម្មវិធីយើង ដើម្បីបន្តដំណើរការក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេល១ឆ្នាំ ជាមួយNICC ក្នុងការបង្កើត និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ»។

ជាមួយគ្នានេះ កញ្ញា ហួង លីហៀង ប្រធានក្រុមនៃគំរូអាជីវកម្មថ្មី FEMINA  បានលើកឡើងថា ប្រាក់រង្វាន់១ម៉ឺនដុល្លារដែលទទួលបានពីNICC មានមួយចំណែកធំយកទៅអភិវឌ្ឍកម្មវិធីលើទូរសព្ទដៃ(អេប-App)ឱ្យដំណើរការដោយរលូន ដើម្បីដោះស្រាយបញ្ហាមួយចំនួនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។  គំរូ អាជីវកម្មរបស់ក្រុមធុរកិច្ចថ្មី FEMINA   គឺជាការបង្កើតកម្មវិធីមួយលើទូរសព្ទដៃ ដែលភ្ជាប់ទំនាក់ទងគ្នារវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ លើសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់នៅផ្ទះ ជួសជុលប្រព័ន្ធទឹក-ភ្លើង និងសេវាកម្មអ្នកអនាម័យ ជាដើម។

«ពួកខ្ញុំ នឹងបង្កើតផលិតផល[App]ឱ្យបានហើយបញ្ចេញទៅលើទីផ្សារ នៅក្នុងឆ្នាំ២០២៤»។ នេះជាការលើកឡើងរបស់ លីហៀង ដោយបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ៖ «បន្ទាប់ពីដាក់ឱ្យដំណើរការកម្មវិធីរបស់យើងលើទីផ្សារ, សម្រាប់ឆ្នាំដំបូង យើងរំពឹង មានអ្នកទាញយកកម្មវិធី(Users) យើងប្រើប្រាស់ចំនួន៥០០នាក់ ដែលជាអ្នកស្ថិតនៅក្នុងអាជីវកម្មធុនតូច និងមធ្យម»។

កម្មវិធីបណ្តុះធុរកិច្ចថ្មីរបស់NICC ទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ដើម្បីជួយយុវជនកម្ពុជាឱ្យក្លាយជាសហគ្រិន តាមរយៈការជំរុញនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ បើតាមលោក សុវិឡា គិតចាប់ពីតាំងជំនាន់ទី១ដល់ទី៤(ពីឆ្នាំ២០២០-២០២៣) មានគម្រូអាជីវកម្មថ្មីរបស់យុវជនចំនួន២៣ក្រុមដែលទទួលបានថវិកាពីNICC ដើម្បីបង្កើត ឬអភិវឌ្ឍគម្រូធុរកិច្ចខ្លួនឱ្យចេញជារូបរាងនៅលើទីផ្សារកម្ពុជា។ គំនិតអាជីវកម្មរបស់ទាំងនោះ មានភាគច្រើនទាក់ទិននឹងឌីជីថល៕

© រក្សាសិទ្ធិដោយ thmeythmey.com